• ថៃ​អញ្ជើញ​​ភ្ញៀវ​ទេសចរ​ជាច្រើន ដើម្បី​ចូលរួម​​​បំបែក​កំណត់​ត្រា​ពិភព​លោក «បាយ​​ដំណើប​​ស្វាយ» នៅ​ជាយ​​​ទីក្រុង​បាងកក

    (បាងកក)៖ ភ្ញៀវទេសចរចិន និងបរទេសសរុប ១០,០០០នាក់ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីបុណ្យប្រចាំឆ្នាំ មួយនៅក្នុងប្រទេសថៃ ដែលបានបំបែកកំណត់ត្រាពិភពលោក Guinness World Record សម្រាប់ពិធីជប់លៀង បាយដំណើបស្វាយ (sticky rice mango) ធំជាងគេបំផុតក្នុងលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។

    បង្អែមដែលមានផ្លែស្វាយ ៦,០០០ផ្លែ និងបាយដំណើប ១៥តោន ត្រូវបានប្រកាសជាប់កំណត់ត្រាពិភពលោក នៅក្នុងព្រឹត្តិការណ៍មួយក្រោមឈ្មោះ «We Care About You» នៅក្បែរទីក្រុងបាងកក។ ពិធីបុណ្យប្រចាំឆ្នាំនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ដោយអង្គភាពទេសចរណ៍នៃសភាជាតិថៃ និងត្រូវបានសម្របសម្រួល ដោយ សមាគមទីភ្នាក់ងារទេសចរណ៍ថៃ។ ចំណែកឯ ភ្ញៀវទេសចរថៃក៏ត្រូវបានអញ្ជើញឱ្យចូល រួមក្នុងពិធីទទួលទាន បង្អែមដ៏ល្បីឈ្មោះរបស់ថៃផងដែរ អមជាមួយម្ហូបថៃ និងផ្លែឈើ រួមទាំងការសម្ដែងរួមគ្នារវាងអ្នកសម្ដែងចិន និងថៃ។

    គួរបញ្ជាក់ថា កំណើនភ្ញៀវទេសចរចិននៅក្នុងប្រទេសថៃកាលពីដើមឆ្នាំ២០១៨ បានធ្លាក់ចុះវិញក្រោយមាន គ្រោះថ្នាក់លិចទូកដឹកអ្នកដំណើរ ដែលបានផ្ដាច់ជីវិតភ្ញៀវទេចរចិន ៤៧នាក់ កាលពីខែកក្កដា ឆ្នាំដដែល។ តែយ៉ាងណាក៏ដោយ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តក្នុងប្រទេសរបស់ខ្លួន អាជ្ញាធរថៃបាន សម្រេច ចិត្តលើកលែងទិដ្ឋាការទៅមកសម្រាប់ប្រទេសចំនួន ២០ ក្នុងនោះក៏មានចិនដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ