• បងប្អូន ២ នាក់ អាយុទើប៧ឆ្នាំ និង៣ឆ្នាំ បង្កាត់ភ្លើងដាំទឹកឆុងមី បណ្តាលឲ្យឆេះផ្ទះ ស្លាប់យ៉ាងអាណោចអាធ័ម

    (ពោធិ៍សាត់)៖ យ៉ាងហោចណាស់មានកុមារ២នាក់ ប្អូនបង្កើតបានស្លាប់បាត់ជីវិត យ៉ាងអាណោចអាធ័ម នៅក្នុងករណីគ្រោះអគ្គិភ័យ ឆាបឆេះផ្ទះ១ខ្នង កាលពីវេលាម៉ោង០៤៖១០នាទីល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់។

    តើតាមភ្នាក់ងារព័ត៌មាន ប្រចាំខេត្តពោធិ៍សាត់ បានឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ជាបងប្អូនបង្កើននឹងគ្នា មានឈ្មោះទី១៖ ឈ្មោះ ឯល ម៉ាត់ ភេទប្រុស អាយុ០៧ឆ្នាំ និងទី២៖ ឈ្មោះ ឯល ម៉ៃ ភេទស្រី អាយុ០៣ឆ្នាំ បានស្លាប់ក្នុងភ្លើងតែម្តង។

    ករណីនេះបណ្តាលឱ្យផ្ទះ១ខ្នង ទំហំ៣ម៉ែត្រ គុណ៤ម៉ែត្រ ដំបូលប្រក់ស្បូវជញ្ជាំងស័ង្កសី កម្ពស់២មែត្រ ជាផ្ទះរបស់ឈ្មោះ ត ឯល ភេទប្រុស​អាយុ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម នឹងប្រពន្ធឈ្មោះ សី ធាង អាយុ៣១ឆ្នាំ រស់នៅម្តុំចំណុចអណ្តូងតាជុគ (ក្បាលខ្មោច ) ភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ឆេះអស់ទាំងស្រុង។

    ប្រភពព័ត៌មានពីឪពុក ម្តាយក្មេងជនរងគ្រោះ បានឱ្យដឹងថា នៅពេលដែលម្តាយទៅច្រូតស្បូវចម្ងាយពីផ្ទះប្រហែល៥០០ម៉ែត្រ និងឪពុកទៅមើលក្របី ចំងាយប្រហែល០៣គីឡូម៉ែត្រ និងកូនប្រុសច្បងអាយុ០៩ឆ្នាំ ទៅចងគោហើយពួកគាត់បានទុកកូនតូចទាំងពីរនៅផ្ទះ ហើយកន្លែងកើតហេតុនៅឆ្ងាយដាច់ៗពីផ្ទះគេ ដូច្នេះហើយបានជាមិនមានអ្នកណាដឹងមិនអាចមកជួយទាន់ពេលវេលា។

    តាមការសន្និដ្ឋានរបស់សមត្ថកិច្ច និងប្រជាពលរដ្ឋ បានឱ្យដឹងថា អគ្គិភ័យនេះ គឺកើតឡើងប្រហែលជាក្មេងទាំងពីរនាក់ បានយកដែកកេះបង្កាត់ភ្លើង​ដាំទឹកឆុងមី ទើបបណ្តាលឱ្យមានអគ្គិភ័យកើតឡើងដូច្នេះ។ រីឯសម្ភារខូចខាតមាន៖ ស្រូវ១០ការ៉ុង អង្ករ២០ការ៉ុង នឹងសំភារៈមួយចំនួនទៀត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ