ដើមត្នោត មិនត្រឹមតែមានប្រយោជន៍ ពីចុងឬស ដល់ចុងស្លឹក ប៉ុន្នោះទេ តែវាក៏ជារុក្ខជាតិ តំណាងអត្តសញ្ញាណរបស់កម្ពុជា ផងដែរ

ដើមត្នោត មានភាគច្រើននៅក្នុងខេត្ត កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ចាម កំពង់ធំ និងខេត្តកណ្ដាល។ល។

ក្នុងចំណោមរុក្ខជាតិជាច្រើនប្រភេទដើមត្នោតត្រូវបានចាត់ទុកជារុក្ខជាតិប្រជាប្រិយ និងអត្តសញ្ញាណរបស់ប្រទេសកម្ពុជា។ ការយកដើមត្នោតមកធ្វើជាតំណាងក៏ព្រោះតែរុក្ខជាតិមួយនេះបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនឥតគណនានៅក្នុងសង្គមខ្មែរ។ មិនតែប៉ុណ្ណោះដើមត្នោតក៏ត្រូវបានចាត់ទុកជារុក្ខជាតិដែលមានអាយុកាលយូរអង្វែង និងមានភាពរឹងមាំខុសប្លែកពីរុក្ខជាតិនានា។

ត្នោត គឺជាឈ្មោះភាសាជាតិ និងមានឈ្មោះវិទ្យាសាស្ត្រថា “Borassusflabellifer” និងជាភាសាអង់គ្លេសគឺ “ Sugar Palm ” ។ ត្នោតជាប្រភេទរុក្ខជាតិឋិតក្នុងតាលព្រឹក្សខ្ពស់មានដើមទោលគល់ធំដុះត្រង់ឡើងលើកម្ពស់ពី១០ទៅ២៥ម៉ែត្រ។ ឫសមានលក្ខណៈជាឫសរយោង និងគ្មានឫសកែវ។

តួដើមត្នោតមានភាពគគ្រើមពណ៌ក្រម៉ៅអង្កត់ផ្ចិតពី២០ទៅ៦០សង់ទីម៉ែត្រដោយប្រែប្រួលទៅតាមគុណភាពដី។ កន្សោមស្លឹកមានរាងដូចផ្លិតប្រមូលផ្តុំគ្នានៅផ្នែកចុងកំពូលនៃដើម។ ធាងត្នោតរលោងក្រាស់មានពណ៌លឿងបៃតងពេលនៅខ្ចី និងមានពណ៌លឿងត្នោតពេលមានអាយុចាស់ព្រមទាំងមានបន្លានៅគែមទាំងសងខាងសណ្ឋានដូចជាធ្មេញរណារ។

ត្នោតញី និងឈ្មោលមានលក្ខណៈខុសប្លែកគ្នាតាមការសំគាល់លើផ្ការបស់វា។ ផ្កាត្នោតឈ្មោលមានរាងមូលទ្រវែងទំហំពី២ទៅ៤សង់ទីម៉ែត្រប្រវែងពី៣០ទៅ៥០សង់ទីម៉ែត្រ។ រីឯផ្កាត្នោតញីវិញមានសណ្ឋានជាពកមូលៗប្រវែងពី៥០ទៅ៧០សង់ទីម៉ែត្រដែលអាចផ្តល់ផ្លែបានចំនួនពី២០ទៅ៥០គ្រាប់។

ដើមត្នោតជារុក្ខជាតិប្រជាប្រិយតំណាងអោយសង្គមខ្មែរដែលមានវត្តមាន និងផ្តល់នូវគុណសម្បត្តិច្រើនយ៉ាងដល់ប្រជាជាតិខ្មែរតាំងពីសម័យកំណកំណើតនគរខ្មែរ និងជាអត្តសញ្ញាណជាតិ ដែលប្រជាជនខ្មែរសំគាល់នូវទេសភាពទឹកដីរបស់ខ្លួនពីបុរាណកាលរហូតមកដល់បច្ចុប្បន្នស្រប និងពាក្យស្លោកថា“ ដើមត្នោតជាជម្រកផ្ទះខ្មែរ” ។ ខ្មែរយើងបានចាត់ទុកដើមត្នោតជារុក្ខជាតិតំណាងអោយនិមិត្តរូបជាតិ និងតំណាងអោយវប្បធម៌ដូចមានការបញ្ជាក់តាមរយៈចម្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្តជាសក្ខីភាពស្រាប់។

នៅក្នុងសង្គមខ្មែរដើមត្នោតបានផ្តល់នូវអត្ថប្រយោជន៍ច្រើនណាស់ក្នុងនោះមានដូចជាឫសត្នោត និងផ្កាត្នោតឈ្មោលគឺជាឱសថបុរាណសម្រាប់ធ្វើការព្យាបាលជម្ងឺគ្រុនចាញ់កាមរោគឬជំងឺស្ពឹកចុងដៃចុងជើង។ និយាយរួម គ្រប់ផ្នែករបស់រុក្ខជាតិប្រភេទនេះគឺសុទ្ធតែអាចយកមកកែច្នៃឱ្យចេញជាប្រយោជន៍បានទាំងអស់ ដូចជា ៖

– ដើម៖ មានកម្ពស់ខ្ពស់អាចយកមកធ្វើជាសរសរផ្ទះ រនូតផ្ទះ បន្ទះ រនាបគ្រែ ទូក ស្ពាន គ្រឿងសង្ហារិម ហើយក៏អាចកែច្នៃធ្វើជាសម្ភារៈប្រើប្រាស់ផ្សេងៗដូចជា វែក ផ្តិល ចាន…។

– ស្លឹក៖ ស្លឹកត្នោតអាចយកមកធ្វើជាមួក ផ្លិត កន្តំវេចនំ បាល់សម្រាប់ ក្មេងលេង កន្ទេល ដេរជាកន្តបស្លឹកត្នោតទុកសម្រាប់ប្រក់ផ្ទះ ឬធ្វើជា ជញ្ជាំងផ្ទះ និងស្មុគដាក់ឥវ៉ាន់។ល។

– ធាង៖ ធាងត្រូវបានគេយកមកប្រើជាអុស ខ្សែធាងត្នោត ហើយពេល ខ្លះក៏ត្រូវបានគេយកមកធ្វើជាទ្រុងសត្វផងដែរ។

– គាវត្នោត(ផ្នែកខាងដើមនៃធាង)៖ ជក់ដែលបានមកពីគាវត្នោតត្រូវបានយកមកធ្វើជាអំបោសជក់ត្នោត និងខ្សែជក់ត្នោតជាដើម។

– ផ្លែត្នោតខ្ចី៖ ទុកសម្រាប់ធ្វើជាបង្អែម ហើយក៏អាចយកមកស្លយ៉ាងឆ្ងាញ់ពិសាថែមទៀតផង។

– ផ្លែត្នោតទុំ៖ យកទៅធ្វើជានំ(នំត្នោត) ចាហួយ ឬក៏យកទៅធ្វើជា ចំណីដ៏ឆ្ងាញ់មាត់សម្រាប់សត្វគោ ក្របី…។ គ្រាប់ត្នោតទុំដែលច្របាច់យកសាច់រួច ហើយទុកចោលនៅលើដីយូរៗនឹងក្លាយទៅជា ត្នោតដុះ ដែលគេអាចកាប់យកកំពីងត្នោត ជាអាហារទទួលទានលេងយ៉ាងឆ្ងាញ់មាត់ទៀតផង។

– ទឹកត្នោត៖ ទឹកត្នោតប្រជាជនខ្មែរយើង ពិសេសប្រជាជននៅតាមជនបទនិយមយកមកច្រោះធ្វើជាទឹកត្នោតផ្អែម ទឹកត្នោតជូរ ទទួលទានលេងជុំគ្នា ឬយកមកកូរវឹកធ្វើជាស្ករត្នោត និងទឹកខ្មេះទឹកត្នោតជាដើមដែលមានឱជារសឈ្ងុយឆ្ងាញ់ខ្លាំងណាស់។

– ឫសត្នោត៖ ចាស់បូរាណតែងយកឫសត្នោតមកធ្វើជាថ្នាំព្យាបាលរោគហើយក៏អាចយកមកដុតជាភ្នក់ភ្លើងងំល្អផងដែរ។

ប្រភពអត្ថបទ: everyday.com.kh

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ