• (update) សមត្ថកិច្ចសម្រេចឃាត់ខ្លួន មេការជនជាតិចិនម្នាក់ ដែលជា​អ្នក​គិតលុយ ជា​អ្នក​ចាក់សោ និង​គំរាមកំហែង ពាក់ព័ន្ធ​ករណី​បង្ខំ​ឲ្យ​ស្ដ្រី​ម្នាក់​វះកាត់ នៅក្នុងមន្ទីរពេទ្យវ៉ិចតូរៀ

    (ភ្នំពេញ)៖ រហូតមកដល់យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ មន្ដ្រីក្រសួងសុខាភិបាល និងអាជ្ញាធរខណ្ឌទួលគោក ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា និងក្រោមការបញ្ជាផ្ទាល់ពី រដ្ឋមន្ដ្រីសុខាភិបាល បាននិងកំពុងស្រាវជ្រាវនៅក្នុងមន្ទីរពេទ្យវ៉ិចតូរៀ ហើយឈានទៅដល់ការឃាត់ខ្លួនមេការ និងជាអ្នកគិតលុយជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីបង្ខំឲ្យនារីម្នាក់ធ្វើការវះកាត់ និងបង្ខាំងស្ដ្រីជាម្ដាយនៅក្នុងមន្ទីរពេទ្យរបស់ខ្លួន ដោយសារតែពួកគេ គ្មានលុយបង់ថ្លៃព្យាបាល តាមការកំណត់របស់មន្ទីរពេទ្យនោះ។

    មន្ត្រីនគរបាលខណ្ឌទួលគោក នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានថ្លែងប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា គិតត្រឹមយប់នេះ សមត្ថកិច្ចសម្រេចឃាត់ខ្លួនមេការ និងជាអ្នកគិតលុយជនជាតិចិនម្នាក់ ហើយជនសង្ស័យរូបនេះកំពុងស្ថិតក្នុងការសួរនាំ។ ដោយឡែក សម្រាប់អ្នកផ្សេងទៀត ត្រូវបានដោះលែងវិញ។

    យ៉ាងណាក៏ដោយ សម្រាប់លោកស្រី សៀង សុគន្ធ ដែលជាអ្នកទទួលខុសត្រូវនៅមន្ទីរពេទ្យវ៉ិចតូរៀ ក៏ត្រូវបានមន្ដ្រីធ្វើការសួរនាំផងដែរ ប៉ុន្ដែគ្មានលទ្ធផលនោះទេ ដោយសារតែសួរអ្វីក៏មិនបានដឹង ហើយលោកស្រីក៏ជាអ្នកឈរឈ្មោះឲ្យគេផងដែរ។

    ​ទាក់ទិនព្រឹត្តិការណ៍ដ៏កក្រើកមួយនេះ មជ្ឈដ្ឋាននានា រួមទាំងអ្នកសារព័ត៌មាន ដែលបានទៅយកព័ត៌មានផ្ទាល់ និងផ្សាយផ្ទាល់ទាំងយប់ បានទទូចឲ្យរដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងអាជ្ញាធរចាត់វិធានការ​ឲ្យតឹងរឹងបំផុត ពោលមិនត្រឹមតែបិទត្រឹមមន្ទីរពេទ្យនោះឡើយ គឺត្រូវរកអ្នកទទួលខុសត្រូវ ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងករណីនេះ មកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

    តាមព័ត៌មានមួយចំនួន មន្ទីរពេទ្យវ៉ិចតូរៀនេះ ពីមុនមានឈ្មោះថា «សៀនតាយ» ប៉ុន្ដែក៏មានរឿងអាស្រូវលើការព្យាបាលជំងឺ ក៏ត្រូវបានក្រសួងសុខាភិបាល បិទចោល ប៉ុន្ដែក៏សុំបើកដោយប្ដូរឈ្មោះ វ៉ិចតូរៀ នេះតែម្ដង រហូតមានរឿងអាស្រូវជាលើកទី២។ នៅថ្ងៃដដែលនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក៏បានចេញសេចក្ដីសម្រេច បិទមន្ទីរពេទ្យនេះជាផ្លូវការហើយ។

    សូមបញ្ជាក់ថា ករណីកើតខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ មន្ទីរពេទ្យ វ៉ិចតូរៀ ដែលមានទីតាំងនៅផ្ទះលេខ៦១A ផ្លូវលេខ ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជា របស់លោកស្រីវេជ្ជបណ្ឌិត​ សៀង សុគន្ធ អ្នកទទួលខុសត្រូវ មន្ទីរពេទ្យវ៉ិចតូរៀ ។

    សម្រាប់ហេតុការណ៍នេះ នារី​រងគ្រោះបានទៅ​មន្ទីរពេទ្យ​អន្តរជាតិ​វ៉ិ​តូរៀ ជាមួយ​ម្ដាយ ​​ដើម្បី​មក​ពិនិត្យ​ជំងឺ​រោគ​ស្ត្រី​។ បន្ទាប់​ពី​បាន​ពិនិត្យ​រួច ​ស្រាប់​តែ​ខាង​មន្ទីរ​ពេទ្យ​ បាន​ប្រាប់​ឲ្យ​នារី​រងគ្រោះ​​ត្រូវ​តែ​វះកាត់​ បើ​មិន​វះកាត់​ទេ​អាច​នឹង​ស្លាប់​។ ​ភ្លាមៗ​នោះ​នារី​រងគ្រោះ​ បាន​និយាយ​ថា ​ខ្លួន​គ្មាន​ប្រាក់​ទេ បាន​សុំ​ចេញ​ទៅ​ក្រៅ​វិញ ​ថែមទាំង​សុំ​អង្វរ​ទៀត​ តែ​បែរ​ជា​ខាង​មន្ទីរ​ពេទ្យ​បង្ខិតបង្ខំ​ឲ្យ​នារី​រងគ្រោះ​ខាង​លើ ​ត្រូវ​តែ​ធ្វើ​ការ​វះកាត់​ជា​បន្ទាន់​ ហើយ​ថែមទាំង​មិន​ប្រាប់​ពី​តម្លៃ​នៃ​ការ​វះកាត់​ទៀត​ផង។

    ភ្លាមៗ​នោះ​ខាង​មន្ទីរ​ពេទ្យ ​បាន​យក​ក្រដាស​១សន្លឹក​​ មិន​ដឹង​ថា ​ជា​សរសេរ​អ្វី​ខ្លះ​នោះ​ទេ បាន​ឲ្យ​ម្ដាយ​របស់​នារី​រងគ្រោះ​ ផ្ដិត​មេដៃ​។ លុះ​ក្រោយ​ធ្វើ​ការ​វះកាត់​រួច ​ខាង​មន្ទីរ​ពេទ្យ​បាន​យក​វិក្កយបត្រ​បង់​​ថ្លៃ​វះកាត់​មក​ឲ្យ​គាត់ ​ដោយ​អស់​ប្រាក់​ចំនួន​២,០០០ដុល្លារ​ ថ្លៃ​ពិនិត្យ​១០​ដុល្លារ​ ថ្លៃ​ពិសោធន៍​៤៦ដុល្លារ​ ហើយ​ការ​វះកាត់​នេះ​ មិន​ទាន់​ដឹង​ថា​ជា​ជំងឺ​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ​។

    ភ្លាមៗ​នោះ​ម្ដាយ​របស់​នារី​រងគ្រោះ​ គាត់​មាន​ប្រាក់​តែ​៦០០ដុល្លារ​ទេ ​សល់​ប៉ុន្មាន​គាត់​សុំ​រំលួស​ ម្ដង១០០ដុល្លារ តែករណីនេះខាង​មន្ទីរ​ពេទ្យមិនព្រមទេ ទាល់តែ​មាន៥០០ដុល្លារទៀត។ ​ភ្លាមៗ​នោះ​ទ្វារ​របស់​មន្ទីរ​ពេទ្យ ​ក៏ត្រូវ​សន្តិសុខ ​យក​ច្រវាក់​មក​ចាក់​ទ្វារ ​មិន​ឲ្យ​ក្រុម​គ្រួសារ​របស់​គាត់​ចេញ​ឡើយ​។

    ក្រោយការវះកាត់ ​នារី​រងគ្រោះ​បាន​មាន​អាការៈ​ឈឺ​ចុក​ចាប់​ខ្លាំង ត្រូវ​ក្រុម​គ្រួសារ​ហៅ​ម៉ូតូ​កង់​បី​ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​រដ្ឋវិញ។ ករណីនេះក៏បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកសារព័ត៌មាន ចុះទៅផ្សាយផ្ទាក់ព្រោងព្រាតផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ