• រថយន្ដដឹកឈើ៣គ្រឿង លោតឆ័ត្រចង់នាំចេញទៅលក់នៅវៀតណាម ត្រូវកម្លាំងនគរបាលបង្ក្រាបបាន នៅខេត្តក្រចេះ

    (ក្រចេះ)៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បានចាប់រថយន្ដសាំងយ៉ុងដឹកឈើចំនួន៣គ្រឿង ដែលប្រុងលោតឆ័ត្រ យកទៅលក់នៅប្រទេសវៀតណាម ប្រគល់ជូនរដ្ឋបាលព្រៃឈើ ចាត់ការតាមផ្លូវច្បាប់។

    ប្រត្តិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ដោយរថយន្ដចំនួន២គ្រឿង ត្រូវបានឃាត់នៅចំណុចឃុំបុសលាវ និងគ្រឿងទៀត ឃាត់នៅឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ។

    មន្រ្តីរដ្ឋបាលព្រៃឈើ សង្កាត់រដ្ឋបាលព្រៃឈើកន្ទួត បានឲ្យដឹងថា រថយន្ដទាំង២គ្រឿងនោះ នគរបាលបានឃាត់ និងប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ និង១គ្រឿងទៀត។ មន្ត្រីបន្តថា រថយន្ដទាំងនោះដឹកទ្វារបង្អួច ដឹកឈើកកោះ ឈើធ្នង់ជាច្រើនសន្លឹក និង១គ្រឿងទៀតដឹកឈើឈ្លីក។

    ក្នុងនោះ កម្លាំងបានឃាត់រថយន្ដសាំងពណ៌បៃតងចាស់ ពាក់ស្លាកលេខ 2C-1806 ដឹកទ្វារចំនួន៤០វង់, រថយន្ដសាំងយ៉ុងពណ៌ស ស្លាកលេខ ភ្នំពេញ​ 2K-0477 ដឹកឈើអា លេខ១ និងឈើប្រណីត (កកោះ ធ្នង់) ចំនួន៧៦សន្លឹក ប្រមាណជិត៣ម៉ែត្រគូប និងរថយន្ដសាំងយ៉ុង១គ្រឿងទៀត ពាក់ស្លាក់លេខ ភ្នំពេញ 2P 0150។ នេះបើតាមការបញ្ជាក់បន្ថែម ពីមន្រ្តីរដ្ឋបាលព្រៃឈើ សង្កាត់រដ្ឋបាលព្រៃឈើកន្ទួត។

    មន្ត្រីរដ្ឋបាលព្រៃឈើរូបនោះ បន្ដទៀតថា បច្ចុប្បន្នរថយន្ដទាំង៣គ្រឿងនោះ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើ នាំយកទៅរក្សាទុក នៅស្ថានីយ៍បណ្ដុះកូនឈើខ្សារ ដើម្បីចាត់ការតាមច្បាប់ របស់រដ្ឋបាលព្រៃឈើ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ