• អតីតនាយកកាហ្វេ Starbucks ចង់ធ្វើជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក

    (វ៉ាស៊ីនតោន)៖ អតីត​នាយក​ប្រតិបត្តិ (CEO) នៃក្រុមហ៊ុន​យីហោកាហ្វដ៏ល្បីល្បាញនៅលើ​ពិភពលោក Starbucks ​​បានឲ្យដឹងថា​ លោក​​​កំពុងពិចារណា​ចូលរួមប្រកួត​ប្រជែង​​ដោយឯករាជ្យ ក្នុង​ការបោះឆ្នោត​​ជ្រើសរើស​ប្រធានាធិបតី​អាមេរិកឆ្នាំ​២០២០។ នេះបើ​តាម​ការ​ដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩។

    នៅក្នុងបទសម្ភាសន៍​ជាមួយសារព័ត៌មាន CBS នៅថ្ងៃអាទិត្យ​លោក ហូវ៉ាដ ហ្កាល់ស៍ (Howard Schultz) ដែលជាអតីត​ CEO របស់ Starbucks ​បាន​និយាយថា រូបលោក​នឹងដណ្តើម​យកតំណែង​​ប្រធានាធិបតីអាមេរិក ក្នុង​នាមជាអ្នកនយោបាយ​ឯករាជ្យ​បែបកណ្តាល​និយម។ ​លោក Schultz បានសង្កត់ធ្ងន់ថា ប្រជាជនអាមេរិក​ហាក់បាន​ឆ្អែតឆ្អន់ហើយនឹង​ទង្វើនឹង​គណបក្សនយោបាយ​ទាំង​ពី​រ​របស់​​អាមេរិក គឺ​បក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ។

    ពាណិជ្ជករ​អាមេរិករូបនេះបានបញ្ជាក់​ដូច្នេះថា «​ពួកយើងកំពុង​រស់នៅក្នុងសម័យកាលដ៏​ផុយស្រួយមួយ គឺមិនត្រឹម​តែ​​​ប្រធានា​ធិបតី​ពុំសាកសម​នឹងតំណែង​របស់ខ្លួន​នោះទេ គណបក្សនយោបាយ​ទាំងពីរ​ថែមទាំងមិន​ធ្វើកិច្ចការដែលចាំបាច់​​សម្រាប់​ប្រជា​ជន​អាមេរិក​ថែមទៀត និងកំពុង​តែធ្វើនយោបាយ​ ដោយការសងសឹកគ្នា​ទៅវិញទៅមកជារៀង​រាល់ថ្ងៃ»។

    គួរជម្រាបថា ​ជុំវិញដំណឹងនេះ​​គណបក្សប្រជាធិបតេយ្យ​អាមេរិក​បាន​ឆ្លើយតបថា លោក Schultz នឹងបន្ទាបឱកាស​​បក្ស​របស់​ខ្លួន​ ក្នុងការយកជ័យជម្នះ​លើ​លោក ដូណាល់ ត្រាំ​ ដែលមកពីបក្សសាធារណរដ្ឋ​នៅឆ្នាំក្រោយនេះ។ លោក Howard Schultz ​​មានតួនាទីជា CEO របស់ Starbucks កាល​ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ២០០០ និង​បានបន្តតួនាទីនេះ​ឡើងវិញនៅឆ្នាំ២០០៨ រហូត​ដល់​ឆ្នាំ២០១៧ ហើយ​​លោក Schultz ក៏មានតំណែង​ជា​ប្រធានក្រុមហ៊ុន​កាហ្វេដ៏ល្បីនេះ​​រយៈពេល​មួយឆ្នាំ គឺកាលពីឆ្នាំ២០១៧ ​ដល់​២០១៨ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ