• វិមាន ឈ្នះ​ឈ្នះ ​នឹង​ដាក់​ក្នុង​កម្មវិធី​សិក្សា​ នៃ​ក្រសួង​អប់រំ​ និង​កម្ម​វិធី​សិក្សា​ របស់​កង​ទ័ព

    ភ្នំពេញ៖ នាយ​ឧត្ដមសេនីយ៍ ណឹ​ម សុវត្ថិ ប្រធាន​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​សាងសង់​សំណង់​វិមាន​ ឈ្នះ​ឈ្នះ និង​ជា​អគ្គនាយក​នយោបាយ ​និង​កិច្ចការ​បទេស​នៃ​ក្រសួងការពារជាតិ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ​សំណង់​វិមាន ឈ្នះ​ឈ្នះ ​អាច​នឹង​ដាក់​ក្នុង​កម្មវិធីសិក្សារបស់​ក្រសួង​អប់រំ​យុវជន ​និង​កីឡា និង​ក្នុង​កម្មសិក្សា​របស់​កង​ទ័ព​នា​ពេល​ខាង​មុខ​នេះ ដោយ​សារ​វិមាន​នេះ​ប្រៀប​បាន​ដូច​ជា​ មជ្ឈ​មណ្ឌល​ផ្ទុក​ឯកសារ​របស់​ជាតិ​ទាំងមូល​ដែរ​នោះ​។

    ថ្លែង​នៅ​ក្នុង​សន្និសីទ​ទាក់ទង​ជុំវិញ​ នៃ​ការ​សាងសង់​វិមាន ឈ្នះ​ឈ្នះ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​នៅ​ពីមុខ​សំណង់​វិមាន ឈ្នះ​ឈ្នះ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ណឹ​ម សុវត្ថិ បាន​បញ្ជាក់​ទៀត​ថា វិមាន ឈ្នះ​ឈ្នះ​ នេះ​គឺ​តំណាង​ឲ្យ​វីរភាព​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ​ដែលសម្ដេច​បាន​នាំ​ប្រទេស​មក​នូវ​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ ហើយ​វិមាន​នេះ​ក៏​ជា​មជ្ឈមណ្ឌល​ដ៏​ធំ​មួយ ​ផ្ទុក​នូវឯកសារ​ដ៏​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ​ក៏ដូចជា​សម្ដេច​តេ​ជោ ហ៊ុន សែន​ទាំងមូល​ផង​ដែរ​។​

    វិមាន​ ឈ្នះ​ឈ្នះ បាន​ចាប់ផ្ដើម​សាង​សង់​ឡើង​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដោយ​ទំហំ​ដី​ ៨​ហិច​តាស្ថិតនៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា​រាជធានី​ភ្នំពេញ ហើយ​នឹង​ត្រូវ​សម្ពោធ​ជា​ផ្លូវការ​ចំនួន​៣ ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​២៩ ​ដល់​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ​ឆ្នាំ​២០១៨​ ខាងមុខនេះ និង​ចំ​ថ្ងៃ​ដែល​រាជ​រដ្ឋាភិបាល​ប្រារព្ធ​ពិធី​ខួប​ ២០​ឆ្នាំ​នៃ​គោ​លន​យ​បាយ​ឈ្នះ ឈ្នះ​ផង​ដែរ ​ដោយ​កម្មវិធី​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

    សំណង់​វិមាន ឈ្នះ​ឈ្នះ​ នេះ​តំណាង​ឲ្យ​វីរភាព​របស់​សម​មិត្ត​ហ៊ុន សែន​ ដែល​ហ៊ាន​ប្រថុយ​ជីវិត​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម ដើម្បី​ស្នើសុំ​កម្លាំង​ភាគី​វៀតណាម​ជួយ​ផ្ដួល​រំលំ ​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត​។ មួយវិញទៀត​ការសាងសង់​វិមាន ឈ្នះ​ឈ្នះ​ នេះគឺ​ដើម្បី​រំឭក​ដល់​គុណូបការៈ របស់​បុព្វបុរស​ខ្មែរ​គ្រប់​សម័យ​កាល ​ដែល​បាន​លះបង់​ជីវិតក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​ផងដែរ ហើយ​រួម​ទាំង​ជា​និម្មិត​រូបនៃ​សុខ​សន្តិភាព ​ដែល​កម្ពុជា​ទទួល​បាន​ក្រោយពី​បញ្ចប់​សង្គ្រាមស៊ីវិល ​ដ៏​រ៉ាំរ៉ៃ​ជាច្រើន​ទសវត្សរ៍​កន្លងមក និង​ក៏​ទុកជា​កេរ​មរតក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ជាដើម​ផង​ដែរ​។​

    ​ជាមួយគ្នា​នោះ​ដែរ​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ណឹ​ម សុវត្ថិ ក៏បាន​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​រូបចម្លាក់​ដែល​ឆ្លាក់​ព័ទ្ធជុំវិញ​នៃ​វិមាន​ គឺ​ភាគច្រើន​និយាយ​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា ​ក្នុង​អំឡុង​ទសវត្សរ៍ ៨០​ និង​ ៩០ ​ជាពិសេស​គឺ​និយាយ​អំពី​ដំណើរ​របស់​សម​មិត្ត​ហ៊ុន សែន​ និង​យុទ្ធមិត្ត​ផ្សេងទៀត​ ដែល​បាន​ចាប់ផ្ដើម​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​វៀតណាម ​ដើម្បី​ស្នើ​សុំ​កម្លាំង​ភាគី​វៀតណាម​ជួយ​រំដោះ​ប្រទេស​កម្ពុជា​ ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ពត និង​ដំណើរ​រឿង​របស់​កម្ពុជា​ចាប់​តាំង​ពី​ទសវត្សរ៍​ទី​៧០ រហូត​មកដល់​សព្វ​ថ្ងៃ​នេះ​ជា​ដើម​៕

    ប្រភព៖ BTV

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ