• លោក គីម ជុងអ៊ុន សន្យាថា នឹងធ្វើឱ្យសហគមន៍អន្តរជាតិ ទទួលស្គាល់លទ្ធផល នៃជំនួបជាលើកទី២ ជាមួយលោក ត្រាំ

    (ប៉េកាំង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយនៅអំឡុងបំពេញដំណើរទស្សនកិច្ច ក្នុងប្រទេសចិនថា ទីក្រុងព្យុងយ៉ាងនឹង ព្យាយាមប្រឹងប្រែងធ្វើឱ្យកិច្ចប្រជុំកំពូលជាលើកទី២ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លេចចេញជាលទ្ធផលផ្លែផ្កា ដែល​សហគមន៍អន្តរជាតិទាំងមូលទទួលស្គាល់។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩។

    យោងតាមស៊ីនហួរ លោក គីម ក៏បានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដោយសង្ឃឹមយ៉ាងមុតមាំថា ភាគីពាក់ព័ន្ធទាំងអស់អាចនឹង យល់ពីក្ដីព្រួយបារម្ភប្រកបដោយហេតុផល របស់កូរ៉េខាងជើង ហើយផ្ដល់ចម្លើយតបមកវិញ ដូចដែលទីក្រុងព្យុងយ៉ាងបាន និងកំពុងធ្វើនាពេល​បច្ចប្បន្ន ដើម្បីលើកកម្ពស់ក៏ដូចជា ស្វែងរកដំណោះស្រាយសម្រាប់តំបន់ឧបទ្វីបកូរ៉េ។

    គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន បានបញ្ចប់ដំណើរទស្សនកិច្ចជាលើកទី៤ របស់លោកក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃពុធ ហើយដំណើរទស្សន​កិច្ចនេះទៀតសោត កើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា លោកនឹងត្រូវជួបជាមួយលោក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំកំពូលជាលើក​ទី២នាពេលឆាប់ៗនេះ សំដៅដោះស្រាយភាពជាប់គាំងជុំវិញការលុបបំបាត់ អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ដែលមេដឹកនាំទាំងពីរធ្លាប់បាន​សន្យានៅឯកិច្ចប្រជុំ ក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនា ឆ្នាំ២០១៨កន្លងទៅ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ