• រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ៖ «ភ្ញៀវ​កាន់​តែ​ច្រើន​ ប្រព័ន្ធ​បង់លុយ​ចត​រថយន្ត​នៅ​អាកាសយានដ្ឋាន​ភ្នំពេញ​ កាន់​តែប្រឹង​ធ្វើ​ឱ្យ​យឺត…»

    (ភ្នំពេញ)៖ ឮតែអ្នកដំណើរ និងភ្ញៀវទេសចរជាច្រើន បានរិះគន់ជារឿយៗ ចំពោះបែបបទនៃការបង់ប្រាក់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនោះ ស្រាប់តែពេលនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ក៏ដាច់ចិត្តទ្រាំលែងបាន ហើយលើកដៃសរសេរសាររិះគន់ជាសាធារណៈនៅលើគណនី Facebook របស់ខ្លួន ចំពោះបញ្ហានេះយ៉ាងចាស់ដៃផងដែរ។

    នៅក្នុង Facebook លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ បានសរសេរថា «ភ្ញៀវ​កាន់​តែ​ច្រើន​ ប្រព័ន្ធ​បង់លុយ​ចត​រថយន្ត​នៅ​អាកាសយានដ្ឋាន​ភ្នំពេញ​ កាន់​តែប្រឹង​ធ្វើ​ឱ្យ​យឺត។ ធម្មតា​គេ​បង់លុយ​នៅ​បញ្ជរ​ចេញ​ តែ​នេះ​អ្នក​បើក​ឡាន​ ត្រូវ​ឈប់​ឡាន​នៅ​បញ្ជរ​ចេញ ​ហើយ​រត់​ទៅ​បង់​លុយ​នៅ​កន្លែង​ផ្សេង​»។

    រដ្ឋមន្ត្រីដែលតែងតែលើកឡើងពីបញ្ហាជាក់ស្ដែងក្នុងសង្គម មកបង្ហាញនៅលើ Facebook រូបនេះ ថែមទាំងបានចំអន់ឲ្យមួយឃ្លាទៀតថា «ដើរ​មួយពិភពលោក​ ទើប​ឃើញ​ក្បាច់​នេះ​មួយ!»។ ប្រយោគនេះ ហាក់ចង់ទទូចឲ្យមន្ត្រីធ្វើការនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ គិតគូរលើការកែសម្រួលបែបបទ នៃការបង់ប្រាក់នេះឡើងវិញ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកដំណើរ និងភ្ញៀវទេសចរកុំឲ្យមានភាពស្មុគស្មាញដូចពេលបច្ចុប្បន្ន។

    នៅក្នុងប្រអប់មតិយោបល់ (Comment) លើគណនី Facebook របស់លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដដែលក៏មានអ្នកប្រើប្រាស់ Facebook មួយចំនួន លើកឡើងពីបញ្ហានេះជាបន្តបន្ទាប់ផងដែរ។ អ្នកខ្លះបានបង្ហាញមតិរិះគន់ថា «នៅមានមួយទៀតឯកឧត្តម ភ្ញៀវខ្លះជូនសាច់ញាតិមក ត្រូវចូលជួរដាក់ភ្ញៀវសិន ទើបបើករថយន្តចេញក្រៅហើយចូលម្តងទៀតតាមជួរផ្ញើរថយន្ត»។

    អ្នកប្រើប្រាស់ Facebook មួយចំនួនទៀតលើកឡើងថា ប្រព័ន្ធបង់លុយចតរថយន្តនៅអាកាសយានដ្ឋានភ្នំពេញស្មុគស្មាញណាស់ បើបើកបរមិនដែលចូលវិញ ច្បាស់ជាវង្វេងហើយ ឯកឧត្តម»។

    អ្នកខ្លះទៀតថា «ចុះយន្តហោះថ្ងៃមុន ពីសៀមរាបក្មួយប៊ិះមិនទាន់ប្រជុំ។ នៅស្វីសមានដែរ តែមិនរបៀបនេះ តែមិនកកស្ទះចឹងទេ»។

    ឯពលរដ្ឋផ្សេងទៀត ក៏បានរិះគន់ដែរថា «ថ្ងៃមុន ទៅទទួលកូនមកពីប្រទេសចិន បើកឡានពីរជុំបានរកកន្លែងចូលចតឃើញ ហើយចូលចតខុសទៀត គឺចូលចំណតចំកន្លែងសម្រាប់អ្នកដំណើរឡើង មានអីនៅឆ្ងាយពីកន្លែងសម្រាប់អ្នកដំណើរចុះ។ ពីមុន ពេលដល់ច្រកចេញ ទើបបង់លុយដូចនៅផ្សារអ៉ីអន តែឥឡូវ គឺមុននឹងបើកឡានចេញពីចំណត ត្រូវទៅបង់លុយនៅកន្លែងស៊កលុយមុនសិន បានបើកឡានចេញពីកន្លែងចត»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ