• ទីបំផុត ព្រះរាជអាជ្ញារសម្រេចចោទ មេការជនជាតិចិនរបស់មន្ទីរពេទ្យវ៉ិចតូរៀ ពីបទ «បង្ខាំងមនុស្សដោយខុសច្បាប់ និងបទកំហែងយក»

    (ភ្នំពេញ)៖ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ចប់ការសាកសួរជនជាតិចិន ដែលេពាក់ព័ន្ធករណីបង្ខំ ឲ្យស្ដ្រីម្នាក់វះកាត់​ និងបង្ខាំងទុកស្ត្រីជាម្តាយទាំងយប់ ព្រោះគ្មានលុយថ្លៃព្យាបាល នៅក្នុងមន្ទីរពេទ្យវ៉ិចតូរៀពីបទ «បង្ខាំងមនុស្សដោយខុសច្បាប់ និងបទកំហែងយក»។ សំណុំរឿងនេះ នឹងត្រូវបន្តបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធីតុលាការ។ នេះបើតាមមន្រ្តីតុលាការ បានប្រាប់ភ្នាក់ងារព័ត៌មាននៅរសៀលថ្ងៃនេះ។

    យោងតាម​ច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ មាត្រា២១៖ ការ​ចាប់​ពង្រត់​ ការ​ឃុំឃាំង​ ឬ​ការ​បង្ខាំង។ បុគ្គល​ដែល​ចាប់​ឃុំឃាំង​ ឬ​បង្ខាំង​ជន​ដទៃ​ ដោយ​គ្មាន​​អំណាច​តាម​ផ្លូវ​ច្បាប់​ ត្រូវ​ផ្ដន្ទាទោស៖

    *ទី១​៖ជាប់​ពន្ធនាគារ​ពី​ ៣​ (បី) ឆ្នាំ​ ទៅ​ ៥​ (ប្រាំ)ឆ្នាំ​ បើ​ការ​ចាប់​ ការ​ឃុំឃាំង​ ឬ​ការ​បង្ខាំង​ខ្លួន​ មាន​រយៈ​ពេល​តិច​ជាង​មួយ​ខែ។
    *ទី២៖ជាប់​ពន្ធនាគារ​ពី​ ៥​ (ប្រាំ) ឆ្នាំ​ ទៅ​ ១០​ (ដប់) ឆ្នាំ​ បើ​ការ​ចាប់​ ការ​ឃុំឃាំង​ ឬ​ ការ​បង្ខាំង​ខ្លួន​ មាន​រយៈពេល​ស្មើ​ ឬ​ លើស​ពី​មួយ​ខែ។

    ដោយឡែក អំពើកំហែងយក ក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល។

    សូមបញ្ជាក់ថា ករណីកើតខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៨៖០០នាទីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យវ៉ិចតូរៀ ដែលមានទីតាំងនៅផ្ទះលេខ៦១A ផ្លូវលេខ ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជារបស់លោកស្រីវេជ្ជបណ្ឌិត​ សៀង សុគន្ធ អ្នកទទួលខុសត្រូវ មន្ទីរពេទ្យវ៉ិចតូរៀ។

    សម្រាប់ហេតុការណ៍នេះ នារី​រងគ្រោះ និងម្តាយរួមជាមួយប្អូនប្រុស បានទៅ​មន្ទីរពេទ្យ​អន្តរជាតិ​វ៉ិ​តូរៀ ​​ដើម្បី​មក​ពិនិត្យ​ជំងឺ​រោគ​ស្ត្រី​។ បន្ទាប់​ពី​បាន​ពិនិត្យ​រួច ​ស្រាប់​តែ​ខាង​មន្ទីរ​ពេទ្យ​ បាន​ប្រាប់​ឲ្យ​នារី​រងគ្រោះ​​ត្រូវ​តែ​វះកាត់​បើ​មិន​វះកាត់គីសដៃស្បូន​ទេ​អាច​នឹង​ស្លាប់​។ ភ្លាមៗ​នោះ​នារី​រងគ្រោះ​បាន​និយាយ​ថា ​ខ្លួន​គ្មាន​ប្រាក់​ទេ ប៉ុន្តែខាងមន្ទីរពេទ្យនៅតែបង្ខំ និងមិនបានប្រាប់តម្លៃទៀត រហូតធ្វើការវះកាត់ ហើយអស់ប្រមាណ២០០០ដុល្លារ។ ជនរងគ្រោះមិនមានលុយឲ្យគ្រប់ ទើបខាងមន្ទីរពេទ្យចាប់ឃុំក្រុមជនរងគ្រោះតែម្តង។

    ក្រោយទទួលបានព័ត៌មាននេះ និងក្រោយការចុះស្រាវជ្រាវរួចមក រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញសេចក្តីសម្រេចបិទមន្ទីរពេទ្យនេះជាបណ្តោះអាសន្នផងដែរ។

    ​ទាក់ទិនព្រឹត្តិការណ៍ដ៏កក្រើកមួយនេះ មជ្ឈដ្ឋាននានា រួមទាំងអ្នកសារព័ត៌មាន ដែលបានទៅយកព័ត៌មានផ្ទាល់ និងផ្សាយផ្ទាល់ទាំងយប់ បានទទូចឲ្យរដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងអាជ្ញាធរចាត់វិធានការ​ឲ្យតឹងរឹងបំផុត ពោលមិនត្រឹមតែបិទត្រឹមមន្ទីរពេទ្យនោះឡើយ គឺត្រូវរកអ្នកទទួលខុសត្រូវ ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងករណីនេះ មកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

    តាមព័ត៌មានមួយចំនួន មន្ទីរពេទ្យវ៉ិចតូរៀនេះ ពីមុនមានឈ្មោះថា «សៀនតាយ» ប៉ុន្ដែក៏មានរឿងអាស្រូវលើការព្យាបាលជំងឺ ក៏ត្រូវបានក្រសួងសុខាភិបាល បិទចោល ប៉ុន្ដែក៏សុំបើកដោយប្ដូរឈ្មោះ វ៉ិចតូរៀ នេះតែម្ដង រហូតមានរឿងអាស្រូវជាលើកទី២៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ