• រមណីយដ្ឋាន​ ព្រែក​ទាល់ នៅកម្ពុជា ត្រូវ​បានចាត់ទុក​ថា ជា​តំបន់​ដែល​មាន​ពពួកសត្វ​ស្លាប​កម្រៗ រស់នៅ​ច្រើនជាងគេ​បំផុតលើ​ពិភពលោក​

    បាត់ដំបង​ ៖ ព្រែក​ទាល់ ជា​រមណីយដ្ឋាន​ជំរក​សត្វ​ស្លាប​អាថ៌កំបាំង ធម្មជាតិ នៅ​តំបន់​ទន្លេសាប ។ នៅ​ទីនោះ គឺជា​ជម្រក​សត្វ​ស្លាប​ដ៏ធំ​មួយ និង​ជា​ប្រភព​តំណពូជ សម្រាប់​សត្វ​បក្សាបក្សី​គ្រប់​ប្រភេទ ដែល​មាន​សត្វ​ស្លាប​១១០​ប្រភេទ​រស់នៅ​ទីនោះ និង​បាន​កើនឡើង​៣០​ភាគរយ ក្នុង​ឆ្នាំ​២០១៨ បើ​ធៀប​ទៅនឹង​២​ឆ្នាំ​មុខ​។​

    ​បើ​តាម​ការ​ផ្សាយ​ក្នុងផេក​ហ្វេស​ប៊ុក របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៤​ខែ​មករា​ឆ្នាំ​២០១៩​នេះ បានឲ្យដឹងថា ព្រែក​ទាល់​ជា​ប្រព័ន្ធ​បរិស្ថាន​ធម្មជាតិ​មួយ​គ្មាន​ពីរ ដែល​ស្ថិតនៅ ភូមិ​ព្រែក​ទាល់ និង​ភូមិ​អន្លង​ប្អួ​រ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ខាង​ជើង​ឈៀង​ខាងលិច នៃ​ទី​រួម​ខេត្តបាត់ដំបង មាន​ចម្ងាយ​ស្មើ​នឹង​ពាក់ កណ្តាលផ្លូវ នៃ​ការធ្វើ​ដំណើរ តាម​ទូក​ពី​ខេត្ត​បាត់ដំបង ទៅ​ខេត្ត​សៀមរាប​។ ទេសចរ​អាច​ធ្វើ​ដំណើរ ទៅកាន់​រមណីយដ្ឋាន ដោយ​មធ្យោបាយ​ទូក កាណូត អូប័រ និង​ប្រើពេល​ប្រមាណ ៧​ម៉ោង នៅ​រដូវវស្សា និង​១០ ម៉ោង នៅ​រដូវប្រាំង អាស្រ័យ​លើ​ល្បឿន​កាណូត ។ ព្រែក​ទាល់ ជា​រមណីយដ្ឋាន​ជម្រក​សត្វ​ស្លាប​អាថ៌កំបាំង ធម្មជាតិ នៅ​តំបន់​ទន្លេសាប​មួយ ដែល​មាន​តាំងពី​យូ​លង់​ណាស់​មកហើយ នៅ​ទីនោះ គឺជា​ជម្រក​សត្វ​ស្លាប​ដ៏​ធំ​មួយ និង​ជា​ប្រភព​តំណពូជ សម្រាប់​សត្វ​បក្សាបក្សី​គ្រប់​ប្រភេទ ។​

    ​នេះ​បើ​តាម​ការផ្សាយ​របស់​វេបសាយ​ក្រសួង​ព័ត៌មាន AKP នោះ គឺ​តំបន់​អភិរក្ស ព្រែក​ទាល់ ដែល​មាន​ទីតាំង​នៅ​កណ្តាល បឹង​ទន្លេ​សាប ខេត្ត​បាត់ដំបង មាន​សត្វ​ស្លាប​១១០​ប្រភេទ រស់នៅ​ទីនោះ និង​បាន​កើនឡើង​៣០​ភាគរយ ក្នុង​ឆ្នាំ​២០១៨ បើ​ធៀប​ទៅនឹង​២​ឆ្នាំ​មុខ​។​

    ​លោក កប បូរ៉ាន់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង បាន​និយាយថា ការកើនឡើង​នេះ ដោយសារ​នៅ​តំបន់​នេះ ប្រមូលផ្តុំ​សត្វ​ស្លាប​នានា​មក​រស់នៅ​។ ម្យ៉ាងវិញទៀត នៅ​តំបន់​ទី​នេះ​សម្បូរ​ទៅ​ត្រី ដែល​ជា​ចំណី​របស់​បក្សី​ទាំងនោះ​។ សត្វ​ស្លាប​ដែល​មាន​រស់នៅក្នុង​តំបន់​អភិរក្ស​នេះ​តែម្តង បាន​កើន ២០​ភាគរយ បាន​ពី​ការ​បន្ត​ពូជ និង​១០​ភាគរយ​ទៀត បានមក​ពី​ការចូល​មក​រស់នៅ​ពី​តំបន់​ផ្សេងៗ​។​

    ​តំបន់​អភិរក្ស​ព្រែក​ទាល់​នេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​តំបន់​ដែល​មាន​ពពួកសត្វ​ស្លាប​កម្រៗ រស់នៅ​ច្រើនជាងគេ បំផុត​នៅលើ​ពិភព​លោក ។ សម្រស់​ធម្មជាតិ នៃ​ផ្ទៃ​បឹង​ដ៏​ស្រស់ស្អាត នៅ​ទីនោះ កំពុងតែ​ធ្វើ​ការទាក់ទាញ​ភ្ញៀវទេសចរ ដែល​ភាគច្រើន​ជា​ជន​បរទេស ឲ្យទៅ​ទស្សនា​កាន់តែ​មាន​ចំនួ​ន​ច្រើន ឡើងៗ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

    ​អ្នកទេសចរ​ដែល​ចង់​ទៅ​ទស្សនា​តំបន់​នោះ អាច​ធ្វើ​ដំណើរ ទៅ​បាន​តែ​តាម​មធ្យោបាយ​ជិះទូក ឬ​កាណូត តែប៉ុណ្ណោះ ដែល​កន្លង​មក​ភាគច្រើន ចេញដំណើរ​ពី​តំបន់​ចុង​ឃ្នាស នៃ​ខេត្ត​សៀមរាប ដោយ​ជិះទូក ឬ​កាណូត​ប្រមាណ​ជា ១​ម៉ោង​កន្លះ ទើប​ទៅ​ដល់​ភូមិ​ព្រែក​ទាល់​នេះ​។​

    ​នៅ​រដូវប្រាំង ចាប់ពី​ខែ​វិច្ឆិកា ដល់​ខែ​ឧសភា មាន​ប្រភេទ​សត្វ​ស្លាប​រាប់រយ​ប្រភេទ​ដូចជា ទុង ក្រ​សារ ប្រវឹក រនាល​ពណ៌ ត្រដ​ក់ និង​សត្វ​ជាច្រើន​ប្រភេទ​ផ្សេងទៀត បាន​នាំគ្នា​មក​តំបន់​នេះ យ៉ាង​កកកុញ ដើម្បី​រក​ចំណី ក្រាប​ពង និង​បង្កាត់​ពូជ​ក្នុង​ដែន​ជម្រក​អភិរក្ស​មួយ​នេះ​។ នៅ​ទីនោះ​គេ​បាន​រៀបចំ​ធ្វើ​ជា​កន្លែង​សម្រាប់​ទស្សនា​សត្វ​ស្លាប គឺ​គេ​ធ្វើ​ជា​រាន​នៅលើ​ទឹក​សម្រាប់​ឲ្យ​អ្នកទេសចរ​ឈរ ឬ​អង្គុយ​មើល​ហ្វូង​សត្វ​ស្លាប​ទាំងនោះ​បាន​យ៉ាង​ងាយស្រួល​។​

    ​ក្រៅ​ពី​ទិដ្ឋភាព​នៃ​ហ្វូង​សត្វ​ស្លាប​ដ៏​គួរឲ្យ​ចាប់អារម្មណ៍ គឺ​នៅ​មាន​ទេសភាព​ព្រៃ​លិច​ទឹក​ដ៏​ស្រស់ស្អាត ការ​នេសាទ​ត្រី បែប​ប្រពៃណី​របស់​ប្រជា​នេសាទ​សហគមន៍ ផ្ទះ​បណ្ដែត​ទឹក ធម្មជាតិ​ជា​លក្ខណៈ​ជីវៈចម្រុះ និង​ធនធានធម្មជាតិ​ផ្សេងៗ​ទៀត ដែល​មាន​ទាក់ទង​នឹង​ផ្ទៃ​ទឹក​ទន្លេសាប ទាំងមូល​តែ​ម្តង​។ នៅ​តំបន់​នោះ​ឃើញ​មាន​ភូមិ​នេសាទ​មួយ ដែល​មាន​ប្រជាជន​រស់នៅ​ជាង ១២០០ គ្រួសារ រស់នៅ​ក្នុង​ផ្ទះ​បណ្ដែត​ទឹក លើ​ក្បូនឫស្សី ឬ​ផ្ទះទឹក​ដែល​ផ្លាស់​ប្ដូរ ទៅតាម​ការឡើង​ស្រក នៃ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​៕

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ