• អាជ្ញាធរ សម្រេចបិទហាងខារ៉ាអូខេ PRO KTV ក្រោយមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានជនសង្ស័យ៥៨នាក់ និងគ្រឿងញៀនមួយចំនួន

    (ភ្នំពេញ)៖ អាជ្ញាធរសម្រេចបិទទីតាំងអាជីវកម្មខារ៉ាអូខេ PRO KTV ដែលស្ថិតតាមបណ្តោយមហាវិថីព្រះមុនីវង្ស ផ្ទះលេខ៧៥៧ និង៧៥៨ ស្ថិតនៅក្រុម២៦ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មិនឲ្យបើកដំណើរការអាជីវកម្មប្រភេទនេះទៀតឡើយ បន្ទាប់ពីកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានជនសង្ស័យ៥៨នាក់ ជាមួយនឹងថ្នាំញៀនមួយចំនួន។ នេះតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញន ប្រាប់បណ្តាញព័ត៌មាននៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ។

    នាយឧត្តសេនីយ៍បានបញ្ជាក់ថា បន្ទាប់ពីធ្វើការស្រាវជ្រាវរួចមក ទីតាំងខាងលើនេះ មិនត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យបើកដំណើរការទៀតទេ ព្រោះសមត្ថកិច្ចធ្លាប់ង្ក្រាបករណីគ្រឿងញៀនម្តងរួចមកហើយ និងទើបបង្ក្រាបម្តងទៀតនៅយប់ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩។ ដូច្នេះអាជ្ញាធរមិនអនុញ្ញាតឲ្យទីតាំងដដែលនេះ បើកអាជីវកម្មប្រភេទនេះទៀតឡើយ គឺសម្រេចបិទតែម្តង។

    សូមជម្រាបថា កម្លាំងជំនាញ (ក៨) និង (ក៣) នៃមន្ទីរប្រឆាំងគ្រឿងញៀន នៅម៉ោង១២៖១៥នាទី ឈានចូលថ្ងៃទី១៩មករា ឆ្នាំ២០១៩ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន និងផ្តល់ទីតាំងឲ្យជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងក្លិប PRO KTV ដោយឃាត់ខ្លួនជនសង្ស័យ៥៨នាក់ (ស្រី២៤នាក់) មាន៥ជនជាតិ រួមមានជនជាតិចិន២៩នាក់ (ស្រី៥នាក់), ជនជាតិវៀតណាម ២៣នាក់ (ស្រី១៥នាក់), ជនជាតិថៃ០២នាក់, ជនជាតិខ្មែរ០៣នាក់ (ស្រី២នាក់) និងជនជាតិកូរ៉េម្នាក់។

    ក្រោយធ្វើតេស្តរួចមកសមត្ថកិច្ចរកឃើញថា ជនសង្ស័យ៥២នាក់វិជ្ជមាន (មានជាប់សារធាតុញៀន) និងអវិជ្ជមាន០៦នាក់ (មិនមានប្រើប្រាស់) ហើយបើបែងចែកប្រភេទជនសង្ស័យរួមមាន៖ អនុប្រធានក្រុមហ៊ុនម្នាក់ ជាម្ចាស់ទីតាំង, មេការធំម្នាក់ មេការតូចម្នាក់ ជាអ្នកចាត់ចែង, អ្នកប្រើប្រាស់៥៣នាក់ និងអ្នកកំដរ០២នាក់។ ចំពោះវត្ថុតាងដែលចាប់យកបានរួមមាន៖ អ៊ិចស្តាស៊ីគ្រាប់ទម្ងន់២.០៥ក្រាម, ម្សៅគេតាមីន៦.៥៨ក្រាម និងម្សៅកាហ្វេអ៊ិចស្តាស៊ី ៩៧.០៨ក្រាម។ វត្ថុតាងទាំងនេះ មិនទាន់មានអ្នកទទួលខុសត្រូវទេ ដោយថ្នាំទាំងនេះរាយបាយលើតុ ជ្រុះដី ពួកគេបដិសេធទាំងអស់គ្នា។

    បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង បានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ស្អែកនេះ។

    សូមបញ្ជាក់ ទីតាំងខាងលើត្រូវបានសមត្ថកិច្ចបង្ក្រាបម្តងរួចមកហើយ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ បានឃាត់ខ្លួនមនុស្ស១៧នាក់ (ស្រី៣) ក្នុងនោះ អ្នកជួញដូរ២នាក់ និងអ្នកប្រើប្រាស់១៥នាក់ (ស្រី៣នាក់) និងបានចាប់យកវត្ថុតាងថ្នាំញៀនប្រភេទខេតាមីន ៣០គ្រាប់ និងម៉េតំហ្វេតាមីន ICE ១៨កញ្ចប់តូចទៀតផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ