• កុំចេះតែឆ្ងាញ់! រកឃើញនំ​ស្នូល​សណ្តែក​បន្ទះ នាំចូលពីវៀតណាម មានផ្ទុកសារធាតុគីមី ប៉ះពាល់ខ្លាំងដល់សុខភាព នៅខេត្តស្វាយរៀង

    (ស្វាយរៀង)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយយោធាកងវរសេនាតូចលេខ២ នាវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានចុះពិនិត្យទំនិញ នាំចូលពីប្រទេសវៀតណាម តាមច្រកកំពង់ស្ពាន ក្រុងបាវិត ខេត្តស្វាយរៀង។ ក្នុងនោះមន្ត្រីជំនាញបានធ្វើ Test kits បឋមលើទំនិញ២៨គំរូ (ផ្តោតសំខាន់លើចំណីអាហារ) នៅចំពោះមុខអាជីវករនាំចូល ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់។

    លោក ផឹង និល ប្រធានសាខាកាំកុងត្រូល ខេត្តស្វាយរៀង បានថ្លែងប្រាប់ភ្នាក់ងារ ប្រចាំខេត្តស្វាយរៀង ឲ្យដឹងថា ជាលទ្ធផលក្រោយចុះអនុវត្តការងារ មន្ត្រីជំនាញ បានដកហូតនំស្នូលសណ្តែកបន្ទះ ចំនួន៣គីឡូក្រាម មានផ្ទុកសារធាតុគីមី Borax ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ ហើយនំទាំងនោះ មន្ត្រីធ្វើការកំទេចចោលភ្លាមៗផងដែរ។

    ប្រធានសាខាកាំកុងត្រូល ខេត្តស្វាយរៀង រូបនេះ បានបញ្ជាក់ថា សារធាតុ Borax នេះ គឺធ្វើឲ្យប៉ះពាល់ដល់សុខភាពដូចជា ខូចក្រពះពោះវៀន ក្រលៀន និងអាចបង្កទៅជាមហារីក ធ្វើឲ្យបែកឈាម តាមរោមយ៉ាងធ្ងន់ធ្ងរទៀតផង។

    ជាមួយគ្នានោះ លោក ផឹង និល ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទ ឲ្យបានច្បាស់លាស់មុនទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់ សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល បានសន្យានឹងបន្តចុះពិនិត្យទំនិញ នៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានញឹកញាប់បន្ថែមទៀត៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ