• ក្រសួង​​វប្បធម៌ ​រកឃើញហើយ ក្រុមហ៊ុន​ដែលយក​​រូប​ប្រាសាទ​អង្គរវត្ត និងទង់ជាតិខ្មែរ ច្នៃជាគម្របចានបង្គន់ ដាក់​លក់​តាម​ Amazon

    (ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ថ្ងៃទី១៧ ខែមករានេះ បានផ្ញើលិខិតទៅឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងលោក ត្រាំ អ៉ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ដើម្បីជួយទប់ស្កាត់ការផ្សព្វផ្សាយ ករណីដែលក្រុមហ៊ុន Amazon យករូបប្រាសាទអង្គរវត្ត ទៅធ្វើជាគម្របចានបង្គន់ និងកម្រាលជើងដាក់លក់តាម Online នាំឲ្យកក្រើក និងថ្កោលទោសខ្លាំងៗពីប្រជាពលរដ្ឋខ្មែរ។

    យោងតាមលិខិតដែលទទួលបាននៅរសៀលថ្ងៃនេះបានឲ្យដឹងថា តាមរយៈការស្រាវជ្រាវបឋម តាមប្រព័ន្ធលក់ដូរទំនិញគេហទំព័រ Amazon និងគេហទំព័រមួយចំនួន អាជ្ញាធរជាតិអប្សារារកឃើញថា ទំនិញទាំងនោះភាគច្រើនមានប្រភព និងទីតាំងផលិតនៅប្រទេសចិន មានដូចជាក្រុមហ៊ុន Bestchong និងក្រុមហ៊ុន Keiwiornb ព្រមទាំងក្រុមហ៊ុនមួយចំនួនទៀត ដែលពុំអាចកំណត់ប្រភពច្បាស់លាស់។

    នៅរសៀលថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានថ្លែងឲ្យដឹងថា ក្រសួងវប្បធម៌កំពុងដោះស្រាយបញ្ហាផ្ទុះប្រតិកម្មពីប្រជាពលរដ្ឋកម្ពុជា ក្រោយក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកលក់ទំនិញតាម Online របស់មហាអំណាចអាមេរិក លើករណីយករូបប្រាសាទអង្គរវត្ត ធ្វើជាគម្របចានបង្គន់ និងកម្រាលជើងដាក់លក់តាម Online។ ទង្វើរបស់ក្រុមហ៊ុន Amazon បែបនេះ បានធ្វើឲ្យកក្រើកការរិះគន់ពេញបណ្តាញសង្គម Facebook ពីសំណាក់មហាគ្រួសារខ្មែរ ពីព្រោះប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក និងល្បីពេញសុះសាយពេញពិភពលោក មិនគួរណាក្រុមហ៊ុនមួយនេះទៅដាក់ច្នៃធ្វើជាគម្របចានបង្គន់ និងកម្រាលជើងនោះឡើយ។

    លោកស្រីរដ្ឋមន្ត្រីបានបញ្ជាក់ថា ករណីករណីក្រុមហ៊ុន Amazon យករូបប្រាសាទអង្គរវត្ត ធ្វើជាគម្របចានបង្គន់ និងកម្រាលជើង ដាក់លក់តាម Online ក្រសួងបានផ្ញើលិខិតមួយទៅក្រុមហ៊ុន ដើម្បីសុំឲ្យក្រុមហ៊ុនគិតគូរឡើងវិញពីការរចនា រូបប្រាសាទអង្គរវត្ត ក៏ដូចជាប្រាសាទនានា ដែលជារូបអច្ឆិរយលើពិភពលោក មកបង្ហាញលើ Online Shopping មួយនេះ។

    បញ្ហានេះប្រជាពលរដ្ឋកម្ពុជា បានសម្តែងការមិនពេញចិត្តចំពោះទង្វើ និងសកម្មភាពរបស់ក្រុមហ៊ុនអាមេរិចមួយនេះ និងបានប្រតិកម្មយ៉ាងខ្លាំង។ ប្រជាពលរដ្ឋ បានថ្កោលទោសថា ក្រុមហ៊ុនអាមេរិក Amazon បានបានប្រមាថជាតិសាសន៍ខ្មែរ ក៏ដូចជាបុព្វបុរសខ្មែរយ៉ាងខ្លាំង ដែលមិនអាចទទួលយកបានឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ