• CNN៖ កាណាដា​ព្រមាន​ជាផ្លូវការឲ្យ​ពលរដ្ឋ​ខ្លួន ប្រុងប្រយ័ត្ន​ខ្ពស់ពេល​ចូលទឹកដី​ចិន

    (ប៉េកាំង)៖ ក្រសួង​ការបរទេស​កាណាដា​បានចេញ​សេចក្ដីព្រមានមួយ​ ឱ្យពលរដ្ឋរបស់ខ្លួន​ទាំងនៅ​ទីនោះស្រាប់ និងចង់ធ្វើដំណើរ​ទៅកាន់​ប្រទេសចិន ត្រូវមានការប្រុង​ប្រយ័ត្នខ្ពស់ ខណៈ​ទំនាក់ទំនង​ការទូតរវាងប្រទេសទាំង ២ កំពុងជួបភាពតានតឹងខ្លាំង ក្រោយតុលាការ​ចិនសម្រេច​ផ្ដន្ទាទោស ប្រហារជីវិត​ជនជាតិកាណាដា​ម្នាក់។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន CNN នៅព្រឹកថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩។

    កាលពីថ្ងៃចន្ទ​កន្លងទៅ តុលាការចិន​ក្នុងទីក្រុង ដាលៀន (Dalian) បានសម្រេចចិត្ត​ជាថ្មីម្ដងទៀត ដោយផ្ដន្ទាទោស​ប្រហារជីវិតបុរស​ជនជាតិកាណាដា ម្នាក់ឈ្មោះ រ៉ូប៊ឺត ឡយដ៍ ស្គែលឡិនប៊ឺក (Robert Lloyd Schellenberg)។ លោក Schellenberg កាលពី​ដំបូងឡើយ​ត្រូវបានកាត់ទោស​ឱ្យជាប់ពន្ធនាគារ ១៥ឆ្នាំប៉ុណ្ណោះ ពីបទរត់ពន្ធ​គ្រឿងញៀន​ប្រភេទ មេតំហ្វេតាមីន (methamphetamine) ច្រើនជាង ២២២គីឡូក្រាម ​ពីកំពង់ផែ​ភាគ​ឦសាន​ប្រទេសចិន​ បម្រុងឆ្ពោះទៅកាន់​ប្រទេស​អូស្រ្តាលី​កាលពីឆ្នាំ២០១៤។ ប៉ុន្តែការ​ប្ដូរចិត្តនេះ​ត្រូវបានមជ្ឈដ្ឋានខ្លះ​មើលឃើញថា ជាការសងសឹករបស់​ទីក្រុងប៉េកាំង ​ចំពោះកាណាដា​ ដែលបានធ្វើទុកបុកម្នេញ​ដល់​វិស័យពាណិជ្ជកម្ម-ទូរគមនាគមន៍ចិន។

    តែទោះ​ជាយ៉ាងនេះក្ដី តុលាការចិន​បានអះអាង​ដោយមិនបានបញ្ជាក់​អ្វីលម្អិតថា ការសម្រេច​ចិត្តរបស់ខ្លួន​គឺធ្វើឡើង ដោយផ្អែកទៅ​លើភស្តុតាង​ថ្មីមួយ​ដែលបញ្ជាក់ថា ជនជាតិកាណាដា​រូបនេះសាកសមនឹង​ទទួលទោសប្រហារ​ជីវិត។ មិនតែប៉ុណ្ណោះ​ជាការឆ្លើយ​តប ក្រសួង​ការបរទេសចិន​ក៏បាន​ចេញសេចក្ដីព្រមាន​ដូចគ្នា ទៅនឹងក្រសួង​ការបរទេសកាណាដា​ដែរ ជាមួយការ​កត់សម្គាល់ថា ការចេញ​សេចក្ដីព្រមានពី​ការធ្វើដំណើរ គឺជា​រឿងគ្មានប្រយោជន៍ ពីព្រោះបើ​ជនជាតិកាណាដា​នៅក្នុងប្រទេសចិន​គោរពច្បាប់ នោះពួកគេនឹង​មាន​សុវត្ថិភាព។

    អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ហួ ឈុនយីង (Hua Chunying) បានលើក​ឡើងយ៉ាងដូច្នេះថា «ខ្ញុំគិតថា ការចេញសេចក្ដី​ព្រមានពីការធ្វើដំណើរ​របស់កាណាដា ប្រៀបបាន​ទៅនឹង «ចោរស្រែក​ចាប់ចោរ» ពីព្រោះបច្ចុប្បន្ន​គឺកាណាដា មិនមែនចិន​នោះទេ ដែលឃុំខ្លួនពលរដ្ឋ​បរទេសដោយ​អយុត្តិធម៌ សំអាងលើ​ហេតុផល​ដែលខ្លួន​ហៅថា ស្របច្បាប់»។

    គួរជម្រាបថា ជម្លោះការទូត​រវាងចិន និងកាណាដា​បានផ្ទុះឡើង​ ក្រោយអាជ្ញាធរ​កាណាដា​ក្នុងទីក្រុង វែនខូវើ (Vancouver) បានចាប់ខ្លួន​នាយកប្រតិបត្តិ​ក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou) កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ តាមសំណើរបស់​សហរដ្ឋអាមេរិក​ ដែលបានចោទ​លោក​ស្រី​ថា បានរំលោភបំពា​នលើទណ្ឌកម្មប្រឆាំង​នឹងអ៊ីរ៉ង់។ បន្ទាប់ពីការចាប់​នោះមក ចិនបានធ្វើការចាប់ខ្លួន និងឃុំខ្លួនពលរដ្ឋកាណាដា​ជាច្រើននាក់ ក្នុងនោះ​រួមមានទាំង អតីតមន្ត្រីទូត​កាណាដា លោក ម៉ៃឃើល កូវរីក (Michael Kovrig) និងអ្នកជំនួញម្នាក់​ទៀតគឺលោក ម៉ៃឃើល ស្ប៉ាវ័រ (Michael Spavor) ដោយសង្ស័យថា ពួកគេបានធ្វើសកម្មភាព​អាចបំផ្លាញ​ដល់សន្តិសុខជាតិ​របស់ចិន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ