• Apple នឹងកាត់បន្ថយការផលិត iPhone ទាំង ៣ស៊េរីចំនួន ១០% នៅត្រីមាសទីមួយ សម្រាប់ឆ្នាំ ២០១៩ នេះ

    (តូក្យូ)៖ ក្រុមហ៊ុន Apple កំពុងកាត់បន្ថយ​ការផលិត​ទូរស័ព្ទដៃ iPhone ស៊េរីថ្មីរបស់ខ្លួន​ទាំងបីម៉ូឌែល​ចំនួន ១០ភាគរយ សម្រាប់ត្រីមាសទីមួយពីខែមករា ដល់ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីការលក់​មាន​ការធ្លាក់ចុះ​យ៉ាងគំហុក នៃការលក់ iPhone ស៊េរីថ្មីៗទាំងនេះកាលពី​ឆ្នាំ២០១៨។ នេះបើតាមប្រភពពី Nikkei ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។

    យោងតាម​សារព័ត៌មានជប៉ុន Nikkei ដដែល ការកាត់បន្ថយការផលិត​នេះធ្វើឡើង មានជាប់ពាក់ព័ន្ធនឹងការបញ្ជាទិញធ្លាក់ចុះ​នៅក្នុងប្រទេសចិន ដោយសារតែ​សង្រ្គាមពាណិជ្ជកម្ម​រវាងចិន និងអាមេរិកនា​ពេលបច្ចុប្បន្ន។ ប៉ុន្តែអ្នក​ជំនាញខ្លះ ការធ្លាក់ចុះបណ្ដាល​មកពីទូរស័ព្ទដៃ iPhone មានតម្លៃ​ខ្ពស់ពេក។

    Nikkei ផ្អែកលើ​ប្រភព​ដែលខ្លួនទទួលបាន​បានឱ្យដឹងទៀតថា ក្រុមហ៊ុន Apple បានស្នើឱ្យអ្នក​ផ្គត់ផ្គង់​កាលពីខែធ្នូ កន្លងទៅឱ្យកាត់បន្ថយ​ការផលិត​ទូរស័ព្ទដៃ iPhone XS, XS Max និង XR ដោយកាត់បន្ថយ​មកនៅត្រឹមពី ៤០-៤៣លានគ្រឿង សម្រាប់ត្រីមាស​​ពីខែមករា ដល់ខែ​មីនា ឆ្នាំ២០១៩ ខណៈគម្រោងផលិតកាល​ពីពេលមុនគឺមានចន្លោះពី ៤៧-៤៨លានគ្រឿង។

    គួរបញ្ជាក់ថា ទោះបី​ជាសម្លឹង​ឃើញ​ការធ្លាក់ចុះ ដែលពិភព​បច្ចេកវិទ្យាកំពុង​ចាប់អារម្មណ៍ខ្លាំង​នេះក្តី ក៏ក្រុមហ៊ុន Apple មិនទាន់ធ្វើ​ការអត្ថាធិប្បាយណាមួយ​ ជុំវិញសេចក្ដីរាយការណ៍​របស់ Nikkei នៅឡើយ​ទេ។ ប្រទេសចិន​តាំងពីដើមរៀងមក គឺជាទីផ្សារ​ធំបំផុតរបស់ Apple ប៉ុន្តែ​ដោយសារ​សង្គ្រាមពាណិជ្ជកម្ម ជាពិសេស​គឺការធ្វើទុក្ខបុកម្នេញដល់ក្រុមហ៊ុន​យក្សចិន Huawei ពីសំណាក់​​រដ្ឋបាលលោក ដូណាល់ ត្រាំ នោះ​ បានធ្វើចិន​វាយបកវិញ​តាមរយៈ​ការ​ផ្អាកចរាចរណ៍​​លក់​ iPhone ជាច្រើនស៊េរី​ក្នុងទឹកដីចិន និងបំផុស​​ប្រជាជន​ចិនឲ្យគាំទ្រ​​ខ្លាំង​ឡើង​វិញលើ​ផលិតផលជាតិរបស់ខ្លួនវិញជាដើម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ