• អស្ចារ្យណាស់! គម្រោងផ្លូវ​ល្បឿនលឿន​ពី ភ្នំពេញ-បាវិត បញ្ចប់​ការសិក្សា​រួចរាល់ គ្រោងចំណាយ​ថវិកាជិត​ ៤ពាន់លានដុល្លារ​

    (ភ្នំពេញ)៖ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា រហូត មកដល់ពេលនេះ ការសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅបាវិត ព្រំដែនកម្ពុជា-វៀតណាម បានសិក្សារួច រាល់ចប់សព្វគ្រប់អស់ហើយ ដែលត្រូវចំណាយថវិកាធ្វើអស់ប្រមាណ៣,៨០០លានដុល្លារ សម្រាប់សាងសង់។ នេះបើតាមការចុះផ្សាយរបស់ AKP។

    លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងបែបនេះ ក្នុងឱកាសដែលបានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ ចំណតកំពង់ផែកុងតឺន័រ LM១៧ ជំហានទី២ នៃគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធ របស់ កំពង់ផែស្វយ័តភ្នំពេញ ស្ថិតនៅភូមិ កណ្តាលលើ ឃុំបណ្តាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

    លោក ស៊ុន ចាន់ថុល បានថ្លែងថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យទីភ្នាក់ងារសហប្រតិបត្តិការ អន្ដរជាតិនៃ ប្រទេសជប៉ុន (JICA) ធ្វើការសិក្សាផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញទៅបាវិត ដែលមានចម្ងាយផ្លូវប្រវែង ១៦០គីឡូម៉ែត្រ ដើម្បីធ្វើការសាងសង់ផ្លូវនេះ។ បន្ទាប់ពីធ្វើការសិក្សារួច ផ្លូវនេះនឹងត្រូវចំណាយ ថវិកាប្រមាណ៣,៨០០លានដុល្លារ ដែលការចំណាយយ៉ាងច្រើនបែបនេះ ដោយសារតែផ្លូវដែលត្រូវសាងសង់ គឺមានលិចទឹក ហើយកាត់តាមបឹង ឬតំបន់លិចទឹកច្រើន ដែលមានប្រវែងរហូតដល់៨០គីឡូម៉ែត្រ បានធ្វើ ឱ្យតម្លៃក្នុងការចំណាយសាងសង់ច្រើន។

    លោកបានលើកឡើងថា បើប្រៀបធៀបទៅនឹងការសាងសង់ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅខេត្ដ ព្រះសីហនុ ដែលមានប្រវែង១៩០គីឡូម៉ែត្រនោះ គឺចំណាយថវិកាប្រមាណតែ២,០០០លានដុល្លារប៉ុណ្ណោះ ដោយសារផ្លូវនេះ មិនមានការសាងសង់ឆ្លងកាត់បឹង ឬតំបន់លិចទឹក ដូចផ្លូវល្បឿនលឿនភ្នំពេញ ទៅបាវិត។

    លោកបានបន្ដថា ដោយសារតែទំហំទឹកប្រាក់ ក្នុងការចំណាយសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិតនេះ គឺមានចំនួនច្រើនពេកនោះ រាជរដ្ឋាភិបាលមិនទាន់សម្រេចធ្វើការសាងសង់ ឬយ៉ាងណាទេ ដោយកំពុងតែ ស្វែងរកដៃគូវិនិយោគពីវិស័យឯកជន ដើម្បីកសាងផ្លូវនេះ។

    ជាមួយគ្នានេះដែរ សម្រាប់ផ្លូវជាតិលេខ១ រាជរដ្ឋាភិបាលក៏ដូចជា ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យអង្គការ JICA ធ្វើការសិក្សា ដើម្បីពង្រីកបន្ថែមឱ្យបានធំទូលាយ ក្នុងការចូលរួមកាត់ បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសរថយន្ដដឹកជញ្ជូនទំនិញឆ្លងកាត់តាមផ្លូវនេះឱ្យមានសុវត្ថិភាព។ ក្រៅពីការ សិក្សាផ្លូវជាតិលេខ១ អង្គការ JICA ក៏កំពុងសិក្សានៅក្នុងរាជធានីភ្នំពេញ ដែលសិក្សាបញ្ចប់នៅចុងឆ្នាំ២០១៩ ខាងមុខ ដើម្បីសាងសង់ ផ្លូវរថភ្លើងលើអាកាស ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅ ក្នុងរាជធានីភ្នំពេញផងដែរ។ ការសាងសង់ផ្លូវរថភ្លើងលើអាកាសនេះ គឺមានតម្លៃថ្លៃណាស់ ដោយតាមការសិក្សា ប៉ាន់ប្រមាណរបស់អង្គការ JICA គឺក្នុងចម្ងាយផ្លូវប្រវែង១៨គីឡូម៉ែត្រ ត្រូវចំណាយថវិកាប្រមាណ ១,២០០លានដុល្លារ។

    លោកទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដការកសាង ហេដ្ឋារចនា សម្ព័ន្ធជាច្រើនទៀត ជាពិសេសការរៀបចំផែនការយុទ្ធសាស្រ្ដ ដោយផ្ដោតសំខាន់ៗលើការអភិវឌ្ឍ ការដឹកជញ្ជូន តាមផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ដើម្បីសម្រួលដល់មធ្យោបាយ ដឹកជញ្ជូនទំនិញ និងការធ្វើចរាចរណ៍ប្រកប ដោយសុវត្ថិភាព កាត់បន្ថយតម្លៃដឹកជញ្ជូនជាមួយនឹងសេវាលឿនរហ័ស និងកាន់តែមានប្រសិទ្ធភាព សម្រាប់ ចូលរួមធ្វើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ