• “ត្រីខ្លា​” មួយក្បាលមាន​កន្ទុយ​ពីរ ដែលនេសាទ​ខ្មែរម្នាក់ ​ចាប់​បាន​កាលពី​សប្ដាហ៍​មុន ត្រូវបានលក់ឲ្យ​បុរស​ម្នាក់​ក្នុង​តម្លៃ​១០០​ដុល្លារ​

    “ត្រីខ្លា​” ដ៏​កម្រ​ និង​ប្រឈម​ផុត​ពូជ​ត្រូវ​បាន​ប្រជា​នេសាទ​ម្នាក់​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ចាប់​បាន​កាលពី​សប្ដាហ៍​មុន និង​បាន​លក់​បន្ត​ឱ្យ​បុរស​ម្នាក់​ក្នុង​តម្លៃ​១០០​ដុល្លារ​។ វា​ជា​តម្លៃ​ដ៏​ខ្ពស់​បើ​ប្រៀបធៀប​នឹង​ត្រី​ធម្មតា​ ខណៈ​ត្រី​​នេះ​មាន​ទម្ងន់​​ត្រឹម​ ២ ខាំ ទៅ​ ៣ខាំ​ ប៉ុណ្ណោះ។​ នេះ​បើ​តាម ​​លោក អ៊ូប កុសល ម្ចាស់​ទំព័រ Facebook ត្រី​ធម្មជាតិ​ខេត្ត​ស្ទឹង​ត្រែង។

    លោក​​ កុសល បាន​ឃើញ​ផ្ទាល់​ភ្នែក​​ និង​ផ្តិត​រូប​ទុក ពី​បុរស​ម្នាក់​រស់​នៅ​ក្បែរ​ផ្ទះ​គ្នា​ហៅ​ឱ្យ​ទៅ​មើល​ និង​ប្រាប់​ថា ទិញ​បន្ត​ពី​ប្រជា​នេសាទ​​ ក្នុង​តម្លៃ​ ១០០​ដុល្លារ ដោយ​គិត​ថា នាំ​​លាភ នាំ​សំណាង​ឱ្យ​គាត់ ព្រោះ​ត្រី​ខ្លា​មាន​កន្ទុយ​ពីរ។ ​លោក​ថា កន្លងមក​បុរស​ខាង​លើ​ក៏​​បាន​ទិញ​ត្រី​ខ្លា​នេះ​ដែរ​​ តែ​មាន​ស្នាម​អុជ​ៗ និង​លក់​បាន​ក្នុង​តម្លៃ​ ៥០០​ដុល្លារ ហើយ​តាម​ប៉ាន់​ស្មាន​ត្រី​ដែល​ទើប​ទិញ​បាន​នេះ បើ​ត្រូវ​លក់​ក៏​អាច​មិន​ក្រោម​ ៥០០​ដុល្លារ​ដែរ។ “​អញ្ចឹង​ខ្ញុំ​អត់​បាន​ទិញ​ទេ​បង ពូ​ម្នាក់​ក្បែរ​ផ្ទះ​ខ្ញុំ ​គាត់​ទិញ​ពី​អ្នក​នេសាទ​​ ហើយ​ហៅ​ទៅ​មើល​ ហើយ​ត្រី​នេះ​ក៏​មិន​ទាន់​លក់​ដែរ ដោយ​គិត​ថា​ នាំ​លាភ​សំណាង​ដល់​គាត់។ ចំពោះ​ខ្ញុំ​ជា​លើក​ទី១​ហើយ​បាន​ឃើញ​ត្រី​នេះ”។

    ​​

    “ត្រីខ្លា​” បាន​ស្ថិត​ក្នុង​​​បញ្ជី​​ត្រី​កម្រ​ជាង ៣០​​ប្រភេទ​ទៀត​ ប្រឈម​ផុត​ពូជ​ និង​ត្រូវ​បាន​រដ្ឋបាល​ជល​ផល​ហាម​នេសាទ ​។ នេះ​បើតាម​ប្រសាសន៍​ លោក ទុំ នីរ៉ូ នាយ​ខណ្ឌរដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្ត​ស្ទឹងត្រែង​​។

    លោក​បាន​ឱ្យ​ដឹង​ថា ខណ្ឌ​រដ្ឋបាល​ជល​​ផល​ខេត្ត តែ​ង​​ផ្សព្វផ្សាយ​ដល់​ប្រជា​នេសាទ​មិន​​ឱ្យ​នេសាទ​ប្រភេទ​ត្រី​កម្រ​ទាំង​នេះ ប៉ុន្តែ​ការ​យល់​ដឹង​​ហាក់​នៅ​មាន​កម្រិត​នៅ​ ហើយ​អ្វី​ដែល​កាន់​តែ​លំបាក​នោះ ​​កាន់តែ​ហាម​​ប្រជាពលរដ្ឋ​មួយ​ចំនួន​កាន់​តែ​ប្រឹង​នេសាទ​ ដោយ​គិត​ថា មាន​តម្លៃ​ថ្លៃ​។ “អញ្ចឹង​ខ្ញុំ​ឧទាហរណ៍​ត្រី​ត្រសក់​ យើង​ហាម​ គាត់​កាន់តែ​នាំ​គ្នា​នេសាទ​​ អា​ហ្នឹង​បើ​តាមច្បាប់ ​គឺ​មាន​ទោស​តែ​ម្តង។ គាត់​ចាប់​លួចលាក់​ ហើយ​ត្រី​ត្រសក់​មួយ​គីឡូ​មាន​តម្លៃ​ចន្លោះ​ពី ​២០​ដុល្លារ​ទៅ​៣០​ដុល្លារ។ អញ្ចឹង​ទេ​បើ​ចាប់​បាន​ឱ្យ​គាត់​​លែង ​គាត់​មិន​លែង​ទេ”។

    លោក​បន្ថែម​​ថា ត្រី​ខ្លា​មាន​​រស់​នៅតែ ទឹក​ទន្លេ​មេគង្គ​ ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹង​ត្រែង​​​ក្នុង​ចំនួន​តិច​តួច​បំផុត​។ ចំពោះ​ទន្លេ​នៅ​ប្រទេសថៃ និង​ឡាវ​ជាដើម ​មិន​វត្តមាន​ត្រី​ខ្លា​រស់​នៅ​ឡើយ។ នៅ​អំឡុង​ទសវត្ស​ឆ្នាំ​១៩៨០ និង ១៩៩០ ត្រី​ប្រភេទ​នេះ​មាន​ច្រើន​ទាំង​បឹង​ទន្លេសាប និង​ទន្លេមេគង្គ​។ ប៉ុន្តែ​បច្ចុប្បន្ន​​ស្ទើរតែ​ផុត​ពូជ​ទៅ​ហើយ​។​ ពពួក​ត្រី​ដែល​រដ្ឋបាល​ជល​ផល​ចាត់​ទុក​ជា​ត្រី​កម្រ​មាន​ជាង ៣០ ប្រភេទ​​ ក្នុង​នោះ​មាន​ត្រី​ត្រសក់​ ត្រី​ខ្លា ត្រីរាជ បប៊ែល​ទឹក​សាប និង​ត្រីប៉ាស៊ីអ៊ីជាដើម​៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]cebook.com

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ