• ​កោះ​បាលី​របស់​ឥណ្ឌូនេស៊ី កំពុង​ពិចារណា​យកពន្ធ​អ្នកទេសចរ​ដើម្បី​អភិរក្ស​បរិស្ថាន​

    កោះ​បាលី​របស់​ឥណ្ឌូនេស៊ី ដែល​ជា​កោះ​មួយ​ដ៏​ស្រស់​ស្អាត​ក្នុង​ពិភពលោក កំពុង​ពិចារណា​យកពន្ធ​​អ្នកទេសចរ​ដែល​បាន​មកលេង ដើម្បី​អភិរក្ស​បរិស្ថាន​។​

    ​សម្រស់​ដ៏​ស្រស់ស្អាត និង​ទាក់ទាញ​របស់​វា បាន​ធ្វើឲ្យ​កោះ​បាលី​ប្រឈម​នឹង​បញ្ហា​យ៉ាង​ខ្លាំង ដោយសារ​តែ​ចំនួន​ទេសចរ​មក​លេង​យ៉ាង​ច្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

    ​បើតាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី កោះ​បាលី​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យមក​លេងចំនួន ៥,៧​លាន​នាក់​ក្នុង​ឆ្នាំ ២០១៧​។ ទិន្នន័យ​ភ្ញៀវ​ទេសចរ​សម្រាប់​ឆ្នាំ ២០១៨ មិន​ទាន់​ចេញ​នៅឡើយ​ទេ ប៉ុន្តែ​តួលេខ​អ្នក​មក​លេង​ត្រូវបាន​គេ​ជឿជាក់ថា អាច​កើត​ឡើង​ជាង​មុន​។​

    ​ដោយសារ​តែ​ចំនួន​ភ្ញៀវ​ចរ​ដ៏​ច្រើន​មកលេង​ជា​រៀងរាល់ឆ្នាំ កោះ​បាលី​ប្រឈម​នឹង​បញ្ហា​បរិស្ថាន​យ៉ាងខ្លាំង ព្រោះ​អ្នកទេសចរ​ទាំងអស់​បាន​បន្សល់ទុក​នូវ​សំរាម រួម​មាន​ប្លា​ស្លិក​ជាដើម នៅតាម​ឆ្នេរ​។​

    ​ខណៈ ទេសចរណ៍​បាន​ផ្តល់​ថវិការ​យ៉ាង​ច្រើន​ដល់​សហគមន៍ វា​ក៏​អាច​ធ្វើឲ្យ​ប៉ះពាល់​អនាម័យ​នៅ​តំបន់​នោះ​ដែរ និង​ធ្វើឲ្យ​មាន​ការសឹក និង​បំផ្លាញ​បរិស្ថាន​។​

    ​បើតាម​សេចក្តីរាយការណ៍​របស់​កាសែត Jakarta Post បានឲ្យដឹងថា រដ្ឋាភិបាល​ប្រចាំ​កោះ​បាលី បាន​ពង្រាង​ច្បាប់​មួយ​ដើម្បី​យក​ពន្ធ​ចំនួន ១០​ដុល្លា​ទៅលើ​អ្នកទេសចរ​ម្នាក់​ក្រោយ​ពេល​ពួកគេ​​ចាកចេញ​ពី​ប្រទេស​។​

    “​អ្នកទេសចរ​មក​កំសាន្ត​ជាមួយនឹង​បរិស្ថាន និង​វប្បធ៌ម​របស់​យើង ហេតុអ្វី​មិន​ចូលរួម​អភិរក្ស​វា​?” នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក I Nyoman Adi Wiryatama ដែល​ជា​ប្រធានសភា នៃ​កោះ​បាលី​។​

    ​មុន​ពេល​បង្កើត​ច្បាប់​ដើម្បី​យក​ពន្ធ សាលា​ផ្នែក​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច នៃ​សកល​វិទ្យាល័យ Udayana University នៅ​បាលី បាន​រៀបចំ​ការសិក្សា​មួយ ដែល​ធ្វើ​ប្រជាមតិ​លើ​អ្នកទេសចរ​​អន្តរជាតិ​ដោយ​សាកសួរ ថា​តើ​ពួកគេ​មាន​ឆន្ទៈ​បរិច្ចាក​លុយ​ដើម្បី​ចំណាយ​លើ​ការអភិរក្ស​កោះ​ឬទេ​។ ក្នុងនោះ​មាន​ចំនួន ៦០​ភាគរយ ឆ្លើយថា មាន​ឆន្ទៈ​។​

    ​សូមបញ្ជាក់​ថា ឥណ្ឌូនេស៊ី មិនមែន​ជា​ប្រទេស​តែ​មួយ​ដែល​គ្រោង​យកពន្ធ​លើ​អ្នកទេសចរ​នោះទេ​។​

    ​ប្រទេស​ជប៉ុន​កាលពី​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​ការបោះឆ្នោត​ដើម្បី​យក​ពន្ធ​លើ​អ្នកទេសចរ​ផងដែរ ក្រោយ​ពេល​ពួកគេ​ចាកចេញ​។ ពន្ធ​នោះ​​គឺ​ចំនួន ៩​ដុល្លា​ក្នុង​មួយ​នាក់ ដែល​គេ​នឹងត្រូវ​ប្រើប្រាស់​លើ​ការសាងសង់​អាគារ និង​ថែរក្សា​រចនាសម្ព័ន្ធ​ទេសចរណ៍​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ