• ស៊ែចែកគ្នាដឹងផង! ធ្លាប់ដឹងទេថា ប្រទេសកម្ពុជា ធ្លាប់មានប្រវត្តិបោះឆ្នោត ជ្រើសតាំងប្រធានាធិបតី តែម្តងគត់!

    ប្រទេសកម្ពុជាបានក្លាយទៅជាសាធារណរដ្ឋខ្មែរ ក្រោយពីរដ្ឋប្រហារ១៨ មិនា ១៩៧០ ទំលាក់សម្តេចសីហនុពីព្រះប្រមុខរដ្ឋ ពីរឆ្នាំក្រោយមក កម្ពុជាបានរៀបចំការបោះឆ្នោតសកលជ្រើសតាំងប្រធានាធិបតី នៃសាធារណរដ្ឋខ្មែរ ជាលើកទីមួយ និង តែម្តងគត់នៅក្នុងប្រវត្តិសាស្ត្រ ដែលយកគំរូតាមការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។

    ការបោះឆ្នោតនេះប្រព្រឹត្តទៅនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ១៩៧២ ដោយមានបីគណបក្សនយោបាយចូលរួមគឺ គណបក្សសង្គមសាធារណរដ្ឋ មានលោកសេនាប្រមុខលន់ នល់ ជាបេក្ខភាពប្រធានាធិបតី គណបក្សប្រជាធិបតេយ្យ មានលោក អិុន តាំ ជាបេក្ខភាពប្រធានាធិបតី និង គណបក្សសាធារណរដ្ឋ មានលោកកែវ អន ជាបេក្ខភាពប្រធានាធិបតី។

    តាមរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋខ្មែរ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ អាចឈរឈ្មោះជាបេក្ខភាព ប្រធានាធិបតី និង អនុប្រធានាធិបតី នៃសាធារណរដ្ឋបានលុះត្រា៖

    – ជាជនជាតិខ្មែរ

    – មានមាតាបិតាជាជនជាតិខ្មែរ

    – មានប្តី ឬ ប្រពន្ធ ជាជនជាតិខ្មែរ

    – អាយុយ៉ាងតិច៤០ឆ្នាំ

    – មានសិទ្ធិបោះឆ្នោត។

    ប្រធានាធិបតី នៃសាធារណរដ្ឋអាចឈរឈ្មោះឲគេជ្រើសតាំងសាជាថ្មីបានតែម្តងប៉ុណ្ណោះ។ ដូច្នេះមានឥស្សរជនម្នាក់ អាចកាន់អំណាចសរុបត្រឹមតែ ២ អណ្តតិ ឬ ១០ឆ្នាំតែប៉ុណ្ណោះ។
    តាមទិន្នន័យបញ្ចាក់ថា មានប្រជាពលរដ្ឋចំនួន ១,០៥៩,៥០៥ នាក់បានទៅបោះឆ្នោតជ្រើសតាំងប្រធានាធិបតី ដែលស្មើនឹង ៥៧.៦% នៃប្រជាពលរដ្ឋសរុបដែលមានសិទ្ធិបោះឆ្នោត។

    – លោក លន់ នល់ មកពីគណបក្សសង្គមសាធារណរដ្ឋ បានទទួលជ័យជំនះ ជាសំលេងលើសលុបគេ ចំនួន ៥៧៨,៥៦០ សំលេង ស្មើរនឹង ៥៤.៩%។

    – លោក អុិន តាំ មកពីគណបក្សប្រជាធិបតេយ្យ ទទួលបានចំនួន ២៥៧,៤៩៦ សំលេង ស្មើនឹង ២៤.៤%។

    – លោក កែវ អន មកពីគណបក្សសាធារណរដ្ឋ ទទួលបានចំនួន ២១៧,១៧៤ ស្មើនឹង ២០.៦% ចំណែកឯសន្លឹកឆ្នោតមិនបានការមានចំនួន ៦,២៧៥ សន្លឹក។

    លោកសេនាមុខ លន់ នល់ បានឡើងកាន់តំណែងជាប្រធានាធិបតីទី១ នៃសាធារណរដ្ឋខ្មែរ ចាប់តាំងពីពេលនោះមករហូតដល់ថ្ងៃ ដែលលោកត្រូវនិរទេសខ្លួនទៅកោះហាវៃ សហរដ្ឋអាមេរិក នៅថ្ងៃទី ១ ខែមេសា ឆ្នាំ១៩៧៥ ហើយផ្ទេរដំណែងនេះទៅឲ្យ លោក សូខាំ ខយ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី រហូតដល់ពេលសាធារណរដ្ឋខ្មែរ ដួលរលំនៅថ្ងៃទី ១៧ មេសា ឆ្នាំ១៩៧៥៕

    ប្រភពអត្ថបទ៖ (ចំណេះដឹង & ឆាយ លីណា)

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ