• ការនាំចេញអង្ករនៅកម្ពុជា មានការធ្លាក់ចុះក្នុងឆ្នាំ ២០១៨ បើប្រៀបធៀបនឹងការនាំចេញទៅទីផ្សារអន្តរជាតិ កាលពីឆ្នាំមុន

    បើយោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីម្សិលមិញដោយលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់នីតិវិធីនាំចេញអង្ករ (SOWS-REF) បានប្រាប់អោយដឹងថាការនាំចេញអង្ករនៅកម្ពុជាកាលពីឆ្នាំមុនមានការធ្លាក់ចុះបន្តិច។ គួរបញ្ជាក់ផងដែរថាប្រទេសកម្ពុជាបាននាំចេញអង្ករ ៦២៦,២២៥​ តោនទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងឆ្នាំ ២០១៨ ដែលជាការធ្លាក់ចុះ ១,៥%បើធៀបនឹងឆ្នាំ ២០១៧។

    ក្រុមហ៊ុនក្នុងស្រុកបាននាំចេញអង្ករ ៣ប្រភេទគឺអង្ករក្រអូប (៤៩៣,៥៩៧តោន ឫស្មើនឹង ៧៨.៨២%នៃការនាំចេញអង្ករសរុប) អង្ករគ្រាប់វែង (១០៥,៩៩០តោន ឫស្មើនឹង ១៦.៩៣%) និងអង្ករចំរុះវែង (២៦,៦៣៨តោន ឫស្មើនឹង ៤.២៥%)។ ទីផ្សារធំបំផុតសម្រាប់អង្ករកម្ពុជានៅតែជាសហភាពអឺរ៉ុបដែលបាននាំចូលស្ទើរតែ ២៧០,០០០តោនស្មើនឹង ៤២.៩៨%នៃការនាំចេញសរុប។ បន្ទាប់ពីនេះតាមប្រទេសនីមួយៗដែលទិញអង្ករពីកម្ពុជាច្រើនបំផុតរួមមានប្រទេសចិន (១៧០,០០០តោន) បន្ទាប់មកប្រទេសបារាំង (៩០,០០០តោន), ម៉ាឡេស៊ី (៤០,០០០តោន), ហ្គាបុង (៣០,០០០តោន) និងហូឡង់ (២៦,០០០តោន)។

    លោក ហ៊ុន ឡាក អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានអោយដឹងថាការនាំចេញនៅក្នុង ២០១៨នេះមានកម្រិតទាបជាងឆ្នាំ ២០១៧ប៉ុន្តែបរិមាណនាំចេញច្រើនក្នុងខែធ្នូបានជួយកាត់បន្ថយគម្លាត។ ទោះជាមានការធ្លាក់ចុះជាង ១,៥%ប៉ុន្តែបើយើងកត់សម្គាល់ពីតម្លៃនាំចេញសរុបមិនផ្លាស់ប្ដូរប៉ុន្មានទេទៅនឹងឆ្នាំ ២០១៧ ដោយសារអង្ករក្រអូបមានតម្លៃខ្ពស់នៅទីផ្សារអន្តរជាតិ។ លោកក៏បានបន្ថែមថាអង្ករក្រអូបដែលមានគុណភាពខ្ពស់នាពេលនេះលក់បានក្នុងតំលៃ ៨៨៥ដុល្លារក្នុងមួយតោន ខណះដែលអង្ករគុណភាពទាបលក់បាន ៧៥០ដុល្លារក្នុងមួយតោន៕

    អត្ថបទដោយ៖ RathDy
    ប្រភព ៖ khmertimeskh

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ