• KOICA គ្រោងបង្កើតផ្សារបោះដុំ ផលិតផលកសិកម្មនៅកម្ពុជា

    (ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យលោក JEONG Yun Gilm នាយកអង្គការ KOICA (Korea International Cooperation Agency) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ទាក់ទងនឹងការសិក្សា និងវាយតម្លៃបឋមលើគម្រោង ស្តីពី ការអភិវឌ្ឍវិស័យកសិកម្មឲ្យមាននិរន្តរភាព តាមរយៈការបង្កើតផ្សារបោះដុំផលិតផលកសិកម្ម និងការបង្កើតប្រព័ន្ធព័ត៌មានទីផ្សារ។

    នាឱកាសនេះ លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងអំណរគុណ និងវាយតម្លៃខ្ពស់ ជូនចំពោះរាជរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រ និងជួយឧបត្ថម្ភទាំងបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ការកសាង និងអភិវឌ្ឍកម្ពុជា ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងជាពិសេសវិស័យកសិកម្ម។

    លោករដ្ឋមន្ត្រីបានលើកឡើងថា សមិទ្ធផលសំខាន់ៗជាច្រើន ដែលកម្ពុជាសម្រេចបាននាពេលនេះ គឺបានមកពីកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ រវាងប្រទេសទាំងពីរ ហើយលោកជឿជាក់ថា គម្រោងថ្មីរបស់ KOICA នឹងពង្រឹង និងពង្រីកសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ជាប្រយោជន៍ដល់ប្រជាជន និងប្រជាកសិករកម្ពុជា។

    ទាក់ទងនឹងប្រធានបទខាងលើ លោករដ្ឋមន្ត្រីបានសម្តែងនូវអំណរសាទរស្វាគមន៍ និងគាំទ្រចំពោះគម្រោងនេះ ព្រោះវានឹងជួយរកទីផ្សារបន្លែ ផ្លែឈើឲ្យកសិករ ជាកន្លែងផ្តល់ព័ត៌មាន ទាក់ទងអំពីទីផ្សារតម្លៃ បរិមាណផ្គត់ផ្គង់ ដែលអ្នកបញ្ជាទិញត្រូវការ និងជាកន្លែងណាត់ជួប រវាងអ្នកបរិភោគឈ្នួញកណ្តាល ជាមួយអ្នកផ្គត់ផ្គង់ និងជាពិសេស វានឹងបង្កលក្ខណៈងាយស្រួល ដល់មន្ត្រីជំនាញ ក្នុងការត្រួតពិនិត្យគុណភាព សុវត្ថិភាព អនាម័យ និងប្រភពទំនិញច្បាស់លាស់ ដើម្បីបង្កើននូវជំនឿទុកចិត្ត និងការធានាត្រឹមត្រូវ។

    សូមជម្រាបផងដែរថា កិច្ចប្រជុំនាព្រឹកនេះ បានផ្តោតជាសំខាន់លើប្រធានបទ៖ទី១៖ ពិនិត្យពិចារណា ឲ្យបានល្អិតល្អន់អំពីទីតាំង ដែលត្រូវជ្រើសរើសសម្រាប់បង្កើតផ្សារ និងត្រូវបន្តជួបពិភាក្សាសិក្សា ជាមួយគ្រប់ភាគីពាក់ព័ន្ធ ដូចជា មន្ត្រីជំនាញវិស័យឯកជន សហគ្រាសខ្នាតតូច និងមធ្យម ដៃគូអភិវឌ្ឍ តាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍ-និងសហគមន៍» និងទី២៖ បន្តជំរុញកិច្ចសហការ ជាមួយអគ្គនាយកដ្ឋានកសិកម្ម លើការងារច្បាប់ និងបច្ចេកទេស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ