តារា​ចម្រៀង​ពី​សង្គម​ចាស់ លោកស្រី ឈុន វណ្ណា បាន​ទទួល​មរណភាព ដោយ​ជរាពាធ

(ភ្នំពេញ)៖ ពិតជាដំណឹងមួយ សោកសៅយ៉ាងខ្លាំង ជាពិសេសចំពោះទស្សនិកជន ដែលនិយមស្តាប់ចម្រៀងពី សង្គម ខណៈអតីតតារាចម្រៀងជើងចាស់ តាំងពីទស្សវត្សរ៍ ៦០ គឺលោកស្រី ឈុន វណ្ណា ដែលជាម្ចាស់បទ «បឹងហ្គាវ៉ាន់សូឡូ» និងបទ «អូនស្រលាញ់តែបងម្នាក់» បានទទួលមរណភាព ដោយជរាពាធ‌‌ ក្នុងជន្មាយុ៨០ឆ្នាំ នៅទីក្រុងស្តុកតុន រដ្ខកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

លោកស្រី ឈុន វណ្ណា‌ តារាចម្រៀងជើងចាស់តាំងពីទស្សវត្សរ៍ .ទី៦០‌ ម្ចាស់បទ «បឹងហ្គាវ៉ាន់សូឡូ ឬ ទន្លេសូឡូ» ដ៏ល្បីរន្ទឺនាសម័យសង្គមរាស្រ្តនិយម បានលាចាកលោកនេះហើយ នៅវេលាម៉ោង៦ ល្ងាច ថ្ងៃព្រហស្បត្តិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩ ដោយជរាពាធ‌‌ ក្នុងជន្មាយុ៨០ឆ្នាំ នៅទីក្រុងស្តុកតុន រដ្ខកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ សពត្រូវបានបូជាកាលពីថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩ នៅស្តុកតុន ។

ជាមួយនឹងដំណឹងដ៏ក្តុកក្តួលនេះ បានធ្វើឱ្យទស្សនិកជនដែលនិយម ស្តាប់ចម្រៀងលោកស្រី ជាច្រើនមានការ សោកស្តាយ ដែលបានបាត់បង់តារាចម្រៀងជើងចាស់មួយរូប ដែលមានសមត្ថភាពខ្ពស់។ ដោយក្នុងនោះ មាន បទចម្រៀងល្បីៗរបស់អ្នកស្រី ឈុន វណ្ណា ជាច្រើនបានបន្សល់ទុកជាអនុស្សាវរីយ៍ដូចជាបទ «កុកហើរតែឯង», បទ «វាលអើយវាលធំ» បទ «អូនស្រលាញ់តែបងម្នាក់» និងបទ «បឹងហ្គាវ៉ាន់សូឡូ» ជាដើម។ Baykdang សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ និងសូមបួងសួងឱ្យវិញាណក្ខន្ធលោកស្រី ទៅកាន់សុគតិភព៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ