ល្អជាងឆ្នាំមុន! អត្រាអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៏ អំឡុងពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ មានការធ្លាក់ចុះជាងឆ្នាំមុន

នាយកដ្ឋាននគរបាលចរាចរកាលពីម្សិលមិញបាននិយាយថាយ៉ាងហោចណាស់មានមនុស្ស ២៩ នាក់បានស្លាប់និង ៦៥ នាក់ទៀតបានរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៏ក្នុងអំឡុងពេលសម្រាកចូលឆ្នាំចិន ៣ថ្ងៃកន្លងមកនេះ។ នៅក្នុងរបាយការណ៏មួយប៉ូលីសចរាចរណ៏បាននិយាយថាចាប់ពីថ្ងៃចន្ទដល់ថ្ងៃពុធការបើកបរហួសល្បឿនកំណត់ ការបើកបរដោយស្រវឺង និងការបើកបរដោយខ្វះការប្រុងប្រយ័ត្នបានធ្វើអោយមានគ្រោះថ្នាក់កើតឡើងចំនួន ៥២ករណី។

វាបានកត់សម្គាល់ឃើញថាមានការថយចុះនៃចំនួនអ្នកស្លាប់និងរងរបួសបើប្រៀបធៀបទៅនឹងរយះពេលដូចគ្នាកាលពីឆ្នាំមុននៅពេលដែលមានមនុស្ស ៣៧នាក់ស្លាប់និង ៧៤នាក់បានរងរបួសនៅក្នុងគ្រោះថ្នាក់ចំនួន ៥៤ករណី។ លោក ឧត្តមសេនីយ៍ឯក រ៉ុនរ័ត្ន វាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរបានថ្លែងកាលពីម្សិលមិញថាទិន្នន័យនេះគឺជាសញ្ញាវិជ្ជមានដែលប្រជាពលរដ្ឋគោរពតាមច្បាប់ចរាចរណ៏ច្រើនជាងពេលមុនៗ។

លោក រ័ត្ន វាសនា បានមានប្រសាសន៏ថា “អ្វីដែលសំខាន់នោះគឺការចូលរួមគ្នាដើម្បីគោរពច្បាប់ ជាពិសេសក្នុងករណីការបើកបរពេលស្រវឹង”។ ដែលសូម្បីតែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសរសេរនៅលើហ្វេសប៊ុកដោយរំលឹកដល់អ្នកធ្វើដំណើរទាំងអស់គោរពច្បាប់ចរាចរណ៏ និងជៀសវាងគ្រោះថ្នាក់ក្នុងអំឡុងពេលសម្រាកចូលឆ្នាំចិន “ប្រជាជនសូមគោរពច្បាប់ចរាចរ ហើយយល់គ្នាទៅវិញទៅមក កុំវ៉ាឫជែងគ្នានៅលើស្ពាន ឫផ្លូវតូចចង្អៀត”។

កាលពីខែមុនរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានព្រមានថាចំនួនអ្នកស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៏អាចកើនឡើងទ្វេដងនៅឆ្នាំនេះប្រសិនបើវិធានការបង្ការមិនត្រូវបានយកមកប្រើ។ យោងតាមមន្រ្តីប៉ូលីសបានអោយដឹងថាកាលពីឆ្នាំមុនគ្រោះថ្នាក់ចរាចរសរុបមានចំនួន ៣២៦៧ ករណីបានកើតឡើងទូទាំងប្រទេសដែលបានសម្លាប់មនុស្សចំនួន ១៧៦១ នាក់និងមានមនុស្សរងរបួស ៤៧៧០ នាក់៕

ប្រែសម្រួលដោយ៖ RathDy
ប្រភព ៖ khmertimeskh

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ