• ស្តែងៗ ថតបានវីដេអូ ស្រែករកម៉ែជួយ មុនពេលក្រឡាប់ឡាននៅកោះកុង (មានវីដេអូ)

    ​នៅ​មុន​នេះ​បន្តិច ​វីដេអូ​ក្រុម​តន្ត្រី​សម័យ​ស្រី​ពៅ ​ដែល​ក្រឡាប់​នៅ​លើ​ផ្លូវ​កោង​នៅ​ខេត្ត​កោះ​កុង ​ត្រូវ​បាន​គេ​ចែក​ចាយ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ​ជា​មួយ​សម្លេង​ស្រែក​យំ ​ស្រែក​យំ ស្រែក​ហៅ​ឲ្យ​ម៉ែ​ជួយ ពេល​រថយន្ត​គ្រប់​គ្រង​​លែង​ជាប់។

    ​អ្នក​បង្ហោះ​វីដេអូ​ឈ្មោះ សិរីសុខុម ​ដែល​ជា​ជាង​ថត​វីដេអូ​តាម​រោង​ការ​ម្នាក់​ប្រចាំ​ខេត្ត​កំពង់​ស្ពឺ ដែល​បង្ហោះ​វីដេអូ​នេះ បាន​អះ​អាង​ថា មូល​ហេតុ​នៃ​គ្រោះ​ថ្នាក់ ដោយ​សារ​ផ្លូវកោង​ខ្លាំង ហេីយ​ឡេីង​ចុះ ដល់​ពេល​ចុះ​ចំណោត​ល្បឿន​ឡាន​កាន់​តែ​លឿន តៃ​កុង​ព្យាយាម​ជាន់ហ្វ្រាង ​តែ​មិន​សុី រួច​ក៍​គ្រប់​គ្រង​ស្ថាន​ភាព​លេង​បាន​ទៅ ​នាំ​ឲ្យ​ក្រឡាប់​មួយ​ទំហឹង​តែ​ម្ដង។

    គួរ​បញ្ជាក់​ថា មនុស្ស​ចំនួន ៦នាក់​បាន​ស្លាប់​ ដោយ​ ៤​នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​២នាក់​នៅមន្ទីរពេទ្យ​​ ចំណែក​មនុស្សជាង​​ ១០​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ និង​ស្រាល ក្នុង​ករណី​រថយន្ត​មួយ​គ្រឿង​ក្រឡាប់​ដោយ​ខ្លួនឯង នៅ​ចំណុច​អន្ទង់អាំង ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​ ៦១-៦២ ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ ស្ថិត​ក្នុងភូមិ​ជី​មា​ល ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ ​ខេត្តកោះកុង កាលពី​វេលា​ម៉ោង​ ១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី ​២៣ ធ្នូ ឆ្នាំ​២០១៨ ។

    តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​ប៉ូលិស​ស្រុក​បានអោយ​ដឹង​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៤​នាក់​នៅ​នឹង​កន្លែង​កើតហេតុ​មាន​ដូច​ជា ១.ចាន់ ណា អាយុ ២១ឆ្នាំ ស្រី, ២. សា រឿន ៥៧ ប្រុស, ៣. ស្រីនាង ២៣ ស្រី និង​៤.សូយ ១៨ ប្រុស ឯ​២នាក់​ទៀត​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​​ យើង​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ។

    សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា រថយន្ត​រង​គ្រោះ ជា​រថយន្ត​ប្រភេទ​កូរ៉េ​ ២​តោន​កន្លះ ពណ៌​ស បើកបរ​ពី​ខេត្តកំពង់ស្ពឺ ឆ្ពោះទៅ​ខេត្តកោះកុង ជា​រថយន្ត​ក្រុម​តន្ត្រី​ដើម្បី​ទៅ​ច្រៀង​ក្នុង​ពិធី​ម​ង្គ​ការ​របស់​ប្រជាពលរដ្ឋ នៅ​ឃុំ​ត្រពាំងរូង ស្រុក​កោះកុង លុះ​មក​ដល់​ចំណុច​កើតហេតុ បណ្តាល​មក​ពី​អ្នកបើកបរ​មិន​ស្គាល់​ភូមិសាស្ត្រ​ច្បាស់លាស់ និង​បើកបរ​ក្នុង​ល្បឿន​លឿន ពេល​ចុះ​ចំណោត​ជាន់​ហ្វ្រាំង​មិន​ស៊ី ដាក់​លេខ​ទប់​មិន​ចូល ទើប​​ជ្រុល​ចង្កូត​ក្រឡាប់​ធ្លាក់​ជ្រោះ​តែ​ម្តង​។

    បច្ចុប្បន្ន ជន​រង​គ្រោះ​ទាំងអស់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ ​តាម​ប្រជាពល​រដ្ឋ​រស់​នៅ​ក្បែរ​នោះ​បាន​ឲ្យ​ដឹង​ថា ​ផ្លូវ​កោង​ចំណុច​នេះ​តែង​តែ​ធ្វើ​ឲ្យ​រថយន្ត​ក្រឡាប់​ជា​ច្រើន​គ្រឿង​មក​ហើយ ពិសេស​អ្នក​ដំណើរ​មិន​ធ្លាប់​ស្គាល់​ទីតាំង​នេះ។ ​ចំណែក​ក្រុម​តន្ត្រី​សម័យ ឬ​និយម​ហៅ​ក្រុម​អ័កកេស​នេះ​ឈ្មោះ ​តន្ត្រី​ស្រីពៅ​ជា​ក្រុម​តន្រ្តី​ដ៏​ពេញ​និយម​មួយ​ប្រចាំ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ៕

    ប្រភព៖ angkorpost

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ