• ប្រជាពលរដ្ឋ នៅ​ទីរួម​ខេត្ត​កោះកុង ​រាប់​ពាន់​គ្រួសារ ប្រឈម​អត់​មាន​ទឹក​ប្រើប្រាស់​ អាច​រយៈពេល ១សប្តាហ៍

    (កោះកុង)៖ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលរស់នៅក្នុងទីរួមខេត្តកោះកុង និងមួយផ្នែកនៅស្រុកមណ្ឌលសីមា បាននិងកំពុងខ្វះខាតទឹកប្រើប្រាស់គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ ពោលចាប់តាំងពីថ្ងៃទី២៧ ខែមករា មកម្ល៉េះ ដែលធ្វើប្រជាពលរដ្ឋនៅទីនោះ ជួបផលលំបាកយ៉ាងខ្លាំង ហើយត្រូវសន្សំសច្ចៃទឹក ដែលបានស្តុកទុកនៅក្នុងពាង ឬអាងនាពេលកន្លងទៅ។

    ចំពោះបញ្ហានេះ អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានបញ្ជាក់ថា នៅថ្ងៃស្អែកនេះ លោកស្រីនឹងកោះប្រជុំមួយ ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋនៅក្នុងខេត្ត។

    តាំងពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩មកម្ល៉េះ រហូតមកដល់ថ្ងៃនេះ ដែលធ្វើឲ្យមានការលំបាកយ៉ាងខ្លាំង ដោយបច្ចុប្បន្នត្រូវប្រើទឹកនៅក្នុងពាង ឬអាងដែលបានស្តុកទុក និងបានបូមកាលពីពេលកន្លងទៅ។

    បើតាមប្រជាពលរដ្ឋ កង្វះខាតទឹកប្រើប្រាស់ អាចនឹងអូសបន្លាយរហូតដល់មួយសប្តាហ៍ឯណោះ ដូច្នេះពួកគាត់សូមអំពាវនាវដល់ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងរដ្ឋាករទឹក និងក្រុមហ៊ុនលីយ៉ុងផាត់ គ្រុប ដែលជាអ្នកផ្តត់ផ្តង់ទឹកនោះ មេត្តាពន្លឿនបញ្ហានេះ ចៀសអូសបន្លាយស្ថានភាពដ៏លំបាកនេះបន្តទៀត។

    កាលពីប៉ុន្មានថ្ងៃមុន មន្ទីរឧស្សាហ៍កម្ម និងសិប្បកម្មខេត្តកោះកុង បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កំពុងរស់នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ដែលប្រើប្រាស់បណ្តាញទឹក ស្អាតរបស់ក្រុមហ៊ុន អិលវ៉ាយភីគ្រុបថា ក្រុមហ៊ុននឹងផ្អាកការផ្គតផ្គង់ទឹកស្អាតរយៈពេល១ថ្ងៃ ជាបណ្តោះអាសន្ន ដោយមូលហេតុ ទុយោមេនាំទឹក បានបែកនាំឲ្យទឹកបានបែកធ្លាយនៅតំបន់ ជ្រោះតាប៉ន ហើយក្រុមការងារជំនាញកំពុងធ្វើការជួសជុសជាបន្ទាន់។

    ក្រោយពេលជួសជុលរួចរាល់ ក្រុមហ៊ុននឹងផ្គត់ផ្គង់សេវាទឹកស្អាតជូនប្រើប្រាស់ជាធម្មតាវិញ យ៉ាងយូរត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ប៉ុន្តែរហូតដល់ថ្ងៃនេះ គ្មានទឹកស្អាតប្រើប្រាស់សូម្បីតែ១ដំណក់ ហើយមន្ទីរ និងរដ្ឋាករទឹកស្អាត មិនបានជូនដំណឹងថែមទៀតនោះទេ។

    លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហ៍កម្ម និងសិប្បកម្ម បានប្រាប់ ថា លោកកំពុងកោះហៅខាងភាគីក្រុមហ៊ុនទឹកស្អាត មកប្រជុំពិភាក្សាដើម្បីធ្វើការដោះស្រាយបញ្ហានេះ។

    លោកស្រីអភិបាលខេត្តកោះកុង បានបង្ហាញមូលហេតុថា កង្វះទឹកនេះមកពីតម្រូវផ្នែកសំណង់មានការកើនឡើងខ្លាំងពេក តែខាងខេត្តកំពុងរកដំណោះស្រាយជូនប្រជាពលរដ្ឋហើយ។ លោកស្រី មិថុ នា ភូថង ក៏បានបង្ហាញពីដំណោះស្រាយជាបឋមនៅចំពោះមុខនោះគឺ អាចឲ្យសមត្ថកិច្ចដឹកទឹកចែកជូនប្រជាពលរដ្ឋសិនទំរាំ មន្រ្តីជំនាញ និងក្រុមហ៊ុនអាចទាញទឹកទៅចែកជូនបាន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ