ខេមរៈ សិរីមន្ត ប្រកាស​កាន់​ទុក្ខ​ប្អូនស្រី ១០០ថ្ងៃ ដោយ​មិន​ទទួល​ច្រៀង ឬសម្តែង​ឡើយ

(ភ្នំពេញ)៖ ទស្សនិកជនប្រាកដជាបានជ្រាប់ច្បាស់ហើយ ថាបច្ចុប្បន្នក្រុមគ្រួសាររបស់ លោក ខេមរៈ សិរីមន្ត កំពុងមានទុក្ខជាទម្ងន់ ដោយកញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាព កាលពីថ្ងៃទី ២៥ ខែមករា កន្លងទៅ ដោយសារជំងឺ ខណៈបច្ចុប្បន្បនក្រុមគ្រួសារ កំពុងប្រារព្ធពិធីបុណ្យ៧ថ្ងៃ តាមគន្លងព្រះពុទ្ធសាសនា។ យ៉ាងណា មិញ មុននេះបនិ្តច លោក ខេមរៈ សិរីមន្ត ដែលត្រូវជាបងប្រុសបង្កើត បានប្រកាសជាសាធារណៈ លើបណ្តាញ សង្គមថា ខ្លួនមិនទទួលច្រៀង ឬសម្តែង រយៈពេល ១០០ថ្ងៃ ដោយសារកាន់ទុក្ខប្អូនជាទីស្រឡាញ់។

ភ្ជាប់ជាមួយរូបថត បង្ហាញពីទឹកមុខក្រៀមក្រំមួយសន្លឹក លោក ខេមរៈ សិរីមន្ត បានសរសេរសារយ៉ាងដូច្នេះថា «ខ្ញុំបាទ ខេមរៈ សិរីមន្ត សូមប្រកាសធ្វើការកាន់ទុក្ខប្អូនស្រីចំនួន ១០០ថ្ងៃ និង មិនទទួលការច្រៀងរ ឬ សំដែង ឡើយ ហើយសូមអគុណដល់ក្រុមហ៊ុនទាំងអស់ ដែលបានយោគយល់ដល់រូបបាទ ដែលកំពុងតែមានទុក្ខ ក្រៀមក្រំជាទម្ងន់ ដោយលុបចោលខនស៊ត ហើយមិនមានការសងការខូចខាតឡើយ សូមអរគុណ»។

ទន្ទឹមគ្នានេះ ក្រៅពីក្រុមគ្រួសារលោក ខេមរៈ សិរីមន្ត កំពុងមានទុក្ខជាទម្ងន់ គឺមានអ្នកគាំទ្រ និងអ្នកសិល្បៈ ប្រុសស្រីជាច្រើន មានទឹកតារាចម្រៀងក្នុងផលិតកម្មហង្សមាស និងផលិតកម្មដទៃទៀត ព្រមតារាសម្តែង ស្ទើរគ្រប់ជំនាន់ បានសម្តែងនូវទឹកមុខក្រៀមក្រំគ្រប់គ្នា ពេលចូលរួមក្នុងពិធីបុណ្យ៧ថ្ងៃ របស់ ខេមរៈ ស្រីពៅ ដែលត្រូវបានធ្វើឡើង នៅគេហដ្ឋាន របស់ខេមរៈ សិរីមន្ត ព្រោះតែមិនអស់ចិត្ត ព្រមទាំងសោកស្តាយចំពោះ ការស្លាប់របស់ ខេមរៈ ស្រីពៅ។

រហូតមកទល់នឹងពេលនេះ ទស្សនិកជននៅតែសង្កេតឃើញថា កំពូលតារាចម្រៀងប្រុស លោក ខេមរៈ សិរិមន្ត នៅតែមិនទាន់ដាច់អាល័យពីប្អូនស្រី ដោយទឹកមុខនៅតែស្រពោន និងស្រក់សាច់ជាងមុន។ ឃើញបែបនេះ អ្នករួមអាជីព បានលើកទឹកចិត្តលោក ឱ្យរឹងពឹងឡើងវិញ ដើម្បីជាជំហរគ្រួសារ បើទោះបីជាមិនទាន់កាត់ចិត្តបាន ភ្លាមៗក្តី។ អ្វីដែលសំខាន់ ទស្សនិកជន បានកោតសរសើរ ចំពោះក្រុមហ៊ុននានា ដែលដឹងពីសុខទុក្ខ របស់លោក ខេមរៈ សិរិមន្ត ដោយមិនឱ្យលោកសងការខូចខាតត្រឡប់ទៅវិញ ដោយក្តីយោគយល់អធ្យាស្រ័យ ខណៈលោក តារាប្រុសរូបនេះ កំពុងមានទុក្ខក្នុងគ្រួសារ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ