• ក្រសួងអប់រំ បញ្ជាក់ថាបុណ្យនៃក្តីស្រឡាញ់ (Valentine’s Day) មិនមែនជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ទេ! សូមប្អូនៗកុំច្រឡំ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំថ្មី ដោយដាក់ចេញនូវវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវាបុណ្យនៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

    ការដាក់ចេញសេចក្តីណែនាំនេះធ្វើឡើង បន្ទាប់ក្រសួងអប់រំ យុវជន និងកីឡាបានសង្កេតឃើញថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែកុម្ភៈ ដែលជាទិវាបុណ្យនៃក្តីស្រឡាញ់ (Valentine’s Day) ជាឱកាសមួយធ្វើឱ្យសិស្សានុសិស្សមួយចំនួនយល់ច្រឡំថា បុណ្យនេះជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។

    ក្រសួងបញ្ជាក់ថា ទិវានេះពុំមែនជាពិធីបុណ្យប្រពៃណ៌របស់ជនជាតិខ្មែរយើងទេ ហើយនៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទិវាបុណ្យនៃក្តីស្រឡាញ់កាន់តែមានឥទ្ធិពលធំឡើងៗ ធ្វើឱ្យយុវវ័យ ភ្លេចការសិក្សាបាត់បង់សេចក្តីថ្លៃថ្នូររបស់ខ្លួន
    និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណ៌ជាតិដ៏ផូរផង់របស់ខ្មែរទៀតផង។

    ដើម្បីពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង សម្រាប់គ្រឹះស្ថានសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡាសូមធ្វើការណែនាំស្តីពី វិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវាបុណ្យនៃក្តីស្រឡាញ់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដូចតទៅ៖

    ១៖ ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្ស តាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឱ្យមានការយល់ខុស អំពីអត្ថន័យនៃទិវាបុណ្យនៃក្តីស្រឡាញ់។

    ២៖ ត្រូវពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង របស់គ្រឹះស្ថានសិក្សាសាធារណៈឱ្យបានម៉ឺងម៉ាត់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ និងវិន័យ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ។

    ៣៖ ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ត»។

    ៤៖ ត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស សហគមន៍ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការគ្នាអប់រំណែនាំកែលម្ផសិស្សានុសិស្ស បានទាន់ពេលវេលា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ