• តើព្រះចន្ទចុះត្រជាក់ ដល់កម្រិតណា នៅពេលយប់?

    (ប៉េកាំង)៖ នៅពេលយប់លើព្រះចន្ទគឺមានសភាពងងឹត និងត្រជាក់ខ្លាំង ដែលក្រុមអ្នកវិទ្យាសាស្ត្រមិនទាន់ដឹងឱ្យជាក់លាក់ថា វាអាចចុះត្រជាក់​​ដល់កម្រិតណានោះទេ។ ប៉ុន្តែយាន «Chang’e-4» នឹងជួយបកស្រាយពីបញ្ហានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៩។

    មួយថ្ងៃនៅលើព្រះចន្ទ គឺស្មើនឹង១៤ថ្ងៃនៅលើផែនដី រីឯមួយយប់នៅលើព្រះចន្ទក៏មានរយៈពេលដូចគ្នានេះដែរ។ ដូច្នេះសីតុណ្ហភាពរវាងថ្ងៃ​និងយប់នៅលើព្រះចន្ទមានភាពខុសគ្នាយ៉ាងខ្លាំង។ ចំណែកឯ ក្រុមអ្នកវិទ្យាសាស្ត្របានវាយតម្លៃថា សីតុណ្ហភាពខ្ពស់បំផុតនៅពេលថ្ងៃនៅលើ ព្រះចន្ទអាចឡើងដល់១២៧អង្សាសេ ខណៈពេលយប់វាអាចធ្លាក់ចុះរហូតដល់ទៅ១៨៣អង្សាសេក្រោមសូន្យ។ តែទោះជាយ៉ាងនេះក្ដី អ្នកវិទ្យាសាស្ត្រចិនដូចជា លោកស្រី Zhang He បានបញ្ជាក់ថា Chang’e-4 នឹងធ្វើការវាស់វែងពីភាពខុសគ្នានៃសីតុណ្ហភាពនៅពេលថ្ងៃ និងពេលយប់នៅលើព្រះចន្ទ។

    គួរបញ្ជាក់ថា ខណៈយាន «Chang’e-4» របស់ចិនបានសម្រេច​ការចុះចតជាលើក​ដំបូងមិនធ្លាប់មាន​ពីមុនមក នៅផ្ទៃចំហៀង​ម្ខាងទៀត​របស់ព្រះច័ន្ទ​ដែលមនុស្សមិនដែល​បានឃើញនោះ អ្នកជំនាញជើង​ចាស់ផ្នែកអវកាស​ម្នាក់របស់ចិន​បាននិយាយ​​ថា ប្រទេសចិន​នឹងធ្វើឲ្យ​បេសកកម្ម​រុករកនៅលើឋាន​ព្រះច័ន្ទ កាន់តែមានភាព​ស៊ីជម្រៅ ខ្លាំង​ជាងពេលណាៗ​ទាំង​អស់។

    ម្យ៉ាងវិញទៀត ប្រទេសចិន ក៏កំពុងតែគ្រោង​បញ្ជូនយានអវកាស​មួយគ្រឿង នៅឆ្នាំ២០២០ ដែលនឹង​ត្រូវ​ទៅ​គោចរ ចុះចត និងរត់​នៅ​លើ​​​ភពអង្គារ (Mars) នៅឆ្នាំ២០២១ ផងដែរ។ ដោយឡែក សម្រាប់គោលដៅ​ឆ្នាំ២០៣០វិញ ចិនមានមហិច្ឆតា​បាញ់បង្ហោះ​គ្រាប់រ៉ុក្កែត​​ទម្ងន់​ធ្ងន់​ ដែលមាន​សមត្ថភាពផ្ទុក​​​ប្រហែល ៤,០០០តោន និងអង្កត់​ផ្ចិត ​១០ម៉ែត្រ ដោយរ៉ុក្កែតនេះ​អាចជួយ​សម្រេច​គោលដៅ ​នៃ​ការនាំយក​គំរូស្លាកស្នាម​ពីភពអង្គារមកកាន់​ផែនដី ក៏ដូចជាការ​បញ្ជូនអវកាសយានិក​ទៅឋាន​ព្រះច័ន្ទ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ