• រថភ្លើងទំនើបចំនួន ៣ គ្រឿង របស់អ្នកឧកញ៉ា គិត ម៉េង បានដឹកមកដល់ក្រុងព្រះសីហនុហើយ

    ខេត្តព្រះសីហនុ៖ រថភ្លើងទំនើបចំនួន ៣ គ្រឿង របស់ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ (Royal Railways) របស់អ្នកឧកញ៉ា គិត ម៉េង បានដឹកពីប្រទេសម៉ិកស៊ិក មកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុហើយ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ។

    បើតាម លោក ចន ហ្គារី នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ បានឲ្យដឹងថា រថភ្លើងស៊េរីទំនើប ចំនួន ៣ គ្រឿងនេះ ក្រុមហ៊ុន Royal Railway Cambodia បានបញ្ជាទិញពីប្រទេសម៉ិកស៊ិក ហើយនឹងត្រូវយកមកប្រើប្រាស់សម្រាប់ដឹកអ្នកដំណើរ ពីស្ថានីយរថភ្លើងភ្នំពេញឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពីស្ថានីយរថភ្លើងពីភ្នំពេញឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែត និងពីស្ថានីយភ្នំពេញឆ្ពោះទៅកាន់ក្រុងព្រះសីហនុ។

    លោក ចន ហ្គារី បន្តថា រថភ្លើងទំនើបនេះ មានបណ្តោយប្រវែង ១៨ម៉ែត្រ ទទឹង ២ម៉ែត្រកន្លះ អាចដឹកភ្ញៀវបានចំនួន៧៨នាក់និងមានល្បឿន៨០ទៅ១០០គីឡូក្នុងមួយម៉ោង និងមធ្យមពី៧០ទៅ៨០ ក្នុងមួយគីឡូទៅតាមស្ថានភាពផ្លូវ។

    លោក ចន ហ្គារី បានឲ្យដឹងថា រថភ្លើងទំនើបថ្មីទាំង៣នេះ មានក្បាលម៉ាស៊ីនខាងមុខមួយ និងខាងក្រោយមួយ ហើយជារថភ្លើងដែលបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយបំផុត ប្រកបដោយសុវត្ថិភាពខ្ពស់ និងទំនើប មានទាំងទ្វារស្វ័យប្រវត្តិ ជណ្តើរ កៅអី ម៉ាស៊ីនត្រជាក់ បន្ទប់ទឹក កន្លែងដាក់អីវ៉ាន់ ប្រព័ន្ធអ៊ីនធឺណិត Wifi ទូរទស្សន៍ និងប្រព័ន្ធផ្ដល់ព័ត៌មានតាមវីដេអូទៀតផង។
    នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ បញ្ជាក់ថា វត្តមានរថភ្លើងល្បឿនលឿន ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង នាពេលនេះ គឺជាមោនភាពរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងសម័យកាលបច្ចុប្បន្ន ក្នុងការចូលរួមជួយសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ ហើយក៏ជាផ្នែកមួយក្នុងការកាត់បន្ថយការស្ទះចរាចរណ៍ និងមានសុវត្ថិភាពក្នុងការធ្វើដំណើរទៀតផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ