• តើព្រះរាមស្តេចថៃ Ubol ratana អាច​ប្រកួតប្រជែង​ជាមួយលោក ប្រាយុទ្ធ ចាន់អូចា ក្នុងការបោះឆ្នោត​សកលបានឬទេ?

    (បាងកក)៖ ព្រះនាង​ម្ចាស់ អ៊ុបុលរតនា រ៉ាចាកាន់យ៉ា (Ubolratana Rajakanya) ជាព្រះរាមរបស់​ព្រះមហាក្សត្រថៃព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន (Vajiralongkorn) ត្រូវបានតែងតាំង​ជាបេក្ខជននាយករដ្ឋមន្ត្រី​របស់គណបក្សមួយ ដែលមាន​សម្ព័ន្ធភាព​ជាមួយអតីតនាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra)។ ព្រះនាងម្ចាស់​ក៏ត្រូវបានគេចាត់​ទុកផងដែរថា ជាគូប្រជែង​ដ៏សំខាន់របស់នាយករដ្ឋមន្ត្រីថៃ​បច្ចុប្បន្នគឺលោក ប្រាយុទ្ធ ចាន់អូចា នៅក្នុងការបោះឆ្នោត​សកលដែលនឹងត្រូវធ្វើ​ឡើង​នៅថ្ងៃទី២៤ ខែមីនា ខាង​មុខនេះ។

    ប្រធាន​គណបក្ស ថៃរក្សាជាតិ (Thai Raksa Chart) លោក ព្រីឆាផល ផុងផានីត (Preechaphol Pongpanit) បានប្រកាស​នៅថ្ងៃសុក្រនេះ​ថា ព្រះនាងម្ចាស់ រ៉ាចាកាន់យ៉ា នឹងឈរជាឈ្មោះ​បេក្ខជននាយករដ្ឋ​មន្ត្រី ខណៈអ្នកជំនាញ​ខ្លះយល់ថា បេក្ខជនមកពី​គណបក្សដទៃ​ក្នុងនោះរួមមាន​ទាំងលោក ប្រាយុទ្ធ នឹងមានការពិបាក​ក្នុងការប្រជែង​ជាមួយព្រះនាងម្ចាស់​អង្គនេះ ពីព្រោះប្រជាជនថៃ​តែងមានជំនឿយ៉ាងមុតមាំ ​ទៅលើរាជវង្ស។ ប៉ុន្តែអ្វីដែល​គួរឱ្យកត់សម្គាល់​គឺ Thai Raksa Chart ជាគណបក្ស​មួយ​ដែលត្រូវបានគេមើល​ឃើញថា កំពុងដើរតាមគន្លង​នយោបាយ​របស់លោក Thaksin។

    * តើស្រមោលរបស់លោក Thaksin កំពុងគ្របដណ្តប់លើការបោះឆ្នោតថៃ?

    ជាអតីតមហាសេដ្ឋី​ទូរគមនាគមន៍ថៃម្នាក់ ដែលបានចូលរួមក្នុងឆាក​នយោបាយកាល​ពីឆ្នាំ១៩៩០ លោក Thaksin បានទទួល​ការគំាទ្រយ៉ាងខ្លាំង​ប្រជាកសិករថៃ។ លោកបាន​រត់ភៀសខ្លួនទៅរស់នៅ​បរទេស ដើម្បីគេចពី​ការកាត់ទោសរបស់តុលាការ​ ដែលបានចោទប្រកាន់​លោកពីបទរំលោភអំណាច បើទោះជា​លោកបដិសេធ​ក៏ដោយ។ ប៉ុន្តែតាមរយៈ​ការចូលរួមប្រកួត​ប្រជែងរបស់​គណបក្ស Thai Raksa Chart បានបង្កជា​ការសង្ស័យជាច្រើនថា លោក Thaksin នឹងត្រឡប់មក​កាន់ប្រទេសថៃវិញ នៅក្នុងករណី​ព្រះនាងម្ចាស់ អ៊ុបុលរតនា រ៉ាចាកាន់យ៉ា ជាប់ឆ្នោត​ជានាយករដ្ឋមន្ត្រី​ថៃ។

    * តើព្រះនាងម្ចាស់ អ៊ុបុលរតនា រ៉ាចាកាន់យ៉ា ជានរណា?

    ព្រះនាងម្ចាស់ Ubolratana Rajakanya មានព្រះជន្ម ៦៧វស្សា គឺជាបុត្រីច្បង​នៃ​អតីតព្រះមហាក្សត្រ​ថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) និងម្ចាស់​ក្សត្រី សិរីគិត (Sirikit) ព្រមទាំងជា​ព្រះរាមរបស់ព្រះមាហាក្សត្រថៃ​បច្ចុប្បន្ន ព្រះបាទ មហា វ៉ាច្ចរ៉ាឡុង។ ព្រះនាងបាន​​បោះបង់ចោលតួនាទី​​ជារាជ្យវង្ស​របស់ខ្លួន កាលពីឆ្នាំ១៩៧២ ដើម្បីទៅរៀបកា​រជាមួយជនជាតិអាមេរិក ម្នាក់​ ឈ្មោះ ភីធើ ឡេដ ហ្សិនសិន (Peter Ladd Jensen)។ ប៉ុន្តែបន្ទាប់ពី​បានលែងលះជាមួយប្ដី នៅចុងឆ្នាំ១៩៩០ ព្រះនាងបានត្រឡប់មកកាន់​ប្រទេសថៃ និងទទួលការតែងតាំង​ជា​សែរាជវង្សវិញ។

    បន្ថែមពីលើនេះ ព្រះម្ចាស់មានកិត្តិនាមល្បីល្បាញជាងព្រះអនុជ​របស់ព្រះនាង នៅលើបណ្ដាញ​ទំនាក់ទំនងសង្គម និងធ្លាប់បង្ហាញ​ខ្លួននៅក្នុងខ្សែ​ភាពយន្ដថៃ និងទូរទស្សន៍​រហូតដល់ Instagram ដែលមានអ្នកតាម​ដានជាង១០០,០០០នាក់។ ប្រការនេះ​បានបង្ហាញថា ប្រជាជនថៃ​ជាច្រើន​មានទស្សនវិជ្ជមាន ចំពោះ​ព្រះរាមរបស់​ស្តេចថៃអង្គនេះ ប៉ុន្តែសម្រាប់​ការប្រឡូកឆាក​នយោបាយបែបនេះគឺ​គ្រប់​គ្នា​មិនទាន់អាច​ស្មានដឹងពី​ជោគវាសនា​បានឡើយ។

    គួរបញ្ជាក់ថា ការបោះឆ្នោត​សកលថៃ​នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ ហើយនាយករដ្ឋមន្ត្រី​ថៃបច្ចុប្បន្ន លោក បា្រយុទ្ធ ចាន់អូចា ដែលស្មោះស្ម័គ្រ​បំផុតនឹង​រាជវង្ស ក៏បានប្រកាស​ចូលរួមក្នុងការប្រកួតប្រជែងនេះដែរ ប៉ុន្តែគឺស្ថិតនៅចំ​ពេលដែល​លោក កំពុង​ប្រឈមមុខ​បញ្ហាផ្សែងពុល​ក្នុងទីក្រុងបាងកក ដែលមិនទាន់​ត្រូវបានរកដំណោះ​ស្រាយ​នៅ​ឡើយទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ