• យិន ហេង រហស្សនាមថា «ចំប៉ីខ្មៅ» ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារព្រៃ «ស» ករណីប្រមាថជាតិសាសន៍ខ្មែរ

    (ភ្នំពេញ)៖ ​​​ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនសង្ស័យឈ្មោះ យិន ហេង ដែលមានរហស្សនាមថា «ចំប៉ីខ្មៅ» នៅពន្ធនាគារព្រៃ «ស» ករណីបង្ហោះវីដេអូលើបណ្តាញសង្គម Facebook ដោយប្រមាថជាតិសាសន៍ខ្មែរយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមមន្ត្រីតុលាការ បានបញ្ជាក់មកអង្គភាពព័ត៌មាននៅមុននេះបន្តិច។

    ថ្លែងប្រាប់នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មន្ត្រីតុលាការបានបញ្ជាក់ថាជនសង្ស័យ យិន ហេង ត្រូវបានលោក ពេជ្រ វិជ្ជាធរ ដែលជាចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្នសិន នៅពន្ធនាគារព្រៃ «ស» ដោយរង់ចាំចាត់ការជំនុំជម្រះតាមនីតិវិធីបន្តទៀត តាមការចោទប្រកាន់របស់ព្រះរាជអាជ្ញា។

    ប្រភពបន្តថា នៅរសៀលថ្ងៃដដែល ព្រះរាជអាជ្ញា លី សុផាណា ក៏បានចោទប្រកាន់ជនសង្ស័យ យិន ហេង ពីបទ «ញុះញង់ឲ្យមានការរើសអើង» តាមមាត្រា៤៩៤ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ហើយបទល្មើសនេះ អាចមានទោសជាប់ពន្ធនាគារ ពី១ឆ្នាំ ទៅ៣ឆ្នាំ។

    សូមជំរាបថា សមត្ថកិច្ចនគបាលខណ្ឌដូនពេញ រសៀលថ្ងៃទី០៦ ខែកុម្ភៈនេះ បានបញ្ជូនខ្លួនឈ្មោះ យិន ហេង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៉ើបសួរ និងចោទប្រកាន់តាមផ្លូវច្បាប់ ក្នុងសំណុំរឿងបង្ហោះជាសាធារណៈ តាមបណ្តាញសង្គម Facebook ដោយបានជេរប្រមាថមកលើ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក្នុងន័យមើលងាយមើលថោក សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។

    យុវជនដែលជាភេទទី៣ ដែលល្បីក្នុងបណ្ដាញសង្គម Facebook ឈ្មោះ «ចំប៉ីខ្មៅ» ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន នៅខណ្ឌដូនពេញ នាល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​ សហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

    លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានប្រាប់ឲ្យដឹងថា ការចាប់ខ្លួនយុវជនភេទទី៣រូបនេះ ក្រោមការបញ្ជាផ្ទាល់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ។

    លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្រោយទទួលបានបទបញ្ជា កម្លាំងនគរបាលជំនាញបានសហការគ្នា ស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួន យិន ហេង ​ជាក់ស្ដែងតែម្ដង។ ក្រោយឃាត់ខ្លួន ពេលនេះជនសង្ស័យត្រូវបានកម្លាំងនាយកដ្ឋាន ប្រគល់ជូនកម្លាំងជំនាញនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដែលជាម្ចាស់ករណី ដើម្បីបន្ដសួរនាំ និងចាត់ការនីតិវិធីជាធរមាន ចំពោះអ្វីដែលបានប្រព្រឹត្ត។

    គួរជំរាបដែរថា ការឈានទៅដល់ការឃាត់ខ្លួន យិន ហេង ដែលមានគណនី Facebook ឈ្មោះ «ចំប៉ីខ្មៅ» ធ្វើឡើងបន្ទាប់ពីយុវជនរូបនេះ បានបង្ហាញវីដេអូនៅលើបណ្ដាញសង្គម នៅខាងមុខព្រះបរមរាជវាំង ដោយប្រើប្រាស់នូវពាក្យពេចន៍ធ្ងន់ៗ ដោយប្រមាថទៅដល់ជាតិសាសន៍ខ្មែរ។ វីដេអូនោះ បានធ្វើឲ្យមានការខឹងសម្បារយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងថ្កោលទោសឲ្យសមត្ថកិច្ច ចាត់ការចំពោះបុគ្គលភេទទី៣នេះផងដែរ។

    តាមចម្លើយសារភាពរបស់ជនសង្ស័យរូបនេះ មូលហេតុដែលធ្វើឲ្យខ្លួនប្រមាថជាតិសាសន៍ខ្មែរ ដោយសារតែមានជនអនាមិកចំនួន៣នាក់ បានជិះម៉ូតូមកខោកក្បាលខ្លួនចំនួន៣ដង (៣ក្រញ៉) ដោយមិនដឹងមូលហេតុ។ ជនសង្ស័យថា សកម្មភាពខោកក្បាលពីជនអនាមិក បានធ្វើឲ្យខ្លួនមានការឈឺចាប់ជាខ្លាំង ក៏បង្កឲ្យខ្លួនបង្ហោះវីដេអូជេរប្រមាថខ្មែរ ព្រោះតែកំហឹងមួយឆាវតែម្តង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ