• ដោយហួសចិត្តពេក ឧកញ៉ាខ្មែរ ២នាក់ ​រិះគន់​ថា «គ្មាន​អ្នកណា​ក្លាយជា​សេដ្ឋី ដោយសារ​ដើរ​ជាន់​អំបែង​កែវ​និង​រងើកភ្លើងនោះ​ទេ​»

    តាមរយៈ​សារព័ត៌មាន​ថ្មីៗ ឧកញ៉ា ម៉ុង ឫទ្ធី ដែលជា​ម្ចាស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី​គ្រុប បានលើកឡើង​បែបនេះ​ថា​៖«​អ្នកមាន​និង​អ្នក​ជោគជ័យ​ទាំងអស់​លើ​ពិភពលោក មិនដែល​ទៅជា​ន់​អំបែង​កែវ​និង​រងើកភ្លើង​ទេ​….​។ គេ អាច​រកស៊ី​មានបាន ដោយ​មិនចាំបាច់​ទៅ​ជាន់​អំបែង​កែង ជាន់​រងើកភ្លើង​»​។

    ​មិន​ត្រឹមតែ​រិះគន់​នោះទេ ឧកញ៉ា ដែល​ល្បី​ខាង​រកស៊ី​ផ្នែក​កសិកម្ម​រូបនេះ នៅ​ចង់​ឲ្យ​មាន​ចំណាត់ការ​ផ្លូវច្បាប់​លើ​អ្នកបង្កើត​កម្មវិធី​បង្រៀន​នេះ​ថែមទៀត​។ «​ខ្ញុំ​មិន​គាំទ្រ​នូវ​ទង្វើ​នេះ​ទេ និង​សុំ​ឲ្យ​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​រក​អ្នក​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​ទង្វើ​នេះ យកមក​សួរនាំ​ផងដែរ ថា តើ​ធ្វើ​នេះ ដើម្បី​អ្វី​»​។

    ​ចំណែក ឧកញ៉ា ស្រី ចាន់ថន ដែល​ទើបនឹង​ល្បីឈ្មោះ​ខ្លាំង​ក្នុង​វិស័យ​ជំនួញ ហ៊ាន​អះអាងថា ការបង្រៀន​នេះ គឺ​ខុស​គោលការណ៍​និង​ខុស​លក្ខខណ្ឌ ហើយ​លោក បាន​ដាស់តឿន​គ្រូបង្វឹក​និង​អ្នកចូលរួម ឲ្យ​គិត​ឡើងវិញ​។ «​អ្វីដែល​ខ្ញុំ​មើល គឺជា​ចិត្តសាស្ត្រ​នៃ​ការអូសទាញ ដើម្បី​បាន​ផលប្រយោជន៍​របស់​ថ្នាក់ដឹកនាំ​របស់គេ ដែល​រៀបចំ​កម្មវិធី​ហ្នឹង​។ តែ​សម្រាប់​ខ្ញុំ ខ្ញុំ​អត់​អាច​ទៅធ្វើ​អ៊ីចឹង​បានទេ ព្រោះ​វា​ខុស​។ វា ខុស​លក្ខខណ្ឌ​នៃ​ការបង្រៀន​ឲ្យ​គេ​ជោគជ័យ​»​។

    «​តើ​លោក ធ្លាប់​ឃើញ​ការអប់រំ​បែបនេះ​តាម​ប្រទេស​ផ្សេងៗ​ទេ​?» ឧកញ៉ា​វ័យក្មេង​រូបនេះ បាន​ឆ្លើយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាងខ្លី​និង​ទាំងអស់​សំណើច​ថា​៖«​ខ្ញុំ អត់​ដែល​ឃើញ​ផង​»​។

    ​លោក ស្រី ចាន់ថន បាន​ចែករំលែក​បទពិសោធ​ផ្ទាល់ខ្លួន​ថា បើ​ចង់​ជោគជ័យ​លើ​អ្វីមួយ ដូចជា​ ការរកស៊ី និង​ការធ្វើ​ជំនួញ ជាដើម មនុស្ស​ម្នាក់ៗ ត្រូវមាន​ការតស៊ូ​និង​ការអត់ធ្មត់​ខ្ពស់​។ លោក បន្ថែមថា ចំណុច​សំខាន់​មួយទៀត គឺ​មនុស្ស​ម្នាក់ៗ ត្រូវ​ឈ្វេងយល់​ឲ្យ​ច្បាស់លាស់ ពី​ការធ្វើ​ជំនួញ ឬក៏​ការបំពេញ​ការងារ​ឲ្យ​គេ​។

    «​អ្វីដែល​ខ្ញុំ​ជោគជ័យ​មកដល់​ថ្ងៃនេះ ចំណុច​មួយ គឺ​អត់ធ្មត់​។ ការងារ​អ្វី​ក៏ដោយ បើ​យើង មិន​អត់ធ្មត់​ទេ កុំ​ធ្វើ​វា​។ ហើយ​ការងារ​ទាំងអស់ មិនមែន​សុទ្ធតែ​ជោគជ័យ​ទាំងអស់​ទេ តែ​យើង ត្រូវ​ព្យាយាម​យក​ការបរាជ័យ​នោះ មក​ធ្វើ​ឲ្យ​វា​ជោគជ័យ​វិញ​។ អត់ធ្មត់ បានន័យថា ធ្វើ​ចិត្ត​យើង​ឲ្យ​ធ្ងន់ មិនមែន​យើង​ទៅ​ជាន់​អំបែង​ឲ្យ​មុត​ជើងទេ អាហ្នឹង​គឺ​ខុស​ហើយ​»​៕

    ប្រភព៖ thmeythmey

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ