ការជក់បារី និង ផឹកស្រាច្រើនពេកនឹងបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកបំពង់អាហារ ដែលនឹងជះឥទ្ធិពលដល់បំពង់ដែលភ្ជាប់បំពង់កទៅនឹងក្រពះ។ របាយការណ៍សិក្សាថ្មីមួយដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលទើបចុះផ្សាយដោយ Time ជាប់ទាក់ទងនឹងជំងឺមហារីក គឺថា ការពិសាទឹកតែ ប្រសិនបើអ្នកជាអ្នកពិសាបារី និងស្រាទៀត នោះនឹងបង្កើនហានិភ័យដែលនាំឲ្យកើតជំងឺមហារីកទ្វេដង។
របាយការណ៍សិក្សាខាងលើ ដែលប្រើពេលអង្កេត៩ឆ្នាំ ទៅលើក្រុមមនុស្សដែលមានវ័យចន្លោះ ៣០ ដល់ ៧៩ ឆ្នាំ បង្ហាញថាមនុស្ស ១ ៧០០ នាក់ក្នុងចំណោម ៤៥៦ ០០០ បានកើតជំងឺមហារីកបន្ទាប់ពីពួកគេពិសាតែ ពិសាស្រា និងបារី។
មិនត្រឹមតែប៉ុណ្ណោះ របាយការណ៍របស់អង្គការសុខភាពពិភពលោកកាលពីឆ្នាំ២០១៦ ក៏បានបង្ហាញថាការញ៉ាំភេសជ្ជៈក្តៅពេកលើសពី ៦៥ អង្សារសេក៏អាចបង្កហានិភ័យងាយកើតជម្ងឺមហារីកផងដែរ។
ប្រភពខាងលើបន្ថែមថា ប្រសិនបើលោកអ្នកជាអ្នកពិសាស្រា និង បារី គួរកុំញ៉ាំតែក្តៅ ឬ ក្តៅលើសសីតុណ្ហភាព ដើម្បីចៀសវាងការប្រឈមជម្ងឺមហារីកកាន់តែឆាប់រហ័សដល់សុខភាពរាងកាយ៕
ប្រភព៖ Sabay