• សមត្ថកិច្ចឃាត់ បុរសខ្ទើយឈ្មោះ យិន ហេង «ចំ​​​​​​​​​​ប៉ីខ្មៅ» បន្ទាប់ពីជេរប្រមាថ ប្រមាថជាតិសាសន៍ខ្មែរ

    (ភ្នំពេញ)៖ យុវជនដែលជាភេទទី៣ ដែលល្បីក្នុងបណ្ដាញសង្គម Facebook ឈ្មោះ «ចំប៉ីខ្មៅ» ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន នៅខណ្ឌដូនពេញ នាល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​ សហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

    លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងនៅមុននេះបន្ដិច នាយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ការចាប់ខ្លួនយុវជនភេទទី៣រូបនេះ ក្រោមការបញ្ជាផ្ទាល់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ។

    ខលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា ក្រោយទទួលបានបទបញ្ជា កម្លាំងនគរបាលជំនាញបានសហការគ្នា ស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន​ជាក់ស្ដែងតែម្ដង យុវជនឈ្មោះ យិន ហេង ជាមនុស្សភេទទី៣ រហ័សនាម «ចំប៉ីខ្មៅ» កើតនៅឆ្នាំ១៩៩៦​ ដែលបានធ្វើការបង្ហោះ ជាសាធារណៈដោយបានជេរប្រមាថមកលើប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក្នុងន័យមើលងាយមើលថោក សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។



    លោកឧត្តមសេនីយ៍ ជា ពៅ បានឲ្យដឹងថា ក្រោយឃាត់ខ្លួនពេលនេះ ជនសង្ស័យត្រូវបានកម្លាំងនាយកដ្ឋាន ប្រគល់ជូនកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលជាម្ចាស់ករណី ដើម្បីបន្ដសួរនាំ និងចាត់ការនីតិវិធីច្បាប់ជាធរមាន នៅអ្វីដែលបានប្រព្រឹត្ត។

    សូមជម្រាបថា ការឈានទៅដល់ការឃាត់ខ្លួននេះ បន្ទាប់ពីយុវជន យិន ហេង ដែលមានគណនី Facebook ឈ្មោះ «ចំប៉ីខ្មៅ» បានបង្ហាញវីដេអូនៅលើបណ្ដាញសង្គម នៅខាងមុខព្រះបរមរាជវាំង ដោយប្រើប្រាស់នូវពាក្យពេចន៍ធ្ងន់ៗ ដោយប្រមាថទៅដល់ជាតិសាសន៍ខ្មែរ។ វីដេអូនោះ បានធ្វើឲ្យមានការខឹងសម្បាយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងថ្កោលទោសឲ្យសមត្ថកិច្ចចាត់ការចំពោះបុគ្គលភេទទី៣នេះផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ