• Wow! លោក ឡេង ណាវ៉ាត់ត្រា នាំយកថវិកា​​៥០លានរៀល បរិច្ចាគដល់មន្ទីរពេទ្យ «គន្ធបុប្ផា»​

    ភ្នំពេញ៖ ម្ចាស់ផលិតកម្ម Galaxy លោក ឡេង ណាវ៉ាត់ត្រា កាលពីព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ ​បាននាំយកថវិកាចំនួន​៥០លានរៀល ទៅបរិច្ចាគដល់មន្ទីរពេទ្យ «គន្ធបុប្ផា» ដែលជាមន្ទីរពេទ្យមួយ ជួយព្យាបាលជំងឺក្មេងៗ ដោយឥតគិតថ្លៃ ប្រចាំប្រទេសកម្ពុជា ដោយក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់ថ្នាក់ដឹកនាំមន្ទីរពេទ្យ គ្រប់ជាន់ថ្នាក់។

    លោក ឡេង ណាវ៉ាត់ត្រា បានថ្លែងប្រាប់ឲ្យដឹងថា ថវិកាចំនួន ៥០លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផានៅពេលនេះ គឺក្នុងគោលបំណងតែមួយគត់ គឺដើម្បីជួយ​សង្គម និងសង្គ្រោះជីវិតកុមារក្រីក្រកម្ពុជា។ ម្យ៉ាងវិញទៀតជីវិតរបស់លោក ក៏ធ្លាប់ហែលឆ្លងនូវការលំបាក កាលពីនៅកុមារភាព ហើយបងប្អូនរបស់លោកក៏ធ្លាប់ មានកូនចៅមកព្យាបាលនៅមន្ទីរនេះ ទើបសម្រេចចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួន ដល់ស្ថាប័នមនុស្សធម៌ តាមដែលអាចធ្វើទៅបាន។

    លោក ឡេង ណាវ៉ាត់ត្រា បានបន្តឲ្យដឹងថា «បាទបង.! អ្វីដែលខ្ញុំចង់បាន គឺចង់ឃើញមន្ទីរពេទ្យគន្ធបុប្ផា នៅតែបន្តការជួយដល់ក្មេងៗ នៅប្រទេសខ្មែរ ព្រមទាំងព្យាបាល ដោយឥតគិតថ្លៃ ជាពិសេសគ្រួសារមួយចំនួន ដែលគ្មានលទ្ធភាពបង់ថ្លៃព្យាបាល ពួកគាត់ពិតជាត្រូវការជំនួយពីសប្បុរសជនណាស់។ខ្ញុំយល់ពីការលំបាក របស់ប្រជាពលរដ្ឋ ព្រោះកាលពីកន្លងទៅ ខ្ញុំធ្លាប់មានបងប្អូនទទួលបានសេវាកម្មព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផាដោយឥតគិតថ្លៃនេះដែរ។ ដូច្នេះខ្ញុំរីករាយ ក្នុងការជួយកិច្ចការងារមនុស្សធម៌ និង ចូលរួមចំណែកជួយសង្គម។​

    ខ្ញុំសម្រេចចិត្តផ្ដល់ទឹកប្រាក់បន្តិចបន្តួច តាមលទ្ធភាពដែលខ្ញុំអាចធ្វើទៅបាន ហើយទឹកប្រាកចំនួន ៥០ លានរៀលនេះ ទោះជាមិនសូវច្រើនក្ដី ប៉ុន្តែវាអាចជាចំណែកមួយ ដើម្បីឲ្យក្មេងៗ នៅកម្ពុជា គាត់​មានសុខភាពល្អ ក៏ដូចជាធ្វើជាត្រពាំងស្នងឫស្សី ជាធនធានមនុស្សសម្រាប់ខ្មែរ នាពេលអនាគត»។

    លោក ឡេង ណាវ៉ាត់ត្រា ក៏បានអំពាវនាវដល់សប្បុរសជន ក៏ដូចជា អ្នកសិល្បៈ គ្រប់រូបថា «​ប្រសិនបើមានលទ្ធភាព សូមចូលរួមជួយការងារសង្គមឲ្យបានច្រើន ជាពិសេសសូមចូលរួម ជួយផ្ដល់កម្លាំងចិត្តដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តរក្សាជំហររឹងមាំ និង បន្តរក្សាការជួយដល់ក្មេងៗ នៅក្នុងប្រទេសកម្ពុជា ដែលកំពុងជួបប្រឈមមុខនឹងជំងឺ និង ត្រូវការជំនួយពីអ្នកទាំងអស់គ្នា»។បន្ថែមពីលើចំណុចខាងលើ ម្ចាស់ផលិតកម្ម Galaxy និងជាម្ចាស់បុរីវីឡាកូនកាត់ លោក ឡេង ណាវ៉ាត់ត្រា បានបន្តទៀតថា នៅពេលខាងមុខ លោកនឹងបន្តធ្វើការងារមនុស្សធម៌ ឲ្យបានច្រើន ដើម្បីជួយឲ្យប្រជាពលរដ្ឋ ដែលខ្វះលទ្ធភាព៕

    ប្រភព៖ cambodiawiki

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ