• ញាក់សាច់! ​ប៉េអឹម​ខេត្ត​រតនគីរី​ម្នាក់ បើករថយន្ត​បុក​អ្នកកាសែត​ម្នាក់ ដាច់​ប្រអប់ជើង​ម្ខាង ខ្ទាត​ជាច្រើន​ម៉ែត្រ និង​បាក់​ភ្លៅ​ទាំង​ពីរ​ថែម​ទៀត

    រតនគិរី ​៖ មន្ត្រី​ប៉េអឹម​ក្រុង​បាន​លុង​ខេត្ត​រតនគីរី​ម្នាក់ បាន​បើករថយន្ត​បុក​អ្នកកាសែត​ម្នាក់ កំពុង​ជិះ​ម៉ូតូ​បណ្ដាលឱ្យ​ដាច់​ប្រអប់ជើង​ម្ខាង ខ្ទាត​ជាច្រើន​ម៉ែត្រ និង​បាក់​ភ្លៅ​ទាំង​ពីរ​ថែម​ទៀត កាលពី​យប់​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៩​។ ជនរងគ្រោះ​ឈ្មោះ​អ៊ុច សា​វ័ន្ដ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ជនជាតិ​ខ្មែរ របរ​ជា​អ្នក​យក​ព័ត៌​ឲ្យ kH.TV ប្រចាំ​ខេត្ដ​រតនគិរី​។​

    ​ជន​បង្ក​ជា​មន្ត្រី​ប៉េអឹម​ម្នាក់​ឈ្មោះ ផន រដ្ឋា បើក​ចេញពី​ក្រុង​បាន​លុង​ខេត្ត​រតនគីរី​។​ ​អ្នក​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កា​មា​រី (​បា​ឡែន​) ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 2F.4498 បើកបរ​ដោយ​មន្ត្រី​ប៉េអឹម​ម្នាក់​ឈ្មោះ ផន រដ្ឋា បើក​ចេញពី​ក្រុង​បាន​លុង ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ក្នុង​យ៉ាង​លឿន ខណៈពេល​បើក​មកដល់​កន្លែងកើតហេតុ ចំណុច​មុខ​សង្កាត់​កា​ចាញ ក្រុង​បាន​លុង រថយន្ត​នោះ​បាន​វ៉ា​ជាមួយ​រថយន្ត​មួយ​គ្រឿង​ផ្សេងទៀត ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​អ្នកកាសែត​ម្នាក់ កំពុងធ្វើដំណើ​រ​បញ្ជ្រាសទិស ពី​លិច​ទៅ​កើត គឺ​បុក​ពេញទំហឹង បណ្តាលឲ្យ​ជនរងគ្រោះ ផ្លោង​ទាំង​ម៉ូតូ​ទាំង​មនុស្ស​ធ្លាក់​ពីលើ​ផ្លូវ​របួស​បាក់កំ​ភ្លៅ​ទាំង​ពីរ​និង​ដាច់​ប្រអប់ជើង​ខាងឆ្វេង​ម្ខាង​។​

    ​ក្រោយ​កើតហេតុ​មន្ដ្រី​ប៉េអឹម បើក​បុក​ជនរងគ្រោះ បណ្ដាលឲ្យរ​បួសធ្ងន់ ហើយ​​តៃកុង​នោះបាន​ដក​សោ រួច​ចុះ​រត់គេចខ្លួន ដោយ​ទុក​ជនរងគ្រោះ​ចោល​នៅ​ទីនោះ​។​

    លោក សួន សាវុធ នាយប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កាចាញ បាន​ជួយ​អន្តរាគមន៍ ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ជនរងគ្រោះ និង​ប៉ូលិសចរាចរ​ផ្លូវគោក ឲ្យទៅ​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត ដើម្បី​សង្គ្រោះបន្ទាន់ ។​

    ​មន្ដ្រីប៉ូលិស​ចរាចរណ៍​ខេត្ត​រតនគិរី កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៩ បានបញ្ជាក់​ថា​៖ ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើ មកដល់ពេលនេះ មិនទាន់​បាន​សន្និដ្ឋាន​ថា ភាគី​ខាង​ខុស ឬ​ត្រូវ​នៅឡើយ​ទេ​។​

    ​មន្ដ្រីប៉ូលិស​បាន​បញ្ជាក់​ថា ជនរងគ្រោះ​បច្ចុប្បន្ន កំពុង​សម្រាកព្យាបាល​នៅ​ប្រទេស​វៀតណាម​៕

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ