• កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​មួយ​កន្លែងនៅខេត្ត​សៀមរាប អាចរកចំណូល​បាន​ពី​១៥-២០ ម៉ឺន​ដុល្លារ ក្នុង​មួយ​ឆ្នាំ

    កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​មួយ​កន្លែង​ទីតាំង​នៅ​ភូមិ​បុស្ស​ក្រឡាញ់ ​សង្កាត់​ជ្រាវ ​ក្រុង​សៀមរាប​ ខេត្ត​សៀមរាប ដែល​បាន​ដំណើរ​ការ​មក​ជាង​២០ឆ្នាំ​ ម្ចាស់កសិដ្ឋាន​ បានបង្ហើបថា របរនេះអាច​រកចំណូល​បាន​ពី​១៥-២០ ម៉ឺន​ដុល្លារ ក្នុង​មួយ​ឆ្នាំ ស្រប​ពេល​ទីផ្សារ​ក្រពើ​របស់​កម្ពុជា​កំពុង​មាន​សក្ដានុពល​។

    ​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​របស់​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ នា​​ថ្ងៃ​ទី​២៧ មករា​នេះ លោក ខូយ ឈីន ដែល​ជា​ម្ចាស់​កសិដ្ឋាន​ខាង​លើ​បាន​ឲ្យដឹង​ថា ទីផ្សារ​បច្ចុប្បន្ន​កូន​ក្រពើ​ មួយ​ក្បាល​លក់បានតម្លៃ​ពី​១៥ ទៅ​២០ដុល្លារ ​ចិញ្ចឹម​បាន​អាយុ ​៣ឆ្នាំ​តម្លៃ​ ៥ ទៅ​៦ដុល្លារក្នុង​មួយ​គីឡូ​ ហើយ​ជា​បច្ចេកទេស​ក្រពើ​ ចិញ្ចឹម​ដល់​អាយុ ៣ឆ្នាំ ​ទើប​​ស្បែក​របស់​វា​មាន​គុណភាព​ល្អ​ត្រូវ​តាម​ស្តង់ដារ​ទីផ្សារ​នាំចេញ​។

    ​​​​លោក ខូយ ឈីន ​បាន​បញ្ជាក់​ថា ​ជាមធ្យម​ក្នុង​មួយ​ឆ្នាំ ​កសិដ្ឋាន​លោក​អាចរកបានចំណូលពី១៥-២០ ម៉ឺន​ដុល្លារ ​ដោយ​ការ​នាំចេញ​បាន ១ម៉ឺន ទៅ​ ១ម៉ឺន ៥ពាន់ក្បាល។ លោក​ថា​ សព្វ​ថ្ងៃ​កសិដ្ឋាន​មាន​មេ-បា ចំនួន​១២០០ ក្បាល និង​ជំទង់​ចំនួន ៣២០០ក្បាល ចិញ្ចឹម​លើ​ផ្ទៃដី ១៦០០០ម៉ែត្រការ៉េ ដោយ​បែងចែក​ជា​អាង​មេ-បា ពូជ កូន និង​ក្រពើ​ជំទង់។

    ​យ៉ាង​ណា​មិញ ជារួម​ក្នុង​មួយ​ឆ្នាំៗ ​​កម្ពុជា​បាន​នាំ​ចេញ​កូន​ក្រពើ​ប្រមាណ​ ៣២ម៉ឺនក្បាល​ក្នុង​នោះ​ទីផ្សារ​ភាគ​ច្រើន​ជា​ប្រទេស​វៀតណាម​ និង​ថៃ​។ ដោយ​មើល​ឃើញ​ទីផ្សារ​ក្រពើ​មាន​សក្ដានុពល​នេះ​​ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​បាន​ណែនាំ​ឲ្យ​កសិដ្ឋាន​សហការ​ជាមួយ​រដ្ឋបាល​ជលផល​ដើម្បី​អនុវត្ត​ការងារ​បច្ចេកទេស​បន្ថែម​ ​ច្បាប់​ការងារ​សាយ​តេស្ត​ និង​ទីផ្សារ​ធ្វើ​យ៉ាងណា​ជំរុញ​ទីផ្សារ​ក្រពើ​កម្ពុជា​ឲ្យ​បាន​ទូលំទូលាយ ​ពិសេស​ទីផ្សារ​ចិន​។ ​ម៉្យាងវិញទៀត គួរខិតខំប្រឹងប្រែង​ឲ្យ​អស់លទ្ធភាព​ទាំងការងារ​ផលិតកម្ម ​និង​កែច្នៃ ប្រសើរ​ជាង​នាំចេញកូន ​និង​មេ-បាពូជ​ ដើម្បី​បង្កើនតម្លៃបន្ថែម​ បង្កើត​ការងារ​ជូន​ដល់ពលរដ្ឋ​នៅមូលដ្ឋាន​ ហើយ​គួរសិក្សា​ពីលទ្ធភាព​ចិញ្ចឹមបង្កង​ដើម្បី​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ខេត្តសៀមរាប​៕

    ប្រភព៖ ក្រសួងកសិកម្ម

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ