• ខែប្រាំងទឹកជន់! ទឹកជំនន់ទន្លេមេគង្គ នៅតែបន្តឡើង ជន់លិចក្យូសផ្ទះទឹក រមណីយដ្ឋានទឹកជួរកាំពី

    (ខេត្តក្រចេះ)៖ រោងក្យូសផ្ទះទឹក នៅតំបន់រមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី ស្ថិតនៅក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ប្រមាណេជាង៥០០រោងក្យូស សម្រាប់ទទួលភ្ញៀវទេសចរណ៍ក្នុងរដូវប្រាំងធ្លាក់ខ្យល់នេះ ត្រូវបានទឹកជំនន់ជន់លិចយ៉ាងគំហុកកាលពីព្រឹកថ្ងៃទី២៣ ខែ មករា ឆ្នាំ២០១៩នេះ ។ ការជន់លិចនេះត្រូវបានពលរដ្ឋរស់នៅតំបន់នោះនិយាយថា វាជាបាតុ ភូតមួយដ៍ចម្លែកដែលពុំធ្លាប់កើតមាននោះទេនាពេលកន្លង មក ខណៈដែលរដូវប្រាំងនេះ ជា រដូវទឹកសម្រក ប៉ុន្តែបែជាមានបាតុភូតទឹកឡើងជន់លិចទៅវិញ។

    ការហក់ឡើងនៃរបបទឹកទន្លេខុសរដូវពេលនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋនៅតាមបណ្តោយដងទន្លេមេគង្គ ដោយពួកគាត់ចាត់ទុកថា ជាបម្រែបម្រួលអាកាសធាតុដែលពុំធ្លាប់ជួបប្រទះកន្លងមក។ ដោយហេតុថា រដូវប្រាំងជារដូវទឹកស្រកចុះ ប៉ុន្តែឆ្នាំនេះរដូវប្រាំងបែជាមានទឹកជំនន់ទៅវិញ។

    ប្រធានមន្ទីរធនធាតុទឹកនិងឧត្តុនិយមខេត្តក្រចេះ លោក ហេង រត្នម៉ូនីដា បានបញ្ជាក់ឱ្យដឹងនៅល្ងាចថ្ងៃទី២២ ខែមករា ម្សិលមិញថា ការជន់ឡើងពីទឹកជំនន់ខុសរដូវនេះមិនមែនជាបាតុភូតធម្មជាតិនោះទេ ដោយការជន់ឡើងរបស់ទឹកទន្លេមេគង្គខាងលើគឺបណ្តាលមកពីការបើកផ្លូវទឹកពីទំនប់វារីអគ្គីសនីនៅប៉ែកខាងលើនៃដងទន្លេមេគង្គ ទើបធ្វើឱ្យទឹកហូរជន់យ៉ាងគំហុកតាមទន្លេប៉ែកខាងក្រោម ហើយស្ថានភាពជន់ឡើងនេះត្រូវបានលោកប្រធានមន្ទីរបញ្ជាក់បន្តថា គឺនៅតែបន្តហក់ឡើងទៀតដោយមិនទាន់ថមថយនោះទេ។

    បន្ទាប់ពីស្ថានភាពទឹកជំនន់នៅ តែបន្តជន់ឡើងជាបន្តបន្ទាប់ក្នុងអំឡុងរយះពេល២ ថ្ងៃជាប់ៗគ្នានេះ ពលរដ្ឋដែលមានរបរលក់បាយទឹក នំចំនី ត្រីសាច់ និងជួលរោងក្យូសសម្រាប់ភ្ញៀវមកទស្សនាក្នុងរមណីយដ្ឋានកាំពីបាននាំគ្នារុះរើរោងក្យូសផ្ទះទឹកនឹងជម្លៀសសម្ភារដែលដាក់លក់ក្នុងរមណីយដ្ឋាន ឡើងមកលើ គោកវិញដើម្បីគេចពីការលិចលង់ និងខូចខាត។

    ពលរដ្ឋថា រហូតមកទល់នឹងព្រឹកថ្ងៃទី២៣ មករានេះ ស្ថានភាពទឹកនៅតែបន្តជន់ឡើង តែមិនគំហុកដូចកាលពីពីរថ្ងៃមុននោះទេ ដោយគ្រាន់តែមានរោងក្យូសផ្ទះទឹក និងស្ពានសម្រាប់ភ្ញៀវដើរឆ្លងទៅមកគឺត្រូវរងការជន់លិចមិនអាចដំណើរការបានឡើយ។

    ពួកគាត់និយាយថា ភ្ញៀវទេសចរណ៍មិនបានមកលេងកំសាន្តក្នុងរមណីយដ្ឋានទេ ក្នុងអំឡុង រយះពេល២ថ្ងៃដែលមានស្ថានភាពទឹកជន់ ក៏ព្រោះតែភ្ញៀវខ្លាចពីសុខសុវត្ថិភាពគ្រួសារ ។
    ស្តាប់ការលើកឡើងរបស់ពលរដ្ឋរស់នៅតំបន់ទេសចរណ៍កាំពី……………….។

    ស្របជាមួយគ្នានេះ ប្រជាពលរដ្ឋដែលរស់នៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី មានចំនួនច្រើនរយ គ្រួសារ ដែលរាល់ឆ្នាំរដូវនេះរកបានប្រាក់ចំណូលពីតំបន់ទេសចរណ៍ទឹកជួរកាំពី មានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះការបាត់បង់ចំណូលរបស់ពួកគាត់សម្រាប់ឆ្នាំនេះ ដោយ សារតែពេលនេះរមណីយដ្ឋានបានជួបបាតុភាពចម្លែក។

    ពួកគាត់អំពាវនាវ និងសំណូមពរដល់មន្ទីរជំនាញ និងស្ថប័នពាក់ព័ន្ធជួយផ្តល់សេចក្តីជូនដំណឹងដល់ពួកគាត់ឱ្យបានច្បាស់លាស់ ទាំងមុន និងក្រោយបាតុភាពទឹកជំនន់ទឹកទន្លេកើតមានឡើង ដើម្បីឱ្យពួកគាត់មានការប្រុងប្រយ័ត្ន និងត្រៀម លក្ខណៈទុកជាមុន ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ