• ស្រីស្អាតខារ៉ាអូខេ ២នាក់ ទាស់​ពាក្យសម្ដី​​ចាក់គ្នាប្រាវ ម្ខាងដេកពេទ្យ ម្ខាងជាប់គុក

    ភ្នំពេញ៖ នារីស្រស់ស្អាតម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីថ្ងៃ ទី២០ ខែមករា ឆ្នាំ២០១៩ ពីបទ​ប្រើអំពើហិង្សា​ដោយ​ចេតនា ទៅលើនារីម្នាក់ដោយយកកូន​កន្ត្រៃ​ច្រឹប​អំបោះ​ចុង​ស្រួច ចាក់ទៅលើ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​របួស​រលាត់​ឆូត​ស្បែក​ក្រោម​ចង្ការ​ខាងឆ្វេង ឆូត​លើ​ថ្គាម​ខាងឆ្វេង និង​ស្នាម​ឆូត​លើ​ថ្ពាល់​ខាងឆ្វេង របួសស្រាល។ហេតុការណ៍នេះកើតឡើងនៅចំណុច​ក្នុង​បន្ទប់​ផ្លាស់​ខោអាវ​នារី​ក្នុង​ខារ៉ាអូខេ ឌី​យ៉ា​ម៉​ង​ផា​លេស (ជាន់​ទី១) ដែលមាន​ទីតាំង​ផ្ទះ​លេខ​៨០H ផ្លូវ​លេខ២៧១ ក្រុម៣១ ភូមិ១២ សង្កាត់​ទឹកល្អក់​ទី៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

    ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ឌន ឡី ហៅ ឡៃ ភេទ​ស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ខារ៉ាអូខេ ឌី​យ៉ា​ម៉​ង​ផា​លេស ស្នាក់នៅ​ផ្ទះជួល (បន្ទប់​លេខ​៨B) ផ្លូវលំ សង្កាត់​កា​កាប១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ចំណែកឯជនរងគ្រោះមានឈ្មោះ កែវ ស្រី​ទូច ភេទ​ស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ខារ៉ាអូខេ ឌី​យ៉ា​ម៉​ង​ផា​លេស ស្នាក់នៅ​ផ្ទះជួល​លេខ​៧B ផ្លូវ​លេខ២៧១ ភូមិ១១ សង្កាត់​ទឹកល្អក់​ទី៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

    តាមប្រភពពត៌មានបានអោយដឹងថាមុនពេលមានករណីហិង្សានេះកើតឡើងកាលពីវេលាម៉ោង ០២និង៣៥នាទី​រំលងអធ្រាត្រឈានចូលថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៩ ជនសង្ស័យ​ឈ្មោះ ឌន ឡី ហៅ ឡៃ ក្រោយពី​ចប់​ម៉ោង​ធ្វើការ​ក៏បាន​មានទំនាស់​ពាក្យសម្ដី​​ជាមួយ​ឈ្មោះ ស្រី​ល័​ក្ខ ភេទ​ស្រី មានអាយុ​ប្រហែល២៧ឆ្នាំ មុខរបរ បុគ្គលិក ខារ៉ាអូខេ ជាមួយគ្នារឿង​បិទ​ភ្លើង​នៅក្នុង​បន្ទប់​ខារ៉ាអូខេ ដោយ​ជេរ​ដៀមដាម​ដាក់គ្នាទៅវិញទៅមក។

    ក្រោយមកនារីឈ្មោះ ស្រី​ល័​ក្ខ ក៏បានស្ទុះចុះពីកៅអីហើយទះកំផ្លៀងនារីឈ្មោះ ឌន ឡី ហៅ ឡៃ ចំនួន៣ដៃ។ក្រោយពេលទះកំផ្លៀងនារីឈ្មោះ ឌន ឡី ហៅ ឡៃ រួចហើយនារីដែលទះកំផ្លៀងគេនោះក៏ធ្វើដំណើរត្រលប់ទៅផ្ទះបាត់ទៅ។

    បន្ទាប់ពីនោះនារីឈ្មោះ ឌន ឡី ហៅ ឡៃ ក៏ធ្វើដំណើរចុះមកខាងក្រោមដើម្បីផ្លាស់សំលៀកបំពាក់នៅក្នុងបន្ទប់របស់នារីរងគ្រោះឈ្មោះ កែវ ស្រី​ទូច ដោយជេររងំៗ។នារីឈ្មោះ កែវ ស្រី​ទូច ស្មានថានារីឈ្មោះ ឌន ឡី ហៅ ឡៃ ជេរខ្លួនក៏កើតមានទំនាស់ពាក្យសម្ដីដាក់គ្នានិង​បោចសក់​គ្នា​ទៅវិញទៅមក រហូតឈានដល់ការប្រើអំពើហិង្សាដាក់គ្នាដោយនារីឈ្មោះ ឌន ឡី ហៅ ឡៃបាន​យក​កូន​កន្ត្រៃ​សម្រាប់​ច្រឹប​អំបោះ​ចុង​ស្រួច​ដែល​ដាក់​ក្នុង​កាបូប​របស់ខ្លួន យកទៅ​ចាក់​លើ​ជនរងគ្រោះ​ឈ្មោះ កែវ ស្រី​ទូច បណ្ដាល​ឲ្យ​របួស​រលាត់​ឆូត​ស្បែក​ក្រោម​ចង្ការ​ខាងឆ្វេង ឆូត​លើ​ថ្គាម​ខាងឆ្វេង និង​ស្នាម​ឆូត​លើ​ថ្ពាល់​ខាងឆ្វេង របួសស្រាល។

    ក្រោយកើតហេតុ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទឹកល្អក់​ទី៣ក៏ចុះមក​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឌី ឡី ហៅ ឡៃ យកមក​កាន់អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់​ការបន្តតាមនីតិវិធីច្បាប់។

    ប្រភព៖ sharenewsdaily

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ