• ល្បិចពេញខ្លួន! ពីមុនមានរឿងដេប៉ូប្រេងឥន្ធនៈលក់មិនគ្រប់លីត្រ តែពេលនេះ បន្លំយកសាំងធម្មតា ធ្វើជាសាំងស៊ូពែទៀត

    បន្ទាយមានជ័យ ៖ ដេប៉ូលក់ប្រេងឥន្ធនៈចំនួន៣កន្លែងនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានមន្ត្រីជំនាញកាំកុងត្រូល រកឃើញថា បានក្លែងបន្លំយកសាំងធម្មតាធ្វើជាសាំងស៊ូពែរលក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ ។

    ការរកឃើញការក្លែងបន្លំប្រេងសាំងនេះ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យបទដ្ឋានល្មើសច្បាប់ លើផលិតផល ទំនិញ និងសេវា របស់មន្ត្រីជំនាញកាំកុងត្រូល កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

    លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អនុវត្តន៍តាមការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើការត្រួតពិនិត្យបទដ្ឋានល្មើសច្បាប់ លើផលិតផល ទំនិញ និងសេវា នៃប្រេងឥន្ធនៈ ថ្ងៃនេះលោកបាន ដឹកនាំមន្ត្រីជំនាញកាំកុងត្រូល និងរថយន្តពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យតាមបណ្តាដេប៉ូ និងស្ថានីយ៍ប្រេងឥន្ធនៈចំនួន១០ កន្លែងក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ដែលជាលទ្ធផល រកឃើញថា មានដេប៉ូប្រេងឥន្ធនៈចំនួន៣ ដែលបរិមាណប្រេងសាំងមិនគ្រប់លីត្រ លក់មិនត្រឹមត្រូវតាមតម្លៃដែលក្រសួងពាណិជ្ជកម្មកំណត់ និងក្លែងបន្លំយកសាំងធម្មតាធ្វើជាសាំងស៊ូពែរ ។

    លោកថា ដេប៉ូ ទាំង៣កន្លែងនោះ រួមមាន ៖

    – ១,ដេប៉ូតេលា កែវ គន្ធាស៊ូលីង រកឃើញថា ក្នុងចំណុះប្រេងសាំង១០០លីត្រ ខ្វះ១,៧លីត្រ និងបានក្លែងបន្លំគុណភាពសាំងដោយយកសាំងធម្មតាធ្វើជាសាំងស៊ូពែរ។

    – ២,ដេប៉ូ LHR Power For Energy រកឃើញថា ក្នុងចំណុះប្រេងសាំង១០០លីត្រ ខ្វះ៤,៦លីត្រ និងបានក្លែងបន្លំគុណភាពសាំងដោយយកសាំងធម្មតាធ្វើជាសាំងស៊ូពែរ

    – ៣,ដេប៉ូតេលា មករាលីលី រកឃើញថា ចំណុះប្រេងសាំងខ្វះតិចតួចអាចទទួលយកបាន តែបានក្លែងបន្លំគុណភាពសាំងដោយយកសាំងធម្មតាធ្វើជាសាំងស៊ូពែរ ។

    ដេប៉ូទាំង៣នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងលិច និងខាងកើតស្ពានទី១ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ដោយឡែកចំពោះ ដេប៉ូ និងស្ថានីយ៍ប្រេងឥន្ធនៈ ចំនួន០៧កន្លែងផ្សេងទៀត ដែលមន្ត្រីជំនាញធ្វើការត្រួតពិនិត្យ រកឃើញថា មានការខ្វះបរិមាណតិចតួចដែលអាចទទួលយកបាន ពោលគឺខ្វះមិនឲ្យលើសពី១លីត្រ ក្នុងចំណុះប្រេងសាំង១០០លីត្រ ដែលក្រសួងពាណិជ្ជកម្មបានកំណត់ ។

    លោកបញ្ជាក់ថា ទីតាំងដេប៉ូលក់ប្រេងឥន្ធនៈទាំង៣ខាងលើ នឹងត្រូវមន្ត្រីជំនាញកាំកុងត្រូល កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ។ ហើយម្ចាស់ទីតាំងលក់ប្រេងឥន្ធនៈទាំងនោះ ត្រូវប្រឈមនឹងទោសប្បញ្ញត្តិ មាត្រា៦៣ របស់ក្រសួងពាណិជ្ជកម្ម ដែលចែងថា ជនណាដែលប្រព្រឹត្តល្មើសនិងមាត្រា ១៧ (ត្រូវហាមឃាត់ជាដាច់ខាតការក្លែងផលិតផលទំនិញដែលជាកម្មវត្ថុធ្វើពាណិជ្ជកម្ម ឬទុកសម្រាប់ធ្វើពាណិជ្ជកម្ម ដោយធ្វើការកែច្នៃផលិតផលទំនិញ តាមរបៀបណាមួយ ដោយធ្វើការបញ្ចូលបន្ថែម ការដកចេញ ឬការប្តូរជំនួសនៃភាគណាមួយ ឬភាគទាំងមូល ដែលពុំត្រូវអនុញ្ញាតឲ្យធ្វើដោយបទប្បញ្ញត្តិ ឬដោយទំលាប់ បើពុំមានបទប្បញ្ញត្តិ ឬដែលមិនសមស្របទៅនឹងបទប្បញ្ញត្តិ) នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ដល់១ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ដល់ ១០លានរៀល ឬទោសណាមួយនៃទោសទាំងពីរនេះ ។

    គួរបញ្ចាក់ថា នេះជាលើកទី៣ហើយ ដែលមន្ត្រីជំនាញកាំកុងត្រូលចុះធ្វើការត្រួតពិនិត្យ បរិមាណ គុណភាព និងតម្លៃប្រេងសាំង ក្នុងខេត្តបន្ទាយមានជ័យ ហើយក៏ជាលើកទី២ ដែរ ដែលមន្ត្រីជំនាញ អនុវត្តការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំពោះដេប៉ូ និងស្ថានីយ៍ប្រេងឥន្ធនៈ ដែលលក់មិនគ្រប់លីត្រ ក្លែងបន្លំគុណភាពប្រេងសាំង និងខុសពីតម្លៃដែលក្រសួងពាណិជ្ជកម្មបានកំណត់ ៕

    ដោយ:សម្បត្តិសីហា

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ