• ជួយស៊ែពីទឹកចិត្តពួកគាត់ផង! ស្វាមីភរិយាបារាំងមួយគូ ជិះកង់ពីបារាំងចម្ងាយជាង ៨,៦០០គីឡូម៉ែត្រ យកវ៉ែនតាមកចែក ប្រជាជនកម្ពុជា

    (ភ្នំពេញ)៖ ស្វាមីភរិយាជនជាតិបារាំងមួយគូមានវ័យជាង ៣០ឆ្នាំ គឺលោក Alexis Barratte និងលោកស្រី​ Emilie Dubus មកពីទីក្រុង Lille បានជិះកង់ពីប្រទេស​បារាំង មកកាន់ប្រទេសកម្ពុជាចម្ងាយ ៨,៦០០គីឡូម៉ែត្រ ដើម្បីប្រគល់វ៉ែនតាជិត ៨០០គូ ដល់ប្រជាជនកម្ពុជា។ នេះបើតាមការចេញផ្សាយរបស់ព័ត៌មានបារាំង Le Petit Journal។

    ព័ត៌មានេះបានផ្សាយថា ក្រោមពាក្យស្លោក «កង់មួយសម្រាប់មនុស្ស២នាក់ វែនតាសម្រាប់អ្នកគ្រប់គ្នា» លោកស្រី Emilie Dubus និងលោក Alexis Barratte បានធ្វើដំណើរដោយការជិះកង់មកដល់រាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ លើចម្ងាយផ្លូវជាង ៨,៦០០គីឡូម៉ែត្រ។ អ្នកទាំងពីរបានបង្កើតគម្រោងនេះតាំងតែពីឆ្នាំ២០១៥មកម្ល៉េះ ក្រោយធ្វើដំណើរដោយជិះកង់នៅទ្វីបអឺរ៉ុបជាច្រើនលើក។

    លោក Alexis Barratte គឺជាអ្នកជំនាញខាងចក្ខុម្នាក់ បានទាក់ទងជាមួយអង្គការក្រៅរដ្ឋាភិបាលនៅតំបន់អាស៊ីអាគេ្នយ៍ ដើម្បីដាក់សំណើរបស់ពួកគេក្នុងការនាំយកវ៉ែនតា ដែលគេប្រើរួចចែកជូនប្រជាជនក្រីក្រនៅក្នុងតំបន់។ នៅទីបំផុតគម្រោងរបស់ពួកគេ ត្រូវបានអង្គការក្រៅរដ្ឋាភិបាលមួយក្នុងប្រទេសកម្ពុជា ចាប់អារម្មណ៍ ហើយបានចូលរួមជាមួយប្ដីប្រពន្ធមួយគូនេះ ដើម្បីចែកវ៉ែនតាដល់ប្រជាជនកម្ពុជា។

    បន្ថែមពីលើនេះ បើតាមការគូសបញ្ជាក់របស់ លោក Alexis Barratte និងលោកស្រី Emilie Dubus បានធ្វើដំណើរចាកចេញពីទីក្រុង Lille ប្រទេសបារាំង ដោយជិះកង់មកកាន់ប្រទេសកម្ពុជា ​ដោយឆ្លងកាត់ប្រទេសប៊ែលហ្សិក ហូឡង់ អាល្លឺម៉ង់ ប៉ូឡូញ និងប្រទេសក្នុងតំបន់បាល់ទិក មុនឆ្លងកាត់ប្រទេសរុស្ស៉ី ម៉ុងហ្គោលី ចិន និងវៀតណាម។

    សូមបញ្ជាក់ថា លោក Alexis Barratte និងលោកស្រី Emilie Dubus បានចំណាយពេល ៧ខែ ក្នុងការជិះកង់មកកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងមនុស្សធម៌ចែកជូនវ៉ែនតា កាលពីដើមខែមករា ដល់ប្រជាជនកម្ពុជា រស់នៅក្នុងភូមិ អង្គតាសោម ខេត្តតាកែវ ស្ថិតនៅចម្ងាយ ៨០គីឡូម៉ែត្រពីភាគខាងត្បូងរាជធានីភ្នំពេញ។ ស្វាមីភរិយាមួយគូនេះ នឹងបន្តដំណើររបស់ពួកគេក្នុងប្រទេសកម្ពុជា សំដៅបន្តចែកជូន​វ៉ែនតាដោយឥតគិតថ្លៃ របស់ពួកគេឱ្យអង្គការក្រៅរដ្ឋាភិបាលមួយទៀត ដែលកំពុងធ្វើបេសកកម្មនៅបឹងទន្លេសាប ហើយបន្តដំណើរទៅកាន់ប្រទេសឡាវ និងថៃ មុននឹងត្រឡប់ទៅប្រទេសបារាំងវិញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ