កំពង់ឆ្នាំង ៖ ចំណាត់ការរបស់អភិបាលខេត្តកំពង់ឆ្នាំង មានភាពកម្សោយទៅលើឈ្មោះ ចាន់ គៀន យកគ្រឿងចក្រឈូសឆាយរំលោភយកដីគម្របព្រៃ របស់រដ្ឋរាប់ពាន់ហិកតា លក់ឲ្យក្រុមហ៊ុនចិនដដែល ។
ថ្មីៗនេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានធ្វើការព្រមានចំៗ យ៉ាងចាស់ដៃ នៅចំពោះមុខចៅហ្វាយស្រុក ប្រធានមន្ទីរ ជំនាញ និងកងកម្លាំងទាំង៣ប្រភេទ ពាក់ព័ន្ធរឿងរំលោភដីរដ្ឋ និងបទល្មើសនេសាទខុសច្បាប់ តែការព្រមាននេះ មិនទាន់បានឃើញអនុវត្ដន៍ឲ្យមានប្រសិទ្ធភាពនៅឡើយទេ។ ដូច្នេះ មានការអំពាវនាវ ដល់អង្គភាពប្រឆាំងអំពើពុករលួយ គួរតែស៊ើបអង្កេតលើមន្ត្រីមួយចំនួន ក្នុងស្រុកទឹកផុស និងឈ្មួញដី យកមកផ្តន្ទាទោសតាមច្បាប់ ?
សេចក្តីរាយការណ៍ បានឲ្យដឹងថា បុគ្គលម្នាក់ ចាន់ កៀន មេការរៀបដីរដ្ឋ មានទីលំនៅ ភូមិទំម្ព័រ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ឃុបឃិតគ្នាជាមួយមន្ត្រីមួយចំនួនរៀបចំដីព្រៃ របស់រដ្ឋ (ពីមុន+បច្ចុប្បន្ន) ជាង៣០០០ហិកតា លក់ឲ្យក្រុមហ៊ុនចិន អំពើពុករលួយមានលក្ខណៈជាប្រព័ន្ធ ប៉ុន្តែមិនមានដីគ្រប់ចំនួន ទើបធ្វើសកម្មភាព បន្ថែមទៀត ។ បុគ្គលរូបនេះ ប្រភពបានបង្ហើបទៀតថា បានរៀបចំដីឲ្យទៅឈ្មោះ ព្រហ្ម ហួយ បន្តលក់ក្រុមហ៊ុនចិន នៅក្នុងតំបន់នោះ ដោយមានមន្ត្រីមួយចំនួនក្នុងសាលាស្រុកជួយជ្រោមជ្រែង។
សេចក្ដីរាយការណ៍ បានបន្ដថា ដីគម្របព្រៃឈើរបស់រដ្ឋ ដែលកំពុងរងការរំលោភបំពាន ជាច្រើនពាន់ហិកតា ស្ថិតនៅចំណុចភ្នំពាមលោក និង សូរិយ៉ា ក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ជ្រកក្រោមលេសផ្សេងៗ ដើម្បីបន្លំភ្នែកថ្នាក់លើ យកដីទៅលក់ឲ្យឈ្មួញក្នុងតម្លៃ២ពាន់ដុល្លារ ក្នុង១ហិកតា ដែលមានមន្ត្រីខ្លះ ស្ថិតក្នុងស្ថាប័នរដ្ឋជួយជ្រោមជ្រែង។
លោក ងិន ហ៊ុន ប្រធានមន្ទីរ កសិកម្មខេត្ត បានទទួលស្គាល់ថា ពិតជាឈូសឆាយរំលោភយកដីព្រៃរបស់រដ្ឋ ហើយលោកមិនបានអនុញ្ញាតឲ្យបុគ្គល ដែលបានប្រព្រឹត្ត រួចពីច្បាប់បានឡើយ ។ បើអត់មាន ការរំលោភដីរដ្ឋហេតុអ្វី បានជាជំនាញ ចាប់គ្រឿងចក្រទាំងនោះ (អាប៊ុល៣គ្រឿង ? រដ្ឋបាលសាលាស្រុកទឹកផុស ឆ្លើយមកៗ?
ទាក់ទិនបញ្ហាខាងលើនេះ ប្រជាពលរដ្ឋ ស្នើសុំឲ្យមានវិធានការស្រាវជ្រាវ ស៊ើបអង្កេតឲ្យបានស៊ីជម្រៅ នៅលើទីតាំងដី ប្រមាណជិត៣ពាន់ ហិកតា ដែលក្រុមហ៊ុនចិន កំពុងគ្រប់គ្រងស្ថិតក្នុងភូមិសាស្ត្រឃុំក្រាំងស្គារ ស្រុកទឹកផុស ដោយមានការចូលរួមពីអ្នកសារព័ត៌មានថតឡាយផ្ទាល់ផងដែរ។
សូមបញ្ជាក់ផងដែរថា ក្រោយពីការចុះផ្សាយព័ត៌មាន នៅថ្ងៃទី១៣ធ្នូ២០១៨ កន្លងមក មានកិច្ចប្រជុំ មួយរវាងសមត្ថកិច្ចស្រុកទឹកផុស និងមន្ត្រីជំនាញ និងអ្នកសារ័ព៌មាន ជាមួយអ្នកនាំពាក្យសាលាខេត្ត នៅមន្ទីព័ត៌មាន មកដល់ពេលនេះ ព័ត៌មានបានស្ងាត់ រឿងចុះផ្សាយពីករណីឈូសឆាយដីគម្របព្រៃឈើរបស់រដ្ឋ តែការធ្វើសកម្មភាពនៅដដែលពីក្រុមឈ្មួញ នេះបើ យោងតាមប្រភពបានបង្ហើបឲ្យដឹងនៅរសៀលថ្ងៃទី២៤ ធ្នូ ២០១៨៕
ប្រភព៖ BTV