• យានអវកាស​របស់ NASA បានហោះទៅដល់វត្ថុចម្លែក​នៅចុងប្រព័ន្ធ​ព្រះអាទិត្យ​ហើយ!

    (អាមេរិក)៖ យាន​អវកាស New Horizon របស់​អង្គការ NASA បានបញ្ជូនសញ្ញា​ទីមួយរបស់វាដោយ​ជោគជ័យ មកកាន់​ផែនដីនៅ​ថ្ងៃអង្គារសប្តាហ៍នេះ ​ក្រោយពីវាបាន​ទៅដល់វត្ថុមួយ ដែលស្ថិត​នៅចុងប្រព័ន្ធព្រះអាទិត្យ។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពីសារព័ត៌មាន CNBC នៅព្រឹក​ថ្ងៃពុធ ទី០២ ខែមករា ឆ្នាំ២០១៩។

    យានអវកាស New Horizon ដែលដើរដោយ​ថាមពលនុយក្លេអ៊ែរ​បានហោះហើរ​ក្នុងទីអវកាស​ចម្ងាយ ៦.៤ពាន់លានគីឡូម៉ែត្រ ដើម្បីទៅ​ដល់​រយៈចម្ងាយ ៣,៥៤០គីឡូម៉ែត្រ​ពី​អាចម៍ផ្កាយរាងដូចសណ្តែកដី​មានឈ្មោះថា Ultima Thule ដែល​មានមុខកាត់ប្រវែង​​៣២គីឡូម៉ែត្រ នៅតំបន់​ខ្សែក្រវាត់ខៃភើ (Kuiper Belt) ជាខ្សែក្រវាត់នៃ​ក្រុមអាចម៍​ផ្កាយទឹកកក នៅហួសពីគន្លង​​គោចរនៃ​ភព​ណិបទូន និងភ្លុយតូទៅទៀត។

    គួរជម្រាបថា បើតាម NASA យាន New Horizon នឹងបាញ់បញ្ជូន​ទិន្នន័យក៏ដូចជារូបភាព​របស់ Ultima Thule ជាបន្តបន្ទាប់​នៅប៉ុន្មាន​ថ្ងៃខាងមុខ។ យានអវកាស​នេះ ត្រូវបានបង្ហោះ​ឡើងទីអវកាសកាល​ពីខែមករា ឆ្នាំ២០០៦ ហើយមុនពេល​​ទៅ​ដល់អាចម៍ផ្កាយ Ultima Thule យាន New Horizon បានចំណាយពេល​សិក្សា​លើភពមិនពេញ​លក្ខណៈ «ភ្លុយតូ» និង​ព្រះ​ច័ន្ទ​ចំនួន ០៥របស់វា។ អាចម៍​ផ្កាយ Ultima Thule ស្ថិតនៅ​ចម្ងាយ ១.៦ពាន់លាន​គីឡូម៉ែត្រ​ពីភ្លុយតូ។ បេសកកម្មនេះ គឺជា​​ការជួបគ្នា​រវាងយាន និងវត្ថុអវកាស​ដែលនៅឆ្ងាយ​ដាច់សង្វែងក្នុងប្រព័ន្ធ​ព្រះអាទិត្យ​របស់យើង៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ