ដូចជាសប្បាយណាស់! អ្នកស្រុក​មេមត់ ប្រារព្ធ​ពិធី​ចាប់​ត្រី ដោយ​ប្រើ​ឧ​បរ​ណ៍​បុរាណ រួមគ្នា​ក្នុង​បឹង​ក្រម

​ត្បូងឃ្មុំ ៖ អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បាន​ឲ្យ​ដឹងថា អ្នកស្រុក​មេមត់​ប្រារព្ធ​ពិធី​ចាប់​ត្រី​ដោយ​ប្រើ​ឧ​បរ​ណ៍​បុរាណ​រួម​ក្នុង​បឹង​ក្រម ជា​ទំនៀមទម្លាប់​តាំងពី​ដូនតា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អភិបាលខេត្ត​ត្បូ​ឃ្មុំ​។​

តំបន់​បឹង​ក្រម ជា​តំបន់​មួយ​ដែល​សម្បូរ​ទៅដោយ​ដើម​កន្សែង ព្រៃរបោះ និង​ស្មៅ​ស្គៀ​ជាច្រើន (​ទំហំ​ជាង ២០ ហិតា​) នៅ​រដូវវស្សា​មានទឹក​ឡើង​គ្របដណ្តប់​លើ​ព្រៃ​នោះ​ទាំងអស់ ធ្វើ​ឲ្យ​ពូជ​ត្រី​មួយចំនួន​ឡើងមក​ស​ង្ងំ​ពង​ក្នុង​រដូវ​ត្រី​ពង​នៅ​តំបន់​នេះ នៅពេល​រដូវ​ទឹក​ស្រក​វិញ ត្រី​អស់ទាំងនោះ​ធ្លាក់​ទៅក្នុង​បឹង​ក្រម​នោះ ។ អ្នកស្រុក​នៅ​ឃុំ​ជាំ​ក្រវៀន បាន​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន រហូតមកដល់​បច្ចុប្បន្ន ក៏​ក្លាយជា​ទំនៀមទម្លាប់​ប្រពៃណី​មួយ ក្នុងចំណោម​ប្រពៃណី​ជាច្រើន​ទៀត ដែល​ប្រតិបត្តិ​ដោយ​អ្នកស្រុក ។​

​ជាក់ស្ដែង​នា​ថ្ងៃអាទិត្យ ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ ប្រជាជន​ក្នុងភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​នេះ បាន​រៀប​ពិធី​ចាប់​ត្រី​រួមគ្នា ក្នុង​បឹង​ក្រម ដូច​រាល់​ឆ្នាំ ។ ពិធី​នេះ​ធ្វើឡើង​នៅ​បឹង​មួយ ដែល​អ្នកភូមិ​តែងតែ​អភិរក្ស​ទុក​មិន​អនុញ្ញាតឱ្យ​នេសាទ​ផ្តេសផ្តាស​ចាប់ពី​ខែមិថុនា ដើម្បី​រក្សា​ត្រី​ទុក​សម្រាប់​ប្រារព្ធ​ពិធី​ចាប់​ត្រី ដោយ​ប្រើ​ឧបករណ៍​បុរាណ​ប្រចាំឆ្នាំ ។ មេឃុំ​ជាំ​ក្រវៀន លោក អ៊ួ​ច យឿន បានឱ្យដឹងថា ពិធី​រកត្រី​នេះ​ធ្វើឡើង​មួយឆ្នាំ​ម្តង បន្ទាប់ពី​ឯកភាព​ពី​ចាស់ព្រឹទ្ធាចារ្យ ក្នុងភូមិ និង​បានប្រកាស​កំណត់​ថ្ងៃ​រកត្រី ដើម្បី​យក​ត្រី​ទៅធ្វើជា​ម្ហូ​ម និង​ធ្វើ​អាហារ​សម្រាប់​ញាំ​រៀងៗ​ខ្លួន ។​

​លោក បាន​បន្តថា នៅក្នុង​ផ្ទៃ​បឹង​ទាំងមូល​ប្រហែលជា ១០០ ម៉ែត្រ​បួន​ជ្រុង គឺ​មិនមាន​អនុញ្ញាត​ឲ្យ​នេសាទ​ឡើយ ប៉ុន្តែ​ប្រជាជន​អាច​នេសាទ បាន​នៅ​បរិវេណ​ខាងក្រៅ​បឹង​នោះ យកទៅ​ធ្វើ​ម្ហូប​ហូប​ជា​លក្ខណៈ​គ្រួសារ​បែប​បុរាណ​ដូចជា ម៉​ង ទ្រូ លប សំណាញ់ ឈ្នាង អង្រុត ។​ល​។ រីឯ​ឧបករណ៍​អេ​ឡិ​ក​ត្រូ​និ​ច​ដូចជា ឆក់ បោក​គ្រាប់ ថ្នាំ​បំពុល -​ល​- មិន​អនុញ្ញាត​ឡើយ បើ​នៅ​បំពាន​ត្រូវ​ចាត់​ខ្លួន​ដោះស្រាយ​តាមច្បាប់ ។ ចំណែក​ពេលវេលា​មិនអាច កំណត់​យក​ថ្ងៃ​ណាមួយ​ជាក់​លាស់​បានទេ ដោយ​អាស្រ័យ​លើទឹក​បឹង (​ក្នុង​ខែកុម្ភៈ ឬ​ដើម​មីនា​) តែបើ​សិន​ទឹក​បឹង​នៅ​ច្រើន ក៏​ពន្យារពេល​រង់ចាំ​ទឹក​បឹង​រីង ដើម្បី​អាច​ចាប់​ត្រី​បាន​ច្រើន តែ​ឆ្នាំនេះ​ទឹក​សមល្មម អាចឱ្យ​ប្រជាជន​នេសាទ​ត្រី​បាន និង​ចំពេល​វេលា​ល្មម ។ អ្នកភូមិ​ដែល​មក​នេសាទ​ទាំងអស់នោះ មិន​ផ្តោត​តែ​លើ​រកត្រី​មួយ​មុខ​នោះដែរ គឺ​មកជួបជុំ​សប្បាយរីករាយ និង​មាន​សាមគ្គីភាព​កាន់តែ​ស្និទ្ធស្នាល រវាង​ប្រជាជន​នៅក្នុង​ភូមិ​ថែម​ទៀតផង ។​

​ប្រជាពលរដ្ឋ​អ្នកភូមិ​នៅ​ទីនោះ បានឱ្យដឹងថា ការ​មក​នេសាទ​ត្រី​នេះ នៅពេលដែល​រកបាន​មួយចំនួន យកទៅ​ធ្វើ​ម្ហូ​ម និង​មួយទៀត​ធ្វើជា​គ​រឿង​ក្លែម ហូប​ជុំគ្នា​នៅ​កន្លែង​បឹង​ក្រម​នេះ​តែម្តង ។ តាម​សម្តី​របស់​ពលរដ្ឋ​បានបញ្ជាក់​បន្ថែមថា ការរក​ត្រី​នៅ​បឹង​ក្រម​នេះ​មាន​ជា​យូរ​មកហើយ ចាស់ៗ​ក្នុងភូមិ​បានធ្វើ​ត​គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ហើយ​ពិធី​នេះ​នៅ​គង់វង្ស​ដោយសារតែ​អ្នកភូមិ​បន្ត​ប្រតិបត្តិ​រហូតមកដល់​ស​ព្វ​ថ្ងៃ នឹង​បន្តទៅ​ជំនាន់​ក្រោយៗ​ទៀត ។​

​សូមបញ្ជាក់ថា លោក​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ដឹកនាំ​មន្ត្រីរាជការ​ក្រោម​លំដាប់ថ្នាក់​មក​ចូលរួម​កម្មវិធី​ចាប់​ត្រី​នេះ​ផងដែរ នាឱកាស​នោះគេ​បានឃើញ​លោក​អភិបាលខេត្ត ចុះទៅ​ចាប់​ត្រី ដោយមាន​អ​ង្រុ​កមួយ នៅក្នុង​ដៃ ដោយ​ផ្ទាល់ដៃ​ទៀតផង ។ បន្ទាប់ពី​ចាប់​ត្រី​រួច លោក​អភិបាល និង​លោកស្រី បាន​រាំលេង​កម្សាន្ត​យ៉ាង​សប្បាយរីករាយ ជាមួយ​ប្រជាពលរដ្ឋ​ធ្វើឱ្យ​បរិយាកាស ក្នុង​កម្មវិធី​នេះ កាន់តែ​អធិក​អ​ធ័​ម​ថែមទៀត ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ