• ទូក​នេសាទ​ប្រទេសជិតខាង​ ដែលប្រើ​ឧបករណ៍​ខុសច្បាប់ កំពុងចូល​មក​នេសាទ​ដែនសមុទ្រ​ខេត្តកោះកុង​យ៉ាង​អនាធិបតេយ្យ

    ខេត្ត​កោះកុង​ ៖ ប្រជា​នេសាទ​មួយចំនួន ដែល​ប្រកប​របរ​ដាក់មង​ត្រី​កា​ម៉ុង ឬ​ត្រី​ប្លាធូ ជា​លក្ខណៈ​គ្រួសារ ដើម្បី​ចិញ្ចឹម​ឆ្នាំង​ជា​រៀង​រហូត​មក​នោះ បាន​បង្ហាញ​ចម្ងល់​ថា ចំពោះ​សេចក្ដីជូនដំណឹង ហាម​មិន​ឲ្យ​នេសាទ​ត្រី​កា​ម៉ុង នៅ​រដូវ​បិទ​ធ្វើ​នេសាទ​ត្រី​កា​ម៉ុង របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំង​អគ្គនាយកដ្ឋាន​រដ្ឋបាល​ជលផល ស្តី​ពី​ការបិទ​ធ្វើ​នេសាទ​ត្រី​កា​ម៉ុង សម្រាប់​រដូវ​នេសាទ​ឆ្នាំ​២០១៩​នេះ គឺ​ពួកគាត់​បាន​ចូលរួម​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ជា​បន្តបន្ទាប់​មក​។​

    ​ទន្ទឹមគ្នានេះ ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ ក៏​ចង់​ឃើញ ឈ្មួញ​នេសាទ ដែល​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ និង​ទូក​ចាប់​ត្រី​កា​ម៉ុង ឬ​នេសាទ​ត្រី​ធំៗ ឲ្យ​ក៏​ត្រូវ​អនុវត្ត​តាម​សេចក្តីជូនដំណឹង របស់​ក្រសួង និង​មន្ទី​កសិកម្ម ឲ្យបាន​ទាំងអស់គ្នា នា​រដូវ​បិទ​នេសាទ ដើម្បី​ទុក​ពេល​ឲ្យ​ត្រី​កា​ម៉ុង​ពង​កូន​បន្ត​ពូជ​មាន​បរិមាណ​ច្រើន​ឡើង​វិញ​។​

    ​សេចក្ដីជូនដំណឹង របស់​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បានបង្ហាញ​ថា រដូវ​បិទ​ធ្វើ​នេសាទ​ត្រី​កា​ម៉ុង ឬ​ប្លាធូ នៅក្នុង​ដែន​នេសាទ​សមុទ្រ​កម្ពុជា គឺ​ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​មករា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៩​ជា​កំហិត​។​

    ​ទោះជា​បែប​នេះ​ក្តី សេចក្តីជូនដំណឹង​ខាងលើ​នេះ ចំពោះ​ប្រជា​នេសាទ ដែល​ប្រកប​របរ នេសាទ​ដា​ក់មងត្រី​កា​ម៉ុង បន្ត​តាំងពី​ដូនតា​មក​នោះ បានបង្ហាញ​ការព្រួយបារម្ភ​យ៉ាងខ្លាំង ព្រោះ​នាំឲ្យ​ពួក​គាត់​បាត់​ប្រាក់ចំណូ​ល ពី​ការធ្វើ​របរ​នេសាទ សម្រាប់​ចំណាយ​ចិញ្ចឹម​គ្រួសារ​ជា​រៀងរាល់ថ្ងៃ​។​

    ​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ បាន​ត្អូញត្អែរថា ចំពោះ​ការបិទ​មិនឲ្យ​ធ្វើ​របរ​នេសាទ គឺ​មាន​ការនេសាទ​ប្រភេទ​ត្រី​កា​ម៉ុង ដោយ​ពួកគាត់​លើកឡើងថា មុខរបរ​មួយ​នេះ ជា​មុខរបរ​សម្រាប់​ចិញ្ចឹម​ឆ្នាំងបាយ របស់​ពួកគាត់ ដើម្បី​រស់​ត្រឹម​មួយពេលៗ​តែប៉ុណ្ណោះ ពោល​គឺ​បាន​ព្រឹក​ខ្វះ​ល្ងាច បាន​ល្ងាច​ខ្ចះ​ព្រឹក ប៉ុន្តែ​ប្រសិនបើ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មក​ហាមឃាត់ មិនឲ្យ​ធ្វើ​នេសាទ​ជា​ដាច់ខាត​នោះ គឺ​ពួកគាត់​នឹង​ត្រូវ​ដាច់បាយ​។​

    ​ផ្តើម​ពី​បញ្ហា​នេះ ក្រុម​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ ក៏​បាន​រិះគន់​ថ្នាក់ដឹកនាំ មន្ទីរ​កសិកម្ម​ខេត្ត​កោះកុង និង​ប្រធាន​ជលផល​ខេត្ត​នេះ​ថា ការបិទ​ធ្វើ​របរ​នេសាទ​ត្រី​កា​ម៉ុង ឬ​ត្រី​ប្លាធូ​រ នៅ​ដែនសមុទ្រ​ខេត្ត​កោះកុង នៅ​រដូវ​បិទ​នេសាទ​ឆ្នាំនេះ គឺ​ពុំ​មាន​តម្លាភាព​ចំពោះ​ពួកគាត់​នោះ​ទេ ដោយ​ពួកគាត់​លើក​ហេតុផល​ព្រម​គ្នា​ថា ចំពោះ​ទូក​នេសាទ​ធំៗ ដែល​ប្រើ​ឧបករណ៍​ស្វ័យប្រវត្តិ​ខុស​ច្បាប់​ជលផល នៅតែ​បន្ត​ធ្វើ​របរ​នេសាទ ក្នុង​ដែន​សមុទ្រ​រាល់ថ្ងៃ ដោយ​មិន​ខ្វល់​ពី​សេចក្តីជូនដំណឹង របស់​ក្រសួង និង​មន្ទី​កសិកម្ម​ខេត្ត​កោះកុង​នោះទេ​។​

    ​ទាក់ទិន​បញ្ហា​នេះ លោក ឡាង គី​រី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកោះកុង បានឲ្យ​អ្នកសារព័ត៌មាន​ដឹងថា ករណី​ខាងលើ​នេះ គឺ​រដ្ឋបាល​ជន​ផល បាន​ជូនដំណឹង ដល់​ប្រជា​នេសាទ​រួចហើយ​។​

    ​លោក​បន្តថា សេចក្តីជូនដំណឹង​នោះ គឺ​ចាប់​អនុវត្តន៍​ចាប់ពី​ថ្ងៃ​រដ្ឋបាល​ជលផល ចេញ​សេចក្តីជូនដំណឹង​មកម្ល៉េះ​។ ហើយ​ថា រដូវ​បិទ​នេសាទ​ត្រី​កា​ម៉ុង​នេះ មាន​រយៈពេល​ជាង​២​ខែ ដើម្បី​ទុក​ពេល​ឲ្យ​ពូជ​ត្រី​កា​ម៉ុង​បាន​បន្ត​ពូជ​។​

    ​ត្រង់​ចំណុច​នេះ ចំពោះ​ទូក​នេសាទ​ធំៗ ដែល​ប្រើប្រាស់​ឧបករណ៍​ស្វ័យប្រវត្តិ ប្រភេទ​មង​អូស មង​ព័ទ្ធ និង​ប្រភេទ​ទូក​អូស​គូ របស់​ប្រទេស​ជិតខាង​មាន​ទូក​ថៃ និង​វៀតណាម ដែល​ចូលមក​ធ្វើ​នេសាទ លើ​ដែនសមុទ្រ​កម្ពុជា លោក ឡាង គី​រី បញ្ជាក់ថា ខាង​ស្ថាប័ន​លោក ពុំ​បាន​គ្រប់គ្រង​ទេ គឺ​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង របស់​គណៈកម្មការ​បង្ក្រាប​បទល្មើស​លើ​លំហ​សមុទ្រ​ឯណោះ​ទេ​។​

    ​បញ្ហា​នេះ លោក ឡាង គី​រី បញ្ជាក់ថា ខាង​ស្ថាប័ន​លោក គឺ​គ្រប់គ្រង​ត្រឹមតែ​ទូក​នេសាទ របស់​ប្រជាពលរដ្ឋ ក្នុងស្រុក ដែល​នេសាទ​នៅ​តាម​មាត់​ឆ្នេរសមុទ្រ​តែប៉ុណ្ណោះ​។​

    ​លោក​បន្តថា ចំពោះ​ការធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ លោក​បើក​ឲ្យធ្វើ​នេសាទ​បាន​ជា​ធម្មតា ដោយ​គ្មាន​ការហាមឃាត់​ទេ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ កុំ​មាន​ការព្រួយបារម្ភ​ពី​ការបាត់បង់​ការរក​ប្រាក់​ចំណូល សម្រាប់​ចិញ្ចឹម​គ្រួសារ​ប្រចាំ​ថ្ងៃ​ឲ្យសោះ​។​

    ​ដោយឡែក​ចំពោះ​ការ​មិន​ឲ្យ​នេសាទ​ត្រី​កា​ម៉ុង​ខាងលើនេះ លោក ឡាង គី​រី អះអាងថា រដ្ឋបាល​ជលផល បាន​ហាម​តែ​ទូក​នេសាទ​មង​ត្រី​កា​ម៉ុង​ណា ដែល​មាន​ប្រវែង​ចាប់ពី ២០០០​ម៉ែត្រ​ឡើងទៅ ហើយ​មាន​លក្ខណៈ​បែប​សិប្បកម្ម​។ ជាងនេះទៀត រដ្ឋបាល​ជលផល​ខេត្ត​កោះកុង បាន​ហាម​ដាច់ខាត​ការចូល​ទៅ​ធ្វើ​របរ​នេសាទ នៅ​កន្លែង របស់​សហគមន៍​នេសាទ​នៅ​ជិត​ឡាំ​ដាំ គឺ​មិន​អោយ​ប្រជា​នេសាទ​ណា​ម្នាក់ ចូល​ទៅ​ធ្វើ​នេសាទ​ជាដាច់ខាត ព្រោះ​បើ​មិន​គោរព​ទៅតាម​ការជូនដំណឹង របស់​រដ្ឋ​ជលផល​ទេ មន្ត្រី​ជំនាញ​ជលផល នឹង​មាន​វិធានការ​ទៅតាម​ផ្លូវច្បាប់​។​

    ​ទន្ទឹមគ្នានេះ ប្រជា​នេសាទ​ប្រកប​របរ​ដាក់មង​ត្រី​កា​ម៉ុង​តាម​បែប​លក្ខណៈ​គ្រួសារ ក៏​បាន​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ទប់ស្កាត់​ទូក​នេសាទ​ប្រើ​ម៉ាស៊ីន​ធំៗ របស់​អ្នកនេសាទ​មកពី​ប្រទេស​ជិត​ខាង​កម្ពុជា មាន​ទូក​នេសាទ​ជនជាតិ​វៀតណាម និង​ទូក​នេសាទ​ថៃ កុំឲ្យ​ចូល​មក​នេសាទ ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​អនាធិបតេយ្យ ដូច​រាល់ថ្ងៃ​នេះ​ជា​បន្ត​ទៀត ព្រោះ​តាម​ការសង្កេត​ឃើញថា ទិន្នផល​ត្រី ដែល​ពួកគាត់​នេសាទ​បាន​ជា​លក្ខណៈ​គ្រួសារ គឺ​រាល់ថ្ងៃនេះ បាន​ថយចុះ​ជា​លំដាប់ ជាពិសេស​ការ​នេសាទ​ត្រី​កា​ម៉ុង ឬ​ត្រី​ប្លាធូរ​នេះឯង​៕​

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ