• អំពាវនាវបន្ថែម ​អោយ​ប្រជាពលរដ្ឋ​ ជួយផ្តល់ព័ត៍មាន «គ្រលុក​សម្បុកមាន់» ដើម្បីធ្វើការជួសជុល ទ្រង់ទ្រាយធំ

    ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​អំពាវ​អោយ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ប្រាប់​ផ្តល់​ព័ត៌មាន​ទីតាំង​ជង្ហុក​ដែល​បងប្អូន​ឃើញ ដោយ​ភ្ជាប់​ជាមួយ​រូបភាព​បញ្ជាក់​នូវ​ទីតាំង​ភូមិសាស្ត្រ ផ្លូវ សង្កាត់ និង​ខណ្ឌ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ក្រុម​ការងារ​ងាយស្រួល​ដោះស្រាយ​ជួសជុល​ជូន ខណៈ​ដែល​យុទ្ធនាការ​ជួសជុល​ជង្ហុក (​គ្រលុក​សម្បុកមាន់​) តាម​ដងផ្លូវ​សាធារណៈ​បាន​នឹង​កំពុង​ចាប់ផ្តើម​ជា​ទ្រង់ទ្រាយ​ធំ​។​

    លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ប្រាប់ ឱ្យដឹងថា យុទ្ធនាការ​ជួសជុល​ជង្ហុក (​គ្រលុក​សម្បុកមាន់​) តាម​ដងផ្លូវ​សាធារណៈ​បាន​ចាប់ផ្តើម​ហើយ ដូច​ជា​សកម្មភាព​ជួសជុល​គ្រលុក​សំបុកមាន់​នៅ​ផ្លូវ​លេខ​៥៥២ ផ្លូវ​លេខ​២៧១ និង​ផ្លូវ​លេខ​២៧៣ ចុះ​ទៅ​ម្តុំ​ទួល​សង្កែ​។​

    ​លោក សាំ ពិសិដ្ឋ បាន​បន្ថែមទៀតថា យោងតាម​ណែនាំ​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី កន្លងមកនេះ​ការជួសជុល​គ្រលុក​សំបុក​ផ្លូវ​ក្នុង​ខណ្ឌ​៤​ក្នុង​ក្រុង មាន​ខណ្ឌចំការមន ៧​មករា ទួលគោក និង​ដូនពេញ គិត​ត្រឹម​ថ្ងៃ​នេះ​សម្រេចបាន ៩០%​រួចហើយ នៅ​សល់​​ជង្ហុក​តិចតួច​ប៉ុណ្ណោះ ដែល​យើង​កំពុង​ជួសជុល​ចំនួន ៦​ក្រុម និង​ក៏​មាន​ក្រុម​អ៊ុត​កៅស៊ូ​ថ្នល់​ចំនួន ២៣​ខ្សែ​ក៏​កំពុង​ចាប់ផ្តើម​។ ឯ​ខណ្ឌ​ជាយក្រុង យើង​មាន​ក្រុម​ជួសជុល​ផ្លូវ​បេតុង ១​ក្រុម ហើយ​យើង​នឹង​បង្កើន​ឱ្យដល់ ៤​ក្រុម​ឆាប់ៗ​នេះ​។​

    ប្រធាន​មន្ទីរ​រូប​នេះ​បញ្ជាក់ថា កាលពី​ថ្ងៃ​២១ ធ្នូ ២០១៨ យើង​ចុះ​ជួសជុល និង​អ៊ុត​កៅស៊ូ​ផ្លូវ​លេខ ១៣៨ ២០៤ . ៣០៦ . ៤០០ . ១៨០០ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៦ ផ្លូវ​បេតុង​អង្គ​តា​មិញ និង​វត្តភ្នំ ជួសជុល​អ៊ុត​កៅស៊ូ​ផ្លូូវ​លេខ ២០៤ ក្នង​ខណ្ឌទួលគោក។ ​ដូច្នេះ​ក្នុង​នាម​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក​សូម​អោយ​បងប្អូន​ចូលរួម​ផ្តល់​ព័ត៌មាន​ទីតាំង​ជង្ហុក​ដែល​បងប្អូន​ឃើញ ដោយ​ភ្ជាប់​ជាមួយ​រូបភាព​បញ្ជាក់​នូវ​ទីតាំង​ភូមិសាស្ត្រ ផ្លូវ សង្កាត់ និង​ខណ្ឌ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ក្រុម​ការងារ​ងាយស្រួល​ដោះស្រាយ​ជួសជុល​ជូន​៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ