• អឺរ៉ុបសម្រេចយកពន្ធនាំចូលអង្កររបស់កម្ពុជា និងមីយ៉ាន់ម៉ា រយៈពេល៣ឆ្នាំ ចាប់អនុវត្តចាប់ពីថ្ងៃទី១៨ ខែមករាតទៅ !

    (ភ្នំពេញ)៖ សហគមន៍អឺរ៉ុប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា សហគមន៍មួយនេះ នឹងចាប់ផ្តើមគិតពន្ធលើការនាំចូលអង្កររបស់កម្ពុជា និងប្រទេសមីយ៉ាន់ម៉ា ដែលនាំចេញទៅកាន់ប្រទេសដែលជាសមាជិកអឺរ៉ុប ចំនួន២៨ប្រទេស សម្រាប់រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ ២០២១។

    ការគិតពន្ធនាំចូលអង្កររបស់កម្ពុជា ចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩តទៅ សម្រាប់រយៈពេល៣ឆ្នាំ ដោយឆ្នាំដំបូងតម្លៃពន្ធចំនួន១៧៥ផោន (ប្រហែលជាង២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ តម្លៃ១៥០ផោន (ជិត២០០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ តម្លៃ១២៥ផោន (ប្រហែល១៦០ដុល្លារ) ក្នុង១តោន។

    ការយកពន្ធលើកអង្ករកម្ពុជានេះ ដោយសារអឺរ៉ុបរកឃើញថា អង្កររបស់កម្ពុជា និងមីយ៉ាន់ម៉ា ដែលនាំចូលទៅអឺរ៉ុប បានធ្វើឲ្យប៉ះពាល់ដល់អ្នកផលិតអង្កររបស់ពួកគេ បន្ទាប់ពីមានបណ្តឹងតវ៉ាពីប្រទេសអ៊ីតាលី និងអេស្ប៉ាញ។

    ទាំងរាជរដ្ឋាភិបាល អ្នកនាំចេញ រោងម៉ាស៊ីនកិនស្រូវ កសិករដាំដុះស្រូវរបស់កម្ពុជា ធ្លាប់បានចាត់ទុកការដាក់ពន្ធនេះ គឺជាវិធានការមិនសមហេតុផលរបស់អឺរ៉ុបមកលើកម្ពុជា ដោយសារតែប្រទេសសមាជិកអឺរ៉ុប មិនអាចផលិតអង្ករក្រអូបបានឡើយ គឺផលិតបានតែអង្ករសធម្មតាប៉ុណ្ណោះ ហើយអង្ករដែលកម្ពុជា នាំទៅអឺរ៉ុបគឺជាអង្ករក្រអូប។ អ្នកនាំចេញបានស្នើឲ្យអឺរ៉ុប ញែកឲ្យដាក់រវាងអង្ករកម្ពុជា និងអង្ករមីយ៉ាន់ម៉ា ព្រោះប្រទេសទាំងពីរមានស្ថានភាពខុសគ្នា កុំយកស្ថានភាពពីរផ្សេងគ្នា មកដាក់បញ្ចូលគ្នាតែមួយបែបនេះ។

    ទោះបីជាមានការសម្រេចយ៉ាងនេះ ក្តីអ្នកនាំចេញកម្ពុជា អះអាងថាអង្កររបស់កម្ពុជា នៅតែអាចរកបានច្រកចេញទៅតាមវិធីផ្សេងៗ ទោះបីលទ្ធភាពនាំចេញទៅអឺរ៉ុបមិនអាចបានចំនួនច្រើនដូចមុនក្តី។

    លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ Amru Rice បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះថា «យើងនៅតែអាចរកច្រកចេញ ដោយសារតែក្នុងប្រព័ន្ធ EU មានប្រព័ន្ធអនុគ្រោះផ្សេងទៀត មានប្រព័ន្ធខ្លះអត់មាន EBA តែយើងមានកូតាដែលយើងអាចនាំចេញបាន។ ឧទាហរណ៍អង្ករដែលត្រូវបង់ពន្ធ យើងអាចកិនវាជាអង្ករសំរូបដែលអាចរួចពន្ធបានជាដើម។ យើងនឹងពិនិត្យមើលផ្លូវ និងមធ្យោបាយផ្សេងៗ បន្ទាប់ពី EU ប្រកាសជាផ្លូវការ ថាតើយើងអាចជួយស្រោចស្រង់ទីផ្សារយើងបានកម្រិតណា ដែលទាមទារឲ្យយើងប្រជុំជាមួយស្ថាប័នអន្តរក្រសួង ខាងភាគីឯកជនម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញដើម្បីរកមធ្យោបាយដោះស្រាយបញ្ហានេះ»។

    លោក សុង សារ៉ន យល់ថា ការកំណត់ពន្ធរបស់អឺរ៉ុបនេះ មានតម្លៃខ្ពស់ដែលធ្វើឲ្យប្រភេទអង្កររបស់កម្ពុជាមួយចំនួន ពិបាកធ្វើការប្រកួតប្រជែង។ អឺរ៉ុបគួរតែបែងចែកការដាក់ពន្ធនេះ ទៅតាមប្រភេទអង្ករ ព្រោះកម្ពុជាមានអង្ករក្រអូបច្រើនដែរ ដែលនាំចេញទៅអឺរ៉ុបនេះ។

    ពាក់ព័ន្ធបញ្ហានេះ បណ្តាញព័ត៌មានមិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពី លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានទេ ដោយលោកមានការជាប់រវល់។

    ថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញនូវការធ្វើកំណែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុង ដោយធ្វើការកាត់បន្ថយការចំណាយផ្លូវការ និងក្រៅផ្លូវការ ដើម្បីអាចឲ្យអ្នកធ្វើធុរកិច្ចមានលទ្ធភាព កាន់តែប្រសើរក្នុងការប្រកួតប្រជែងទីផ្សារនាំចេញ ទោះបីគ្មានការអនុគ្រោះពន្ធក៏កម្ពុជា នៅតែអាចនាំចេញបាន គ្មានការអនុគ្រោះពន្ធក៏កម្ពុជាមិនស្លាប់។

    សូមជម្រាបថា សហគមន៍អឺរ៉ុបគឺជាទីផ្សារដ៏សំខាន់សម្រាប់អង្ករកម្ពុជា នៅឆ្នាំ២០១៨ កម្ពុជានាំចេញអង្ករទៅអឺរ៉ុបជិត៣០ម៉ឺនតោន ស្មើនឹង៤២.៩៨ភាគរយនៃចំនួន ដែលបាននាំចេញទាំងអស់ចំនួន៦២ម៉ឺនតោន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ