• រដ្ឋមន្រ្តីបរិស្ថាន៖ មិនមានការឲ្យដីសម្បទានទៀតទេ គឺមានតែការដកហូតបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិវិញ

    ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានអះអាងថា ក្នុងអាណត្ដិនេះ មិនមានការឲ្យដីសម្បទានទៀតទេ គឺមានតែការបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ។ ការអះអាងនេះ បានធ្វើឡើងតាមរយៈវីដេអូឯកសាររបស់ក្រសួងបរិស្ថាន ដែលបានផ្សព្វផ្សាយ ដល់សាធារណៈជន កាលពីពេលថ្មីៗនេះ ។

    ក្នុងវីដេអូឯកសារ លោក សាយ សំអាល់ បានបញ្ជាក់ថា រាល់ជម្លោះដីធ្លីជាមួយនឹងក្រុមហ៊ុនដី សម្បទានពីមុន ក្រសួង បានកាត់ចេញទាំងអស់ លើកលែងតែត្រូវរៀបចំឲ្យទៅតាមនីតិវិធីច្បាប់ភូមិបាល ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី វ័យក្មេងរូបនេះ ក៏បានអះអាងថា ដីសម្បទាន ដែលមិនបានអភិវឌ្ឍ គឺ ក្រសួង បានដកហូតវិញទាំងអស់ ។

    បើតាមក្រសួងបរិស្ថាន ក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សធនធានធម្មជាតិ និង ការយកចិត្តទុកដាក់ក្នុងការការពារបរិស្ថាន ដោយក្រសួង បានបង្កើនតំបន់ការពារធម្មជាតិពី ២៣ តំបន់ ដល់ចំនួន ៥៤ តំបន់ ។

    តំបន់ទាំងនោះ រួមមានទាំងរបៀងអភិរក្សជីវចម្រុះ របៀងអភិរក្សជីវចម្រុះឦសាន របៀងអភិរក្សជីវចម្រុះឧត្ដរ និង របៀងអភិរក្សជីវចម្រុះជួរភ្នំក្រវាញ ដែលធ្វើឲ្យផ្ទៃដីប្រព័ន្ធតំបន់ការពារធម្មជាតិទូទាំងប្រទេស សរុបមានប្រមាណជាង ៧,៥ លានហិកតា ឬ ស្មើនឹង ៤១ ភាគរយនៃផ្ទៃដីប្រទេសកម្ពុជា ទាំងមូល ។

    ទាក់ទងនឹងការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះនេះដែរ ក្រសួង បានធ្វើការវាយតម្លៃធនធានគម្របព្រៃឈើជាតិឆ្នាំ ២០១៦ ដោយលទ្ធផលបង្ហាញថា កម្ពុជានៅមានផ្ទៃដីគម្របព្រៃឈើសរុបទូទាំងប្រទេសប្រមាណ ៨ ៧៤២ ៤០១ ហិកតាស្មើនឹង ៤៨,១៤ ភាគរយដែលមានអត្រាប្រែប្រួលគិតជាមធ្យមប្រចាំឆ្នាំ គឺ ០,៦៧ ភាគរយ ។ ជាមួយនេះ តាមការព្យាករទុក ក្នុងរយៈពេល ២ ឆ្នាំខាងមុខ អត្រាបាត់បង់គម្របព្រៃឈើ នឹងមានការកាត់បន្ថយបន្ថែម ទៀត ។

    ជាមួយនឹងការបង្កើនតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន ក៏បានបង្កើនចំនួនមន្ត្រីឧទ្យានុរក្សពី ៨០០ នាក់ដល់ ១២២១ នាក់ រួមនឹងការរៀបចំផែនការដើម្បីអភិរក្ស និងការការពារតំបន់ការពារធម្មជាតិនានា និង ការអភិវឌ្ឍសហគមន៍ ។

    សូមបញ្ជាក់ថា តាមរយៈវីដេអូឯកសារ ក៏បានបង្ហាញថា រយៈពេលជាង ២០ ឆ្នាំមកនេះ វិស័យ បរិស្ថាននៅកម្ពុជា បានរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសការចូលរួមពីភាគីពាក់ព័ន្ធគ្រប់ស្រទាប់ ក្នុងការចូលរួមការពារ និង អភិរក្សធនធានធម្មជាតិ និងការថែរក្សាបរិស្ថានបានល្អប្រសើរ ។

    សូមបញ្ជាក់ថា ក្រសួងបរិស្ថានកម្ពុជា ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៩៣ ៕

    ប្រភព៖ mytvplus

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ