• ប្រទេស ដាណឺម៉ាក ​ជាប់លេខ​ ១​ ជាប្រទេស​ខ្សត់អំពើពុករលួយបំផុតលើលោក!

    (ប៊ែរឡាំង)៖ អង្គការតម្លាភាព​ពិភពលោក (Transparency International) បានចេញរបាយការណ៍​ចុងក្រោយបំផុត​​​​​របស់ខ្លួន​ ​ទាក់​ទង​​​នឹង​​​កម្រិត​​នៃអំពើពុករលួយ​នៅក្នុងប្រទេស​នានាជុំវិញ​ពិភពលោក ខណៈប្រទេសដែល​មានអំពើ​ពុករលួយតិចតួច​ជាងគេ​បំផុត​គឺ​​ដាណឺម៉ាក និងច្រើនជាងគេ​គឺសូម៉ាលី។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​​​ព្រឹក​ថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០១៩។

    យោងតាម​របាយការណ៍ស្តីពី​អំពើពុករលួយ​ របស់អង្គការ​តម្លាភាពពិភពលោកសម្រាប់​ឆ្នាំ២០១៨ ប្រទេសដាណឺម៉ាក​​ឈរ​​​នៅ​លេខរៀងទី ១ ជាមួយពិន្ទុ​ ៨៨ នៃពិន្ទុពេញ ១០០ តាមពីក្រោយ​ដោយ​នូវែលសេឡង់ ខណៈហ្វាំងឡង់ សិង្ហបុរី និងស៊ុយអែត​​​​​ស្ថិត​​នៅ​លេខ ៣ ស្ទួនៗគ្នាជាប្រទេសដែលខ្សត់អំពើពុករលួយបំផុតក្នុងលោក។

    ដោយឡែក​បើគិតបញ្ច្រាស​ពីក្រោមមកវិញ ​ប្រទេសទាំង ០៥ ដែលនៅបាតតារាង​ក្នុងចំណោម​​ប្រទេស​ទាំង ១៨០ នៅក្នុងរបាយការណ៍នេះ​គឺ ​​សូម៉ាលី​​​ ដែលទទួលបាន​ត្រឹម ១០ពិន្ទុទាបជាងគេបង្អស់​ហើយ ០៤ប្រទេសទៀតគឺស៊ីរី ស៊ូដង់ខាងត្បូង យេម៉ែន និង​កូរ៉េខាងជើង ដែលក្លាយជាប្រទេសពុករលួយបំផុតទាំង ៥ របស់ពិភពលោក។

    អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះ គឺមហាអំណាច​​លេខ ១ លើពិភពលោក សហរដ្ឋអាមេរិក​បានខ្ទាតចេញ​ជាលើកដំបូង​ ពី​ប្រទេសឈរនៅ​លំដាប់កំពូលទាំង ២០ ដែល​មិនសូវមានអំពើពុករលួយ គិតចាប់​តាំងពីឆ្នាំ២០១១ ដោយនៅ​​ក្នុងឆ្នាំ២០១៨​ កន្លងទៅនេះ ទីក្រុងវ៉ាស៊ីនតោន​ជាប់ចំណាត់ថ្នាក់លេខ​ ២២ ខណៈឆ្នាំ២០១៧ បិតាប្រជាធិបតេយ្យ​របស់អន្តរជាតិ​មួយនេះ​ បានឈរនៅ​លេខ​ ១៦ ឯណោះ។

    គួរជម្រាបថា បើគិតពីលេខរៀងតាមតំបន់វិញ​ តំបន់អាស៊ីប៉ាហ្វិក​ទទួល​បានពិន្ទុជាមធ្យម​​ ៤៤ នៃពិន្ទុពេញចំនួន ១០០ ដែលចំនួននេះទាបជាងបើធៀបនឹង​ពិន្ទុ​ ៦៦​របស់សហភាពអឺរ៉ុប ប៉ុន្តែខ្ពស់ជាង​តំបន់​អឺរ៉ុបខាងកើត​ និងអាស៊ី​កណ្តាលទៅវិញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ